មិនដូចបណ្តាក្លឹបយក្សមួយចំនួនដទៃ អ្វីៗដែល Real Madrid សម្លឹងឃើញ តទៅមុខ ៥ ឬ ១០ ឆ្នាំ ក៏នៅតែឃើញផលចំណេញ ជារួមកីឡាកររបស់ពួកគេដែលបានចាកចេញប្រសិនក្នុងលក្ខខណ្ឌសល់កុងត្រា គឺកម្រលក់ចេញទាំងខាតណាស់។ ដូចករណី Cristiano Ronaldo ប្រើប្រាស់ជិតមួយទសវត្សក៏នៅលក់យកលុយបាន ១១៧ លាន ហើយកន្លងផុតទៅមួយឆ្នាំថ្មីថ្មោង ខ្សែបម្រើប្រេស៊ីល Casemiro ឈរជើងនៅអធិរាជស ៧ ឆ្នាំ ក៏បន្តកើបបានចំណូលចូលហោប៉ៅក្លឹបល្បាក់ ៧០ លានបន្ថែមទៀតដែរ។
CTS Sports បង្ហាញតារាកំពុងរះទាំង ៥ របស់ក្លឹបដឹកនាំដោយប្រធានលោក Florentino Perez ដែលសរុបខ្ទង់ចំណេញ ប្រសិនវ៉ៃតាមហាងឆេងពេលនេះ គឺល្មមនឹង Real Madrid ចំណេញជាង ៣០០ លានអឺរ៉ូឯណោះ៖
៥) Eder Militao
ថយក្រោយទៅរដូវក្តៅ ឆ្នាំ ២០១៩ ពេលលោក Carlo Ancelotti ប្រកាសឡើងកាន់តំណែងថ្មីថ្មោង គឺក្លឹបបានជូនកាដូមួយភ្លែត គឺវត្តមានខ្សែការពារកណ្តាលថ្មី Militao ទិញពី FC Porto តម្លៃ ៥០ លានអឺរ៉ូ។ មកទល់សព្វថ្ងៃក្លឹបនៅប្រើប្រាស់កីឡាករវ័យ ២៥ ឆ្នាំយ៉ាងសកម្ម ហើយបើងាកទៅមើលហាងឆេងតម្លៃខ្លួន ក៏កើនឡើងដែរ មកដល់ ៧០ លានអឺរ៉ូ ស្មើនឹងតួលេខប្រាក់ចំណេញសុទ្ធគឺ ២០ លាន។
៤) Eduardo Camavinga
អាយុទើប ២០ ឆ្នាំ តែខ្សែបម្រើជម្រើសជាតិមាន់គកបារាំង បានក្លាយជាតារាលេចធ្លោមួយរូបនៅតំបន់អឺរ៉ុប ក៏ក្រោមការដុសខាត់ត្រឹមរយៈពេលខ្លី ពីក្លឹបអធិរាជស។ យកចូលកាលពីរឆ្នាំមុន តម្លៃត្រឹម ៣១ លាន ពេលនេះផ្អៀងទីផ្សារ កើនដល់ ៨៥ លានអឺរ៉ូ ចំណេញជិតគុណ ១ ជា ៣ បើ Perez គិតគូរចង់លក់ចេញ។ វត្តមានរបស់ Camavinga ក៏ជាចំណែកមួយ គាស់ចូលទៅក្នុងរជ្ជកាលតំបន់ស្នូលថ្មី ក្រោយឈុតបម្រើចាស់ Casemiro បានចាកចេញ។
៣) Rodrygo Goes
ជាមួយក្លឹបស្ថិតក្នុងទីក្រុង Madrid ឲ្យតែដាក់ចិត្តទៅលើកីឡាករប្រេស៊ីលណាមួយ គឺដឹងតែមិនងាយខុស ទោះដំបូងរាងធ្លាក់ទម្រង់ ក៏ពេលបន្ទាប់ដឹងតែឡើងកូតរះឡើងជាមិនខាន។ នេះម្ចាស់អាវលេខ ១១ ថ្មី បានឡើងតម្លៃខ្លួនមកទល់ ១០០ លានអឺរ៉ូ ធៀបនឹងតម្លៃផ្ទេរចូល ៤៥ លាន កាល Real ថ្ពក់យកពី Santos នៅល្បាក់ ៤ ឆ្នាំមុន។
២) Vinicius Jr
មកចូលរួមមុន Rodrygo មួយរដូវកាល តែខាងក្លឹបគូប្រជែងប្រេស៊ីល Flamengo បានលក់ចេញនៅតម្លៃដូចគ្នា។ បច្ចុប្បន្នគេជាម្ចាស់អាវលេខ ៧ ហើយក៏ទទួលបានការគាំទ្រពេញទំហឹងផងដែរ ដោយសារទេពកោសល្យ គុណភាព ហាក់ធ្វើឲ្យអ្នកទស្សនាភ្ញាក់ផ្អើលជាបន្តបន្ទាប់។ ក្រឡេកទៅមើលហាងឆេងតម្លៃខ្លួន TransferMarkt បានចុចដល់ ១៥០ លានអឺរ៉ូ ហៅបានជាកូនក្រុមអធិរាជសថ្លៃបំផុតនៅពេលបច្ចុប្បន្ន។
១) Federico Valverde
បើសួរថា នរណាដែលនឹងលក់ចេញនៅតម្លៃចំណេញបំផុត ផ្អែកតាមថេរវេលាប្រើប្រាស់កាន់ឆ្នាំផង? នោះគឺជាគីបហ្សីនតំបន់បម្រើលាយប្រយុទ្ធសញ្ជាតិអ៊ុយរុយហ្គាយ Valverde។ កាល Castilla ទិញចូលនៅឆ្នាំ ២០១៦ ពី Penarol ចាយត្រឹម ៥ លានអឺរ៉ូ ពេលនេះគុណសង ១ ជា ២០ មានតម្លៃដល់ ១០០ លានអឺរ៉ូ។
សរុបមកខាងលើសុទ្ធសឹងជាហាងឆេងតម្លៃខ្លួនប៉ុណ្ណោះ បើនិយាយអំពីរឿងលក់ចេញ គឺ Real ហាក់គ្មានចិត្តគិតដល់ចំណុចអស់នោះឡើយ ពោលទំនងនឹងធានាអនាគតច្រើនឆ្នាំទៅមុខទៀតផង៕
ប្រភព៖ បរទេស