លោក Zlatko Dalic គ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាត បញ្ជាក់ថាលោកនឹងជួបនិយាយជាមួយខ្សែការពារ Lovren ចំពោះឥរិយាបថរបស់កីឡាកររូបនេះ។Lovren ក្រោយពីយកឈ្នះលើក្រុមអេស្ប៉ាញបានហើយ រូបគេថែមទាំងនិយាយដៀមដាមដល់ Sergio Ramos នៅលើបណ្ដាញសង្គម Instagram ថែមទៀត។ កីឡាករ Liverpool រូបនេះ បញ្ជាក់ថារូបគេបានសម្លាប់ Ramos បានហើយ ដោយប្រើកែងរបស់ខ្លួន ក្នុងការប្រកួតដែលក្រូអាតយកឈ្នះអេស្ប៉ាញ ៣-២។ សម្ដីទាំងនេះ អាចនឹងត្រូវទទួលពិន័យពីខាង UEFA ថែមទៀតផង ព្រោះវាបានបង្ហាញពីការរើសអើង។
លោក Dalic ក៏និយាយចំពោះរឿងខាងលើដែរថា៖ “ខ្ញុំនឹងជួបនិយាយជាមួយគាត់តែ២នាក់។ ប៉ុន្តែវាជារឿងមិនអាចទម្លាយបាន ខ្ញុំមិនចង់ឱ្យគេដឹងថាខ្ញុំនិយាយអ្វីជាមួយគាត់ឡើយ”។ ការនិយាយដូច្នេះគឺគ្រូបង្វឹកខាងលើចង់ឱ្យក្រុមទាំងមូលផ្ដោតអារម្មណ៍លើការប្រកួតទល់អង់គ្លេសនៅរាត្រីនេះសិន។ ព្រោះថាវាជាការប្រកួតសំខាន់ បើក្រុមក្រូអាតអាចឈ្នះបាន នោះនឹងមានឱកាសឡើងទៅវគ្គបន្ដហើយក្នុងពានរង្វាន់ UEFA Nations League៕
ប្រភព៖ DailyMail