ឡាក់​ឆុង​ឬ​បែប​ណា គីឡូ​ធ្ងន់​អេស្ប៉ាញ​ផុង​ខ្លួន​ក្រោម​ថ្វី​ជើង​ជប៉ុន​ទាំង​បាល់ទាត់​បុរសនិងនារី ជាមួយ​ស្ថិតិ​មិន​គួរ​ឲ្យ​ជឿ

សព្វថ្ងៃ​បើ​និយាយ​អំពី​បាល់ទាត់​ប្រចាំ​ទ្វីប​អាស៊ី នៅ FIFA Ranking ជម្រើស​ជាតិ​ជប៉ុន​ឈរ​លេខ​រៀង​ទី ១ សម្រាប់​ឈុត​បុរស ហើយ​លេខ ២ សម្រាប់​ឈុត​នារី មាន​ន័យ​ថា​ការ​ប្រកួត​ក្នុង​តំបន់​គឺ​ពួក​គេ​មាន​ប្រៀប​ជាង​បណ្តា​ប្រទេស​នៅ​អាស៊ី​ដទៃ តែ​បើ​លើ​ឆាក​លំដាប់​ពិភពលោក ​មើល​មិន​ឃើញ​ថា​មិន​ត្រូវ ជា​ពិសេស​ពេល​ប៉ះ​គីឡូ​ធ្ងន់​មក​ពី​តំបន់​អឺរ៉ុប។

ក៏​ប៉ុន្តែ​សារ​ថយ​ក្រោយ​ចាប់​តាំង​ព្រឹត្តិការណ៍ FIFA World Cup ​បុរស​នៅ​ចុង​ឆ្នាំ​ទៅ ហៀរ​ចូល​មក​ដល់​ផ្នែក​នារី ដែល​កំពុង​តែ​ដំណើរការ​ដល់​វគ្គ ១៦ ក្រុម ឃើញ​ថា​ក្រុម​សាំម៉ូរ៉ៃ​ខៀវ​ពិត​ជា​បាន​បង្កើត​ភាព​ភាព​ភ្ញាក់ផ្អើល ធំ​បំផុត​នោះ គឺ​ទល់​ជម្រើស​ជាតិ​គោ​ជល់​អេស្ប៉ាញ។

និយាយ​អំពី​ចំណាត់ថ្នាក់​ជា​រួម ជម្រើស​ជាតិ​មក​ពី​អឺរ៉ុប​ខាង​លើ មាន Ranking ល្អ​ជាង​ជប៉ុន​ដល់​ទៅ ១០ លេខ​លើ​ផ្នែក​បុរស ហើយ​ ៥ លេខ​លើ​ផ្នែក​នារី។ ក្រៅ​តែ​ពី​ចំណាត់ថ្នាក់ បើ​យើង​មើល​ធនធាន​គុណភាព​កីឡាករ​ក៏​ខុស​គ្នា​ច្រើន​ដែរ តែ​ដល់​លទ្ធផល​ចេញ​មក បែរ​ខុស​ពី​ការ​រំពឹង​ទុក​យ៉ាង​ផ្ទុយ​ស្រឡះ។

មិន​ដឹង​ថា​ឡាក់​ឆុង ​ឬ​កុង​គ្នា​បែប​ណា ឲ្យ​តែ​ថា​អេស្ប៉ាញ​ប៉ះ​ជប៉ុន គឺ​ដឹង​តែ​ត្រូវ​ព្រនុង​បរាជ័យ​ជា​បន្តបន្ទាប់ ​រួច​បើ​ទៅ​មើល​ស្ថិតិ ក៏​នឹង​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​គោ​ក្រហម​មក​ពី​អឺរ៉ុប​ឆ្អែត​ចិត្ត​មិន​ស្ទើរ​ឡើយ។

ដូច​កាល​នៅ​វគ្គ​ចែក​ពូល World Cup បុរស​ចុង​ឆ្នាំ ២០២២ ក្នុង​ពូល E ដែល​ជប៉ុន បាន​យក​ឈ្នះ ២-១ ទៅ​លើ​អេស្ប៉ាញ ត្រង់​សាច់​បាល់​ប៉ះ​ទៅ​មក​ខាង​ក្រុម​ដឹកនាំ​ដោយ​លោក Luis Enrique ពេល​នោះ​ដូច​បត់​តារាង​លេង គ្រប់គ្រង ៨៣ ភាគរយ បញ្ជូន ១ ០៥៨ លើក អត្រា​បញ្ជូន​ជោគជ័យ​មាន​ដល់ ៩១ ភាគរយ ស៊ុត ១២ លើក​ចំ​គោលដៅ ៥ លើក តែ​រក​បាន​មួយ​គ្រាប់​គត់​ចេញ​ពី Alvaro Morata។

ដល់​តែ​ខាង​ក្រុម​អាស៊ី​យើង​ឯ​ណេះ មាន​បាល់​លេង​ស្តួចស្តើង ប៉ះ​បាន​តែ ២២៨ លើក ​ក្នុង​ចំណែក​គ្រប់គ្រង ១៧ ភាគរយ ហើយ​អត្រា​បញ្ជូន​បាល់​ជោគជ័យ​ក៏​មាន​ទាប​ត្រឹម ៦៧ ភាគរយ ជាមួយ​ការ​ស៊ុត ៦ លើក ចំ​គោលដៅ ៣ លើក តែ​បែរ​អាច​យក ៣ ពិន្ទុ​ពី​អេស្ប៉ាញ​តាម​រយៈ​គ្រាប់​បាល់​របស់​កីឡាករ Ritsu Doan និង Ao Tanaka នៅ​ចន្លោះ​ពេល ៣ នាទី​ជាប់។ បញ្ចប់​ការ​ប្រកួត​ជប៉ុន​ឡើង​ឈរ​លេខ ១ ក្នុង​ពូល ​ខណៈ​អេស្ប៉ាញ​បាន​កៅអី​ឡើង​ទៅ​វគ្គ​បន្ទាប់​ទាំង​ប្រផុតប្រផើយ​ដ្បិត​ស្មើ​ពិន្ទុ​ទល់​អាល្លឺម៉ង់។

ឥឡូវ​យើង​បន្ត​មក​មើល​ឈុត​នារី​ប៉ះនារី ដែល​ទើប​តែ​បិទ​ពូល C ​ថ្ងៃ​ម្សិលមិញ ក៏​ជប៉ុន​ដឹក​ដៃ​អេស្ប៉ាញ​ឡើង​ទៅ​កាន់​វគ្គ​បន្ត​ដូច​គ្នា គ្រាន់​ថា​លទ្ធផល​ទទួល​បាន គឺ​ផ្ទុយ​ស្រឡះ​ទៀត​ហើយ។ នេះ​ជប៉ុន​លេង​លុត​អេស្ប៉ាញ​ដល់​ទៅ ៤-០ ជាមួយ​ស្ថិតិ​គ្រប់គ្រង​បាល់​ត្រឹម ២២ ភាគរយ ប៉ះ​បាន ២៦៥ លើក ជោគជ័យ​ការ​បញ្ជូន​តែ ៥៩ ភាគរយ ស៊ុត ៧ លើក ចំ​គោលដៅ ៥។

ដល់​តែ​ខាង​អេស្ប៉ាញ​គ្រប់គ្រង​បាល់​ប៉ះ​ទៅ​មក​ដល់ ៨៩៤ លើក​ល្អ​នោះ​ល្អ ​ស្មើ​នឹង ៧៨ ភាគរយ​ជា​រួម ហើយ​មាន​ឱកាស​ស៊ុត ១០ លើក ក៏​ប៉ុន្តែ​អត់​អាច​រក​បាន​គ្រាប់​បាល់​សូម្បី​មួយ។ សរុប​មក​វិញ នៅ ៣ ប្រកួត​ក្នុង​ពូល ខាង​ឈុត​នារី​ជប៉ុន ឈ្នះ​ទាំង ៣ ឥត​ស្គាល់​ចាញ់ ហើយ​រក​បាន ១១ គ្រាប់ របូត ០ គ្រាប់។ បន្ត​ទៅ​ប្រកួត​វគ្គ​បន្ទាប់ ពួក​គេ​ត្រូវ​ប៉ះ​ន័រវេស ក៏​ជា​ក្រុម​ខ្លាំង​មួយ​ដែរ តែ​ប្រវត្តិ​ជួប​គ្នា​ខាង​អាស៊ី​យើង​ហាក់​មាន​ប្រៀប​ជាង។

គួរ​រំឭក​ដែរ​ថា ជម្រើស​ជាតិ​នារី​ជប៉ុន ប្រវត្តិ​នៅ World Cup ក៏​ធ្លាប់​បាន​ឈ្នះ​ជើង​ឯក​ម្តង​ដែរ កាល​ឆ្នាំ ២០១១ ហើយ​ជើង​ឯក​រង​នៅ​រំលង​សម័យ​កាល​បន្ទាប់។ ខណៈ​កាល ២០១៩ ពួក​គេ​ឡើង​បាន​ត្រឹម​វគ្គ ១៦ ក្រុម បន្ទាប់​ចាញ់​ហូឡង់ ២-១៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT