ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់បានឡើងដល់វគ្គ Semi-Final ពានរង្វាន់ UEFA Nations League ហើយ ក្រោយពីលេងបានស្មើក្រុមអ៊ីតាលី ០-០ ឈរកំពូលតារាងក្នុងពូល។ព័រទុយហ្គាល់ ដែលមិនមានវត្តមានរបស់ Cristiano Ronaldo ពិតជាធ្វើបានល្អមែនទែន ដោយអាចឈរនៅកំពូលតារាងតែម្ដង ក្រោយពីលេងស្មើអ៊ីតាលី ០-០។ ក្រុមរបស់លោក Fernando Santos លេងនៅពានរង្វាន់នេះ ទើបតែបាន៣ប្រកួតប៉ុណ្ណោះ ដោយមាន៧ពិន្ទុ ឈ្នះ២ស្មើ១ ខណៈដែលអ៊ីតាលីវិញ មានតែ៥ពិន្ទុ ហើយលេងដល់ទៅ៤ប្រកួតទៅហើយ។ ក្រុមបាតតារាងដែលលេង៣ប្រកួតដែរនោះគឺប៉ូឡូញមាន១ពិន្ទុ។ ដូច្នេះបើទោះជាព័រទុយហ្គាល់ត្រូវប្រកួតចុងក្រោយទល់ក្រុមប៉ូឡូញយ៉ាងនេះក្ដី ចាញ់ឬឈ្នះ ពួកគេនៅតែបានឡើងទៅវគ្គបន្ដដដែល។
គេសង្កេតឃើញថាក្រុមម្ចាស់ពានរង្វាន់ Euro 2016 លេងបានកាន់តែល្អនៅពេលដែលអត់មាន Ronaldo ។ ខ្សែប្រយុទ្ធម្ចាស់អាវលេខ៧នេះ បានបញ្ជាក់ថារូបគេនឹងចូលត្រលប់មកជម្រើសជាតិវិញនៅឆ្នាំ២០១៩ខាងមុខនេះ។
ការដើរចេញពីជម្រើសជាតិមួយរយៈនេះ ដោយសារតែរូបគេខកចិត្តជាមួយក្រុមកាលនៅ World Cup 2018 ៕
ប្រភព៖ DailyMail