ស្លា.ប់រស់​ព្រោះ​មាត់ កីឡាករ Inter Miami ម្នាក់​ត្រូវ​អស់​អាជីព ក្រោយ​ហ៊ាន​និយាយ​ប៉ះ​រឿង Messi

ជា​ការ​ពិត​ក្នុងនាមកីឡាករ​បាល់ទាត់​អាជីព គ្រប់​ពាក្យពេចន៍​និយាយ​ចេញ​ទៅ​ជា​សាធារណៈ ពួក​គេ​រមែង​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ណាស់ ត្រង់​បើ​ពាក្យ​ណា​ល្អ​ក៏​ផុត តែ​បើ​ជា​ពាក្យ​លក្ខណៈ​បន្ទាប​បង្អាប់​ឬ​ប៉ះពាល់​តម្លៃ​ត្រង់​ណា​មួយ​ដល់​ក្លឹប​ទាំង​មូល នោះ​ពួក​គេ​អាច​នឹង​ត្រូវ​អស់​អាជីព​ត្រឹម​មួយ​រំពេច​ក៏​ថា​បាន។

នេះ​វា​បាន​កើត​ឡើង​ថ្មីថ្មោង​មក​លើ​អ្នកចាំទី​សញ្ជាតិ​ហូឡង់ Nick Marsman ឈរ​ជើង​ឲ្យ Inter Miami ៣ ឆ្នាំ​ទៅ​ហើយ ចុះ​ឡើង​បែរ​ត្រូវ​បាន​ក្លឹប​ផ្តាច់​កុងត្រា​មុន​កាល​កំណត់ បន្ទាប់​តែ​ពាក្យសម្តី​ប៉ុន្មាន​ម៉ាត់ លើក​ឡើង​កាល​ខែ​មិថុនា ​ប្រាប់​ទៅ​កាន់​សារព័ត៌មាន ESPN។

កីឡាករ​វ័យ ៣២ ឆ្នាំ បាន​និយាយ​យ៉ាង​ដូច្នោះ​ថា៖ “នេះ​ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ក្លឹប​ Miami មិន​ទាន់​ត្រៀម​លក្ខណៈ​រួចរាល់​ទាំង​ស្រុង​ទេ សម្រាប់​ការ​មក​ដល់​របស់ Messi ត្រង់​កីឡដ្ឋាន​យើង​ប្រើប្រាស់​សព្វថ្ងៃ​ក៏​មិន​ទាន់​មាន​ប្រាកដប្រជា​ផង នេះ​មនុស្ស​ត្រឹម​ដើរ​ចុះ​ឡើង​លើ​ទីលាន ទាំង​ដែល​គ្មាន​របង​ថែម​ទៀត ហើយ​រាល់​ពេល​យើង​ចាកចេញ​ក៏​គ្មាន​ទាំង​ក្រុម​សន្តិសុខ​ចាំ​ការពារ ដូច្នេះ​ជា​រួម​មក គឺ​ក្លឹប​មិន​ទាន់​ត្រៀម​ខ្លួន​រួចរាល់នៅ​ឡើយ តែ​យ៉ាង​ណា​ក៏​ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​មក​ទៅ​ចុះ”។

ដល់​ហើយ​ស្រាប់​តែ​ជាង​មួយ​ខែ​បន្ទាប់​ដំណើរ​ផ្ទេរ​កីឡាករ​អាហ្សង់ទីន មក​កាន់ Miami ក៏​កើត​ឡើង​ជា​ផ្លូវការ នេះ​វា​ហាក់ផ្ទុយ​ស្រឡះ​តែ​អំពី​ការ​លើក​ឡើង​របស់ Marsman ហើយ​ជា​ការ​សម្រេច​របស់​ក្លឹប ​មក​ទល់​ថ្ងៃ​ទី ០៤ សីហា ក្រោម​ការ​ដឹកនាំ​ដោយ​ប្រធាន​លោក David Beckham ក៏​បាន​បង់ផ្តាច់​បញ្ចប់​កុងត្រា​អ្នកចាំទី​វ័យ ៣២ ឆ្នាំ​មុន​កាល​កំណត់។

គួរ​ឲ្យ​ដឹង​ថា នេះ​ជា​ការ​ចាកចេញ​ដ៏​ភ្ញាក់ផ្អើល​មួយ ដ្បិត​កន្លង​មក​មិន​ធ្លាប់​មាន​ចចាមអារ៉ាម​អវិជ្ជមាន​អ្វី​ផង ហើយ​ចាប់​តាំង​ការ​ចាកចេញ​ពី Feyenoord មក​ចុះចូល​នៅ​រដូវ​ក្តៅ ឆ្នាំ ២០២១ សរុប​ក៏​សង្រ្គោះ​បាល់​បាន ៨៨ លើក ឈរ​ជើង​ជាង ២ ៦០០ នាទី​លើ​ទីលាន។

ដូច្នេះ​សព្វថ្ងៃ Miami សេសសល់​អ្នកចាំទី ៣ រូប​ប៉ុណ្ណោះ រួម​មាន​ដៃ​ទី​មួយ Drake Callender កំពុង​ប្រើប្រាស់​យ៉ាង​សកម្ម និង​តួ​រង​តួ​បន្ទាប់​បន្សំ​ផ្សេង​ទៀត CJ dos Santos និង Cole Jensen។ ក្លឹប​កំពុង​ស្ថិត​ក្នុង​បេសកកម្ម​ប្រកួត​ពាន​រង្វាន់ Leagues Cup ឆ្លង​ផុត​ប៉ុន្មាន​ប្រកួត ឡើង​មក​ដល់​វគ្គ ៨ ក្រុម ត្រៀម​ប៉ះ Charlotte នា​ថ្ងៃ​សុក្រ ទី ១១ សីហា​ខាង​មុខ។

ជុំវិញ​ការ​ចាកចេញ​របស់ Marsman តាម​ថា​ក្រៅ​ពី​ការ​មិន​ពេញចិត្ត​នូវ​សម្តី​របស់​គេ​មក​លើ​លទ្ធភាព​របស់​ក្លឹប​ក្នុង​ការ​នាំ​យក Messi មួយ​ទៀត​សោត ក៏​ទំនង​ជា​ចង់​ទុក​ចន្លោះ​សម្រាប់​ការ​នាំ​ចូល​ចំណូល​ថ្មី​បន្ថែម ដ្បិត​កន្លង​មក យក​បាន​ហើយ Sergio Busquets និង Jordi Alba ក៏​ប៉ុន្តែ​តាម​ដំណឹង​ល្ហិចល្ហៀង អាច​ត្រៀម​យក Luis Suarez មក​បំពេញ​ជើង​តារា​ឆ្នើម​អាហ្សង់ទីន​មួយ​រូប​បន្ថែម​ទៀត។

ចុងក្រោយ​យើង​ទៅ​មើល​អាជីព​របស់​កីឡាករ​វ័យ ៣៦ ឆ្នាំ​បន្តិច ការ​មក​ចូលរួម​នៅ Miami រំលេច​តែ​ស្នាម​ញញឹម ភាព​សប្បាយ​រីករាយ​ខុស​ពី​កាល​នៅ PSG ហើយ​ត្រឹម​ ៤ ប្រកួត​ដំបូង ក៏​អាច​រក​បាន​ដល់​ទៅ ៧ គ្រាប់​និង Assist ១ រាប់​បញ្ចូល​ទាំង​ការ​ស៊ុត Free kick ដ៏​ល្អ​ពីរ​ជើង​ផង​ដែរ។

នេះ​ម្ចាស់​អាវ​លេខ ១០ មិន​ទាន់​បង្ហាញ​ខ្លួន​នៅ​ក្របខ័ណ្ឌ Major Soccer League នៅ​ឡើយ ពោល​ត្រូវ​រង់ចាំ​ដល់​ថ្ងៃ​ទី ២១ សីហា តែ​កុំ​មើល​កំណត់ត្រា​បាន​កើត​ឡើង​ជា​បណ្តើរៗ​បាត់​ទៅ​ហើយ។ ដូច​ចំនួន​គ្រាប់​បាល់ Messi កំពុង​មាន​ក្នុង​ដៃ រុញ​ឲ្យ​ឈរ​ឈ្មោះ​ជា Top Scorer លំដាប់​ទី​ ៤ ក្នុង​ប្រវត្តិសាស្រ្ត​ក្លឹប នេះ​នៅ​ចាញ់​តែ Robert Taylor ចំនួន ១ គ្រាប់ ចាញ់ Leonardo Campana ៩ គ្រាប់ និង​ចាញ់​មិត្ត​រួម​សញ្ជាតិ Gonzalo Higuain ២២ គ្រាប់ ជឿ​ថា​ត្រឹម​រដូវ​កាល​ដំបូង M10 ប្រាកដ​ធ្វើ​បាន​ដោយ​ឥត​ស្ទាក់ស្ទើរ​ជាក់​ជា​មិន​ខាន៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT