ក្លឹបបារាំង Paris Saint-Germain កំពុងស្ថិតក្នុងដំណើរត្រៀមប្រកួតមិត្តភាពទល់ក្លឹបអាស៊ី Al Nassr និងទល់បណ្តាក្លឹបអឺរ៉ុបមួយចំនួនផ្សេងទៀត ហើយឃើញថាកីឡាករកំពូលៗសុទ្ធសឹងបានត្រលប់មកហ្វឹកហាត់ជាធម្មតា រួមបញ្ចូលទាំងចំណូលថ្មីទើបទិញបានច្រើនរូប។
យ៉ាងណាងាកមក Neymar Jr វិលមកទីលានសារនេះ គេបានរំឭកទៅរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ជាច្រើន ទាំងគ្រាកន្លងមកនៅបរាជ័យមិនគួរឲ្យចងចាំកាលពីចុងឆ្នាំ ២០២២ នៅប្រទេសកាតារ ដូចគ្នាក៏បានសង្កត់ធ្ងន់ជាថ្មី អំពីរឿងដែល PSG មិនទាន់ស្គាល់ជាតិឈ្នះពានអឺរ៉ុប សូម្បីតែម្តង។
នៅបទសម្ភាសន៍ជាមួយ YouTuber, Casimiro Miguel តារាឆ្នើមប្រេស៊ីលបានរៀបរាប់៖ “ខ្ញុំបានស្រក់ទឹកភ្នែកជាបន្តបន្ទាប់ នេះខ្ញុំបានយំ ៥ ថ្ងៃជាប់គ្នា ព្រោះអីក្តីស្រមៃរបស់យើងដែលនៅចំពោះមុខ បែរជារំលេចទៅបាត់ត្រឹមតែមួយរំពេច វាជាអារម្មណ៍ដែលពិបាកទទួលយក ខ្ញុំពិតជាមិនចង់ឆ្លងកាត់វាម្តងទៀតទេ”។
លោកបន្ត៖ “បន្ទាប់ចប់ World Cup ស្មោះត្រង់ទៅ ខ្ញុំអត់ចង់ត្រលប់មកវិញទេ ខ្ញុំបានពិចារណាដល់រឿងចូលនិវត្តពីអាជីព ព្រោះចង់បញ្ចៀសអារម្មណ៍ឈឺចាប់”។ រំឭកទៅពេលនោះបន្តិច នៅប្រកួតវគ្គ ៨ ក្រុមចុងក្រោយ ក្រូអាតបានស្មើលទ្ធផល ១-១ ទល់ប្រេស៊ីល បន្ទាប់ថែមម៉ោង ១៥ នាទីពីរដង នេះ Neymar រកបានគ្រាប់បាល់នៅនាទី ១០៥+១ លុះដល់នាទី ១១៧ ក៏ Bruno Petkovic ជួយឲ្យក្រូអាតតាមស្មើ។ បន្តបន្ទាប់ចូលវគ្គស៊ុតបាល់ប៉េណាល់ទី ក៏ស្រាប់តែក្រូអាតយកឈ្នះ ៤-២ ទម្លាក់ប្រេស៊ីលបានដោយជោគជ័យ។
បន្តទៅរឿងរ៉ាវជាមួយក្លឹប បុរសវ័យ ៣១ ឆ្នាំ បានសារថយក្រោយទៅពេលវេលាដែលមាន Lionel Messi ក្នុងឈុត Trio ប្រយុទ្ធ MMN រួមគ្នានឹង Kylian Mbappe ថាការដែលមិនបានឈ្នះ Champions League គឺដោយសារតែក្រុមរបស់គេ មិនមានសំណាង ត្រង់ជំនាន់ល្បីឈ្មោះឈុត ‘Galacticos’ របស់ Real Madrid ក៏ពេលនោះស្តេចស មិនបានលើកពានដូចតែគ្នា។
បញ្ជាក់បន្តិចនោះសំដៅទៅឈុត Real Madrid ដែលប្រមូលផ្តុំសុទ្ធតែ Superstar លំដាប់សកលលោក ចន្លោះឆ្នាំ ២០០០ ដល់ ២០០៦ ឈរជើងរួមគ្នា តួយ៉ាងគឺ Ronaldo Nazario, Luis Figo, Zinedine Zidane, David Beckham, Roberto Carlos និង Raul Gonzalez ជាដើម។ យើងសារថយក្រោយទៅឆ្នាំ ២០០២ ជាលើកចុងក្រោយអធិរាជសកាន់ពាន Real Madrid មុនត្រូវរង់ចាំដល់ឆ្នាំ ២០១៤ ទើបអាចឈ្នះវាជាថ្មី បើទោះបីល្បាក់ពេលនោះ Florentino Perez ជាប្រធានចាយលុយទិញចូលកីឡាករល្បីៗជាបន្តបន្ទាប់។
សម្រង់សម្តីនៃការលើកឡើងរបស់ Neymar៖ “កុំថាឡើយជំនាន់ ‘Galacticos’ របស់ Real Madrid ក៏អត់បានឈ្នះ Champions League ដែរ យើងទទួលស្គាល់ថាយើងមានក្រុមដ៏រឹងមាំ មាន Messi មាន Mbappe និងខ្ញុំជាកីឡាករល្អបំផុតក្នុងលោក តែយើងមិនមានសំណាងនឹងកាន់ពាននោះ ពេលខ្លះបាល់ទាត់គឺបែបហ្នឹង វាមិនសុទ្ធតែសម្រេចបានដូចចិត្តទាំងអស់នោះទេ”។
គួររំឭកឲ្យដឹងដែរថា ក្លឹបសេដ្ឋី PSG បានធ្លាក់ចេញពីពាន UCL ត្រឹមវគ្គ ១៦ ក្រុមពីររដូវកាលចុងក្រោយជាប់ៗគ្នា ដូចកាល ២០២១/២២ ចាញ់ក្រោមថ្វីជើង Real Madrid ហើយកន្លងទៅប៉ុន្មានខែមុននេះ ធ្លាក់ក្រោមថ្វីជើង Bayern Munich៕
ប្រភព៖ បរទេស