យើងធ្វើការសារថយក្រោយទៅរដូវកាលមុននៅ Premier League ម្ចាស់ពានស្បែកជើងមាស បានទៅលើខ្សែប្រយុទ្ធវ័យក្មេង Erling Haaland ក្រោយរកបាន ៣៦ គ្រាប់ ហើយនេះក៏ត្រៀមរាប់សារឡើងវិញ សម្រាប់រដូវកាលថ្មីកៀកចូលមកដល់នៅមិនហួសពីរសប្ដាហ៍ទៀត។
តែយ៉ាងណាបើក្រឡេកមកសម្តីអ្នកវិភាគលោក Paul Merson បែរជាប៉ាន់ប្រមាណទុកជាមុន ថាម្ចាស់ពាន Golden Boot ឬជា Top Scorer ប្រចាំក្របខ័ណ្ឌកំពូលអង់គ្លេស នៅរដូវកាលក្រោយ ២០២៣/២៤ នឹងមិនបានទៅលើកីឡាករសញ្ជាតិន័រវេសឡើយ ផ្ទុយទៅវិញ គឺជាកីឡាករចាស់វស្សារបស់ក្លឹប Tottenham Hotspur ខ្សែប្រយុទ្ធ Harry Kane។
នេះបើទោះបីជាកីឡាករអង់គ្លេស នៅពីក្រោយ Haaland ៦ គ្រាប់នារដូវកាលចាស់ ត្រង់ Merson មើលឃើញថាមនុស្សយន្តរបស់ City រាងធ្លាក់ជើងបណ្តើរៗបាត់ទៅហើយនៅចុងរដូវកាល ពោលខ្សត់ការរកគ្រាប់បាល់ ខុសពីសមាជិកមាន់ខ្នាយមាស គឺរកគ្រាប់បាល់ជាប់លាប់សឹងគ្រប់ការប្រកួត គ្រាន់ថាជាតួលេខរាយរងមិនបានទាំងដុំ។
សម្រង់សម្តីរបស់អតីត Legend នៃក្លឹប Arsenal បានលើកឡើង៖ “ខ្ញុំថា Harry Kane នឹងឈ្នះពានស្បែកជើងមាស Premier League រដូវកាលបន្ទាប់នេះ យើងមើលចុះ Haaland គេគាំងគ្រាប់បាល់នៅកំឡុងចុងរដូវកាល ខុសពី Kane ពិតជាអស្ចារ្យណាស់ បើទោះបីរកបានត្រឹម ៣០ គ្រាប់រដូវកាលមុន និងមិនអាចរកបាន ៤ គ្រាប់ក្នុងមួយប្រកួតក៏ពិតមែន”។
លោកបន្តថា៖ “នេះត្រឹមគេនៅ Spurs បើ Kane ទៅលេងឲ្យ Man United ផង វាគ្មានអ្វីត្រូវសង្ស័យទេ ស្បែកជើងមាសនឹងធានាសម្រាប់គេជាក់ជាមិនខាន ខណៈដែល Nicolas Jackson និង Christopher Nkunku [កីឡាករ Chelsea] វាពិតជាពិបាកនឹងប្រជែងរឿងនេះ ព្រោះមិនអាចធានាពេលវេលាជាប់លាប់លើទីលាន”។
នេះបើយើងធ្វើការភ្ជាប់ទិន្នន័យច្បាស់ការ ទៅនឹងសម្តីរបស់ Merson គឺពិតដូចជាការលើកឡើង រួចបើយើងរាប់ត្រឹម ៨ ជុំចុងក្រោយនៅលីគកំពូល Haaland ចាញ់ទាំង ១ គ្រាប់ធៀបនឹង Kane ផង ពោលមនុស្សយន្តសម្រុករកបានច្រើនគ្រាប់តែនៅដើមនិងពាក់កណ្តាលរដូវកាល។
គួរឲ្យដឹងថា រឿងកំពុងផ្ទុះការចាប់អារម្មណ៍ពាក់ព័ន្ធនឹងតំណែង Top Scorer មតិមួយចំនួនផ្សេងទៀតក៏គេកំពុងបាក់ទៅលើខ្សែប្រយុទ្ធវ័យ ២០ ឆ្នាំ Rasmus Hojlund ដែល Man United ចរចាត្រូវរ៉ូវអស់ហើយ ចាំតែថ្ងៃប្រកាស ត្រង់កីឡាករដាណឺម៉ាកល្បីថា មានកម្លាំង មានល្បឿន បច្ចេកទេសស៊ុតដូចជាមនុស្សយន្ត Haaland អ៊ីចឹងគេក៏អាចរាប់ទៅក្នុងការប្រកួតប្រជែងនោះបានដែរ។
យ៉ាងណាវាគ្រាន់ជាការយល់ឃើញមួយជ្រុងប៉ុណ្ណោះ លទ្ធផលពិតប្រាកដយើងនឹងរីករាយទស្សនាជុំគ្នា ដូច City ត្រូវបើកឆាកជុំដំបូងទល់ Burnley វេលាម៉ោង ០២:០០ នាទីទៀបភ្លឺ ចូលថ្ងៃសៅរ៍ ទី ១២ សីហា ខណៈ Spurs ត្រូវប៉ះ Brentford នៅម៉ោង ០៨:០០ នាទីយប់ថ្ងៃអាទិត្យរំលងនោះ។ បងប្អូនស្នេហាកីឡាបាល់ទាត់ណា ដែលមិនទាន់បានចុច Follow ក៏ធ្វើការ Follow ផេក CTS SPORTS ម្នាក់មួយឲ្យហើយទៅ ដើម្បីទទួលបានលីងទស្សនាការផ្សាយផ្ទាល់គ្រប់គូពិសេសៗរហ័សបំផុត៕
ប្រភព៖ បរទេស