សំណាង​ចេញ​ដេញ​ស៊យ​ចូល! រឿងអស់នេះនាំឲ្យ Michael Ballack ជាប់​ឈ្មោះ​ជា​ស្តេច​ស៊យ​ប្រចាំ​​សតវត្ស​ទី ២១

ក្រៅ​តែ​ពី​គុណភាព ទេពកោសល្យ បាល់ទាត់​ជួន​ខ្លះ​ក៏​ទាមទារ​សំណាង​មួយ​ផ្នែក​ដែរ តែ​ងាក​មក Michael Ballack (ម៉ាយឃឺល បាឡាក់) ​ទេវតា​ហាក់​មិន​ប្រទាន​រឿង​ល្អ​សម្រាប់​គេ​ទាល់​តែ​សោះ។ នេះ​អតីត​ជើង​ចាស់​សញ្ជាតិ​អាល្លឺម៉ង់ បាន​ត្រឹម​ដើរ​ជាន់​ដាន​ចាស់ ប៉ះ​រឿង​ស៊យ​ម្តង​ហើយ​ម្តង​ទៀត សម​ល្មម​នឹង​អ្នកគាំទ្រអាច​ដាក់​រហស្សនាម​ឲ្យ​លោក​ជា “ស្តេច​ស៊យ​ក្នុង​ពិភព​បាល់ទាត់​ប្រចាំ​សតវត្ស​ទី ២១”។

ងាក​ថយ​ក្រោយ​ទៅ​ក្នុង​អាជីព​របស់​អតីត​ខ្សែ​បម្រើ​ខាង​លើ​បន្តិច សព្វថ្ងៃ​ស្ថិត​នៅ​អាយុ ៤៦ ឆ្នាំ តែ​លោក​បាន​ប្រកាស​ចូល​និវត្ត​នៅ​ឆ្នាំ ២០១២ ជាមួយ​ក្លឹប​ចុងក្រោយ​គឺ Bayer Leverkusen។ នេះ​បន្ទាប់​តែ​ធ្លាប់​ហែល​កាត់​ការ​លេង​ឲ្យ​ក្លឹប​ធំៗ​ឯ​ទៀត ដូច Bayern Munich និង​ Chelsea។ សរុប​ការ​បង្ហាញ​ខ្លួន​ក្លឹប​បូក​ជម្រើស​ជាតិ​ជាង ៧០០ ប្រកួត រក​បាន​គ្រាប់​បាល់​និង Assist ជិត ៣០០ គ្រាប់។ CTS Sports បង្ហាញ​រឿង​ធ្លាប់​កើត​ឡើង​ដ៏​អាក្រក់​ផុត​លេខ​មក​លើ Ballack នៅ​ឆ្នាំ ២០០២ និង ២០០៨:

ត្រលប់​ទៅ ២១ ឆ្នាំ​មុន គ្រា​ឈរ​ជើង​ឲ្យ Leverkusen ​លោក​បាន​របូត​ពាន ៤ ក្នុង​ឆ្នាំ​តែ​មួយ នេះ​បើ​ថា​ធ្លាក់​តាំង​ពី​វគ្គ​ដំបូង មិន​ឈឺ​ទេ តែ​វា​ធ្ងន់​ត្រង់​ចាញ់​ផ្ទួន​គ្នា​ក្នុង​ជុំ​ចុង​ក្រោយ ឬ​វគ្គ​ផ្តាច់ព្រ័ត្រ។ យើង​ទៅ​មើល​ការ​ប្រកួត​ប្រជែង​ក្នុង​ក្របខ័ណ្ឌ Bundesliga ក្លឹប​របស់​លោក​បាន​ចាញ់ Borussia Dortmund ត្រឹម ១ ពិន្ទុ​គត់ ពោល​គឺ​កាត់​សេចក្តី​ក្លឹប​ឈ្នះ​ពាន​នៅ​ជុំ​ទី ៣៤ នោះ​ឯង។

ក្នុង​ឆ្នាំ​ដដែល នា​ថ្ងៃ​ទី ១១ ឧសភា ក្លឹប Leverkusen ​ដែល​មាន​វត្តមាន Ballack ឈរ​ជើង​ក៏​បាន​ចាញ់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ទល់ Schalke 04 (ហ្សាល់កេ ០៤) ក្រោម​លទ្ធផល ៤-២ នាំ​ឲ្យ​របូត​ពាន DFB Pokal (ឌីអេហ្វប៊ី ប៉ូកាល់) មួយ​គ្រឿង​ផ្សេង​ទៀត។ ​នា​ឆ្នាំ​នោះ វា​ក៏​ជា​លើក​ដំបូង​ដែល Leverkusen ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ​ក្នុង​ប្រវត្តិសាស្រ្ត ដល់​ហើយ​បែរ​ចាញ់ ១-២ បន្ត​របូត​ពាន​អឺរ៉ុប ជា​ពាន​សំខាន់​ប្រចាំ​រដូវ​កាល។

អត់​ទាន់​ចប់​ទេ រឿង​អាក្រក់​នៅ​ឆ្នាំ ២០០២ ដ៏​សែន​ឈឺចាប់ គឺ​មក​តាម​លោង Ballack ជា​ថ្មី ពេល​លេង​ឲ្យ​ជម្រើស​ជាតិ​នៅ​រំលង​ជាង​មួយ​ខែ​បន្ទាប់។ តើ​អ្នក​ចាំ​ទេ គ្រា​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន​ចាប់​ដៃ​គ្នា​ធ្វើ​ម្ចាស់ផ្ទះ World Cup វគ្គ​ផ្តាច់ព្រ័ត្រ​សារ​នោះ គឺ​ប្រេស៊ីល​បាន​យក​ឈ្នះ ២-០ ទៅ​លើ​ឥន្រ្ទីយ៍​ដែក​អាល្លឺម៉ង់ សម្រេច​ឲ្យ Ballack បាន​ត្រឹម​ជើង​ឯក​រង។

បើ​កើត​តែ​មួយ​លើក យើង​ក៏​មិន​យក​មក​និយាយ​ដែរ តែ​នេះ​សារ​ទៅ ៦ ឆ្នាំ​ក្រោយ ចំ​ឆ្នាំ ២០០៨ គឺ​ជា​ឆ្នាំ​ស៊យ​ម្តង​ទៀត​ហើយ។ វា​ជា​ពេល​ដែល​គេ​ឈរ​ជើង​ឲ្យ Chelsea ចាំ​ថា​ពេល​នោះ Arsenal ​បាន​ផ្តាច់​ចង្វាក់​លើក​ពាន FA Cup របស់​ក្លឹប​ដែល Ballack ឈរ​ជើង ហើយ​បន្ត​ទៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​នៅ​ជុំ​ទី ៣៨ កាត់​សេចក្តី​យក​ក្លឹប​ឈ្នះ​ពាន Premier League ក៏ Chelsea ត្រឹម​ឈរ​លេខ​ ២ មាន ៨៥ ពិន្ទុ ចាញ់​ជើង​ឯក Man United មាន ៨៧ ពិន្ទុ។

ភាព​តានតឹង​បន្ត​កើត​មាន​នៅ​ក្រោយ​នោះ​ប៉ុន្មាន​ថ្ងៃ​ក្នុង​ពាន​រង្វាន់ Champions League ដែល​ស្មើ​លទ្ធផល​វគ្គ​ផ្តាច់ព្រ័ត្រ ១-១ រវាង​បិសាច​ក្រហម ទល់​តោ​ខៀវ តែ​ក្រោយ​ថែម​ម៉ោង​ស៊ុត​ប៉េណាល់​ទី គឺ ​ក្រុម​របស់ Ballack ជា​អ្នក​ចាញ់។

ក្រឡា​អត់​ពាន​ធំ​លើក​បន្ត​ឥត​ល្ហែ ធ្វើទុក្ខបុកម្នេញ​ដល់ Ballack ចូល​និវត្ត​ក៏​គ្មាន​សល់​កេរ្តិ៍ឈ្មោះ​អ្វី​ទាំង​អស់។ នេះ​ប៊ិះ​តែ​ត្រូវ​បាន​លើក​ពាន Euro លំដាប់​ទ្វីប​អឺរ៉ុប​ជាមួយ​អាល្លឺម៉ង់​នៅ​ឆ្នាំ ២០០៨ នោះ​ហើយ ក៏​បែរ​ជា​ទៅ​ចាញ់​អេស្ប៉ាញ ១-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ថែម​ទៀត អ៊ីចឹង​សង្ខេប​មក​ពាន​ធំ UCL ក៏​អត់ World Cup ក៏​អត់ រួច​ចុង​ក្រោយ​ Euro នេះ​ក៏​អត់​ដែរ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT