បើជាអ្នកនិយមតាមដានកីឡាបាល់ទាត់ សារថយក្រោយទៅប៉ុន្មានឆ្នាំមុន នោះប្រាកដជាធ្លាប់លឺព័ត៌មាននៃការប្រកាសព្យួរឈ្មោះអ្នកចាំទី Andre Onana កំឡុងពេលឈរជើងឲ្យក្លឹប Ajax ដ្បិតអីបុរសសញ្ជាតិកាមេរូន កំពុងធ្វើបានល្អសុខៗឲ្យក្លឹបនៅក្របខ័ណ្ឌ Eredivisie។ CTS Sports នឹងធ្វើការសង្ខេបដំណើរដើមទងនៃការចាប់ផ្តើម មុនឆ្លងមកទល់ភាពល្បីល្បាញជាថ្មី ទល់សព្វថ្ងៃនេះ ជាមួយទ្រនំក្នុងទឹកដីអង់គ្លេសគឺ Man United។
ផ្តើមចេញពីក្មេងប្រុសតូចម្នាក់ លេងបាល់តាមដងវិថីក្នុងរាជធានី Yaounde ប្រទេសកាមេរូន មុន Onana ទទួលបានឱកាសក្លាយជាសមាជិកនៃឈុតថ្នាល ក្នុងគម្រោងសប្បុរសធម៌រៀបចំឡើងដោយអតីតជើងចាស់ក្លឹប Barcelona/Inter Milan គឺ Samuel Eto’o។ ពេលនោះគេបានដុសខាត់ខ្លួនឯង ហើយដល់អាយុ ១៤ ឆ្នាំ ក៏មានឱកាសទៅបន្តអភិវឌ្ឍសមត្ថភាពនៅថ្នាល La Masia របស់អ្នកមានបុណ្យ រហូតជាប់ជាជម្រើសដៃទីមួយប្រចាំក្រុម។
លុតដំទាំងបច្ចេកទេសចាំទី ទាំងការពង្រឹងផ្នែកកាយសម្បទា បុរសកម្ពស់ ១,៩០ ម៉ែត្រ ក៏បន្តលេចធ្លោខ្លាំងរហូតដល់ជាប់ឈ្មោះនៅឈុត Barcelona U19 មុនត្រូវបានក្លឹបហូឡង់ Ajax ចាយលុយ ១៥០ ០០០ អឺរ៉ូថ្ពក់យកមកប្រើប្រាស់បន្ត។ អាជីពរបស់គេបានឡើងកូដនៅទីនេះហើយ តែក៏បានធ្លាក់ចុះទៅវិញផុងកៀកដល់បាតមួយរំពេច។
ចាយពេលនៅ Ajax ៦ ឆ្នាំ ក៏រាប់ជាចំណែកធំ ជួយអតីតក្លឹបដឹកនាំដោយលោក Erik ten Hag គាស់កំណត់ត្រាឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL នារដូវកាល ២០១៨/១៩ បន្ទាប់ខកខានជិត ២ ទសវត្ស។ សរុបការបង្ហាញខ្លួននៅទីនោះ ២១៤ ប្រកួត ឈ្នះ Hat-trick ពានលីគកំពូល Eredivisie និង Dutch Cup ២ លើក ក៏ប៉ុន្តែពេលវេលានៃការជាប់គាំងអាជីពក៏ចូលមកដល់ក្នុងឆ្នាំ ២០២១។
មុនការប្រកួតមួយចាប់ផ្តើមស្ថាប័ន CSA បានពិនិត្យរកឃើញសារធាតុញៀនក្នុងទឹកនោមរបស់កីឡាករកាមេរូន ហើយជាលទ្ធផលសមាគមបាល់ទាត់អឺរ៉ុប UEFA បានប្រកាសដាក់ពិន័យព្យួរជើងគេមួយឆ្នាំ យ៉ាងណាក្រោយភាគីក្លឹបអាណាព្យាបាល Ajax តវ៉ាចុះឡើងក៏ធ្លាក់សល់ ៩ ខែវិញ នេះដកឃ្លាពីអាជីពតាំងដើមខែកុម្ភៈ រហូតដល់ដើមខែវិច្ឆិកា ឆ្នាំ ២០២១ ទើប Onana មានសេរីភាពជាន់ទីលានម្តងទៀត។
អំពីដើមហេតុក៏ត្រូវបានបញ្ជាក់ និងទទួលស្គាល់ពីភាគីក្លឹប ត្រង់ថា វាមិនមែនជាចេតនានៃការប្រើប្រាស់ទេ ជារួមគឺជាសកម្មភាពចៃដន្យ ឥតបានគ្រោងទុកជាមុន។ ត្រង់កាលខែតុលា ឆ្នាំ Onana ច្រឡំយកថ្នាំរបស់ភរិយាលេប ដោយគិតថាវាជាថ្នាំបំបាត់ការឈឺចាប់អាការៈឈឺក្បាល គ្រុនក្តៅធម្មតា តែមានឯណាវាជាប្រភេទថ្នាំ Lasimac ជាថ្នាំដែលត្រូវបានហាមឃាត់ក្នុងវិស័យកីឡានានា។
ដល់តែត្រលប់មកវិញ Onana ក៏ល្មមនឹងអស់កុងត្រាជាមួយ Ajax ហើយមិនជ្រើសការបន្ត បែរទៅស៊ីញ៉េកុងត្រាថ្មីចូលរួមនៅ Inter Milan កាលរដូវក្តៅ ឆ្នាំ ២០២២។ ត្រឹមរយៈពេលមួយឆ្នាំគត់ អាជីពរបស់គេរះឡើងជាថ្មី បន្ទាប់ក្លាយជាដៃស្អិតប្រចាំលីគកំពូលអ៊ីតាលី ក៏ជាចំណែកធំជួយក្លឹបខាងលើ ឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League។ នេះពេលវេលាត្រឹមមួយឆ្នាំ Onana បែរមានតម្លៃខ្លួនច្រើនមហាសាល ឡើងដល់ជាង ៥២ លានអឺរ៉ូ ដែលបិសាចក្រហមទើបចុះហត្ថលេខាទិញចូលថ្មីថ្មោង ចារកំណត់ត្រាអ្នកចាំទីថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តក្លឹប។
គេបានមកជួបអតីតគ្រូចាស់ Ten Hag ជាថ្មី នៅដី Old Trafford ក៏បានក្លាយជាជម្រើសដំបូង ជំនួសតំណែងកាន់ឆ្នាំ David de Gea។ កីឡាករវ័យ ២៧ ឆ្នាំ ទើបតែបង្ហាញខ្លួនប្រកួតដំបូងនៅព្រឹកមិញនេះ ទល់ក្លឹប Real Madrid តែធ្វើមិនបានល្អ របូតដល់ ២ គ្រាប់សម្រាប់ជំនួបបើកឆាក៕
ប្រភព៖ បរទេស