១០ នាទីមានន័យ ល្មមរុញឲ្យ Barcelona រកបានគ្រាប់ពេជ្រថ្មី អត់ចាយមួយរៀលមកស្នងតំណែង Dembele

នាយក​ផ្នែក​កីឡា​របស់​ក្លឹប​ Barcelona លោក Alemany បាន​បញ្ជាក់​ច្បាស់​ថា កិច្ច​ព្រមព្រៀង​ផ្ទេរ​ Ousmane Dembele ទៅ​កាន់​ក្លឹប​ Paris Saint-Germain គឺ​គ្រប់​យ៉ាង​សម្រេច​ទៅ​រួចរាល់​អស់​ហើយ នេះ​រង់ចាំ​តែ​ថ្ងៃ​ប្រកាស​ផ្លូវការ​តែ​ប៉ុណ្ណោះ​ឯង។ យ៉ាង​ណា​ងាក​ទៅ​ប្រកួត​ដណ្តើម​ពាន​រង្វាន់​ Joan Gamper Trophy កាល​ពី​យប់មិញ ក៏​ស្រាប់​តែ​អ្នក​គាំទ្រ​បាន​ទទួល​ស្គាល់​គ្រប់ៗ​គ្នា និង​ហ៊ាន​អះអាង​ថា អ្នក​មាន​បុណ្យ​មិន​បាច់​ទៅ​ក្រវែល​អ្នក​ថ្មី​ឯ​ណា​ឆ្ងាយ នេះ​ក្លឹប​អាច​រក​ឃើញហើយ អ្នក​ត្រូវមក​ស្នង​តំណែង​ខ្សែ​ប្រយុទ្ធ​បារាំង​ខាង​លើ​។

នោះ​គឺ​យុវជន​វ័យ ១៦ ឆ្នាំ សញ្ជាតិ​អេស្ប៉ាញ លេង​តំណែង​ប្រយុទ្ធ​ស្លាប​ស្តាំ Lamine Yamal ដែល​នៅ​នាទី ៨០ គេ​ត្រូវ​បាន​អ្នកចាត់ការ​លោក Xavi Hernandez ប្តូរ​ចូល​ជំនួស​ Eric Garcia ​ពោល​មក​បន្ថែម​កម្លាំង​ប្រយុទ្ធ ក្រោយ​ពេល​ដែល​ក្លឹប Spurs បើក​ការ​នាំ​មុខ ២-១។ ត្រឹម​ចន្លោះ​ពេល​ជាង ១០ នាទី​មុន​ចប់​ការ​ប្រកួត រឿង​ភ្ញាក់ផ្អើល​បាន​កើត​ឡើង ហើយ​វា​បាន​នាំ​ជ័យជម្នះ​ត្រលប់​មក​វិញ​ដល់​ក្លឹប​ម្ចាស់ផ្ទះ តែ​គួរ​អរគុណ​ជា​ពិសេស​ដល់​ឥទ្ធិពល​តារា​ឆ្នើម​វ័យ​ក្មេង​កូន​កាត់​សញ្ជាតិ​អេក្វាទ័រ​ហ្គីណេ។

នេះ​គ្រាប់​ពេជ្រ​គាស់​ចេញ​ពី​ថ្នាល​ La Masia ​គ្រាន់​តែ​ប្តូរ​ចូល​ភ្លាម រំលង​តែ​ជាង​មួយ​នាទី គេ​ក៏​បាន​អូស​បាល់​ឆ្លង​ចូល​ប្រអប់​ផ្នែក​ខាង​ស្តាំ បញ្ជូន​កើត​ជា​ការ Assist ដ៏​ល្អ ទៅ​កាន់​មិត្ត​រួម​ក្រុម Ferran Torres បញ្ចប់​ទី​បាន​សម្រេច នាំ​ឲ្យ​លទ្ធផល​ស្មើ ២-២។

អត់​ទាន់​ចប់​ត្រឹម​ប៉ុណ្ណឹង​ទេ កីឡាករ​ជំនាញ​ជើង​ឆ្វេង​ល្អ​មួយ​ចប់ ទាំង​បច្ចេកទេស​បណ្តើរ​បាល់ ញាក់​បាល់​ឆ្វេង​ស្តាំ ដូច​គ្នា​នឹង​ចង្កេះ​បង្វិលបាន ៣៦០ ដឺក្រេ ជាក់ស្តែង​ត្រង់​កន្លែង​នេះ កីឡាករ​បាន​ប្រើ​ក្បាច់​បញ្ឆោត​ដាច់​ចង្កេះ Sergio Reguilon ​បញ្ជូន​កូន​មាន់​ត្រលប់​ទៅ​អង់គ្លេស មុន​ស្កាត់​មួយ​ជើង​មក​ឲ្យ Torres រួច​បន្ត​ឲ្យ Ansu Fati អូស​យក​មក​ស៊ុត​បើក​ការ​នាំ​មុខ​វិញ​ទៅ​លើ Spurs។

ថា​ប៉ុណ្ណឹង​វា​អស្ចារ្យ​ណាស់​ទៅ​ហើយ ដល់​តែ​នាទី ៩៤ មាន​ចំណែក Yamal ​មក​ជា​ថ្មី​ម្តង​ទៀត សារ​នេះ​គេ​អូស​បាល់​ញាក់​ផុត​កូន​មាន់​ខ្នាយ​មាស​មួយ​រូប​ទៀត​នៅ​ផ្នែក​ខាង​ស្តាំ ហើយ​ឆ្លង​មក​លើ ដល់​កើត​គ្រាប់​បាល់​ទី​បួន សម្រេច​បាន​ដោយ​យុវជន Abede Ezzalzouli មុន​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត។ សរុប​មក​មាន​ន័យ​ថា ទាំង​គ្រាប់​បាល់​ទី ២ ទី ៣ និង​ទី ៤ របស់​អ្នក​មាន​បុណ្យ សុទ្ធ​ជា​ចំណែក​របស់​យុវជន​ខាង​លើ​តែ​ទាំង​អស់​ហ្នឹង។

នេះ​ពេលវេលា​ត្រឹម​ជាង ១០ នាទី បាន​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់ Lamine Yamal កាន់​តែ​ច្បាស់ ដឹង​កាន់​តែ​មុត​អំពី​ទេពកោសល្យ​កីឡាករ​កម្ពស់ ១,៨០ ម៉ែត្រ ហើយ​មតិ​របស់​អ្នក​គាំទ្រ​លើ​បណ្តាញ​សង្គម​ជា​ច្រើន ហៅ​គេ​ថា​ជា “គ្រាប់​ពេជ្រ La Masia” ដែល Barcelona មិន​ចាំ​បាច់​ចាយ​លុយ​ធំ យក​មក​បំពេញ​កន្លែង Dembele នោះ​ឯង។

សព្វថ្ងៃ​គេ​មាន​ឈ្មោះ​នៅ​ឈុត Barca U19 មិន​ទាន់​ទទួល​បាន​កុងត្រា​នៅ​ឈុត​ធំ​នៅ​ឡើយ តែ​តាម​ភាព​ល្បីល្បាញ​ប៉ុណ្ណេះ​ហើយ ជឿ​ថា អត់​យូរ​ទៀត​ទេ គេ​នឹង​ទទួល​បាន​កាដូ​ប៉ះប៉ូវ​ដូច​ជំនាន់​ Ansu Fati, Pedri និង Gavi ងើប​មក​ឈុត​ធំ​យ៉ាង​ដូច្នោះ​ដែរ។

បន្ទាប់​ការ​លើក​ពាន​មុន​បើក​រដូវ​កាល បន្ត​ទៅ​ជំនួប​បន្ទាប់ ក្លឹប​ម្ចាស់ដី Camp Nou ត្រូវ​វិល​ចូល​រដូវ​កាល​នៃ​ក្របខ័ណ្ឌ La Liga ខណៈ​ជុំ​ទី ១ ត្រូវ​ជួប Getafe នា​វេលា​ម៉ោង ០២:៣០ នាទី​ទៀបភ្លឺ ឈាន​ចូល​ថ្ងៃ​ចន្ទ ទី ១៤ សីហា ក៏​នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS SPORTS៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT