ពីរ​ឆ្នាំ​បត់​និស្ស័យ Kim Min-jae ​ដល់​ប្រែ​ក្លាយ​ជា​ជញ្ជាំង​យក្ស​អាស៊ី ​ត្រៀម​ទៅ​ចុះចូល​នៅ Bayern

លីគ​អាស៊ី​ក៏​គេ​និយម ងំ​នឹង​កីឡាករ​មាន​ដើម​កំណើត​មក​ពី​អាស៊ី​ ក៏​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ដែរ លើ​ទីផ្សារ​ដោះដូរ​នា​រយៈ​កាល​ចុង​ក្រោយ។ ថ្មីថ្មោង​ខ្សែ​បម្រើ​ឆ្នើម​កូរ៉េ​ខាង​ត្បូង Lee Kang-in បាន​សម្រេច​ការ​ផ្ទេរ​ទៅ​ក្លឹប​បារាំង Paris Saint-Germain ហើយ​បន្ទាប់​ទៀតមួយ​រឿង​ផ្សេង អាច​នឹង​ប្រកាស​ដំណើរ​ផ្ទេរ Kim Min-jae លេង​តំណែង​ការពារ ទៅ​កាន់​ក្លឹប​អាល្លឺម៉ង់ Bayern Munich។

ជុំវិញ​ចចាមអារ៉ាម​របស់​ជញ្ជាំង​យក្ស មាឌ​ឌាំង វ័យ ២៦ ឆ្នាំ​ខាង​លើ នៅ​បន្ត​រក្សា​ភាព​វិជ្ជមាន ​កៀក​នឹង​ការ​ផ្ទេរ​ទៅ​ក្លឹប​ថ្មី ជាង​ការ​បន្ត​នៅ​ជាមួយ​ក្លឹប​អាណាព្យាបាល​សព្វថ្ងៃ Napoli។ នេះ​បើ​តាម​អ្នក​រាយការណ៍​គួរ​ឲ្យ​ទុក​ចិត្ត Fabrizio Romano បាន​ចុះ​ផ្សាយ។ CTS Sports សង្ខេប​ដំណើរ​បត់​អាជីព​ចេញ​ពី​ក្លឹប​នៅ​អាស៊ី​ក្នុង​ប្រទេស​ចិន មក​រីកសាយ​ខ្លួន​ទទួល​ភាព​ល្បីល្បាញ​ក្នុង​ដី​អឺរ៉ុប ត្រឹម​រយៈ​ពេល ២ ឆ្នាំ​របស់ Min-jae៖

ជា​ការ​ពិត​សារ​ថយ​ក្រោយ ទៅ​គ្រា​ផ្ទេរ​ចេញ​ពី​ក្លឹប​ប្រទេស​កំណើត​ Jeonbuk Hyundai (ចុនបុក ហ៊ុនដេ) កីឡាករ​បាន​ជ្រើស​យក​ BJ Guoan (ប៊ីចេ ហ្គូន) ជា​ទ្រនំ​ឈរ​ជើង​បន្ទាប់ លុះ​ចាយ​ពេល​នៅ​ទី​នោះ​បាន​ពីរ​ឆ្នាំ ក៏​បន្ត​ចាកចេញ ហើយ​សារ​នេះ​ជា​រសជាតិ​ថ្មី នៅ​ដី​អឺរ៉ុប​ជា​លើក​ដំបូង ពោល​ជាមួយ Fenerbahce (ហ្វឺណឺបាឆេ)។

នៅ​ក្លឹប​ក្នុង​ប្រទេស​ទួរគី កីឡាករ​ជំនាញ​ជើង​ស្តាំ​ធ្វើ​បាន​ល្អ​ណាស់ សកម្ម​ជាប់​មួយ​រដូវ​កាល​ពេញ ឈរ​ជើង ៤០ ប្រកួត ការពារ​ក៏​ល្អ រក​គ្រាប់​បាល់​ក៏​បាន​ថែម​ទៀត ដល់​ក្លឹប​អ៊ីតាលី Napoli មើល​ឃើញ ហ៊ាន​ចាយ​លុយ ១៨ លាន​អឺរ៉ូ ថ្ពក់​យក​ចូល​ទាំង​មិន​ស្ទាក់ស្ទើរ ​ក្រោម​ផែនការណ៍​ជំនួស​តំណែង Kalidou Koulibaly ដែល​បាន​ចាកចេញ​ទៅ Chelsea។

ជ្រៀត​ទៅ​អាជីព​នៅ​ជម្រើស​ជាតិ​បន្តិច ​កំឡុង​ពេល​នោះ គេ​ក៏​ជាប់​ភារកិច្ច​ជួយ​កូរ៉េ​ខាង​ត្បូង​នៅ World Cup 2022 ឆ្លង​ផុត​ពូល​មរណៈ​ដែល​មាន​ព័រទុយហ្គាល់ អ៊ុយរុយហ្គាយ និង​ហ្គាណា តែ​ចាញ់​ប្រេស៊ីល ៤-១ នា​វគ្គ ១៦ ក្រុម។

ត្រលប់​មក​ការ​លេង​ឲ្យ​ក្លឹប គឺ​បាន​ដូច​ចិត្ត នេះ Min-jae សឹង​ថា​ល្អ​ជាង​ទាំង Koulibaly ទៅ​ទៀត ​ក្លាយ​ជា​ជញ្ជាំង​យក្ស គ្រប់​គ្នា​ខ្លាច​រអា ជា​ពិសេស​គូ​ប្រជែង​នៅ Serie A ចូល​មិន​ចង់​ចុះ មិន​ថា​ បាល់​ក្រោម​បាល់​លើ​អាកាស គេ​ទប់​មិន​ឲ្យ​របូត ដល់​បញ្ចប់​រដូវ​កាល ជួយ​ក្លឹប​ឈ្នះ​ពាន​លីគ​កំពូល រួច​ខ្លួន​ឯង​ក៏​ជាប់​ឈ្មោះ​ជា​ខ្សែ​ការពារ​ល្អ​បំផុត​ប្រចាំ​រដូវ​កាល​នៅ​ទី​នោះ​ថែម​ទៀត។

ខណៈ​នេះ ហាងឆេង​តម្លៃ​ខ្លួន Kim Min-jae ​ថ្លៃ ៦០ លាន​អឺរ៉ូ ហើយ​ដើម​ឡើយ​មាន Man United ចង់​បាន តែ​ហាក់​មិន​មាន​លទ្ធភាព រួច​បន្ទាប់​មក​ទើប Bayern Munich ដែល​តាម Romano ចុះ​ផ្សាយ គឺ​តេស្ត​សុខភាព​ជោគជ័យ និង​ទូទាត់​​ប្រាក់​រួច​អស់​ហើយ នៅ​តែ​ចាំ​ស៊ីញ៉េ​កុងត្រា​ប៉ុណ្ណោះ។

មាន​ន័យ​ថា គេ​នឹង​មក​ជំនួស​កន្លែង Lucas Hernandez រយៈ​ពេល​យូរ​ទៅ​មុខ រួច​ចាប់​ដៃ​ជាមួយ Matthijs de Ligt ជា​យុវជន​ឆ្នើម​ Bayern មាន​ស្រាប់។ សាក​ស្រមៃ​ទៅ​មើល មាឌ​ឌាំង​កម្ពស់​បាន​ទាំង​ទ្វេ ទាំង De Ligt ទាំង Min-jae ចាំ​មើល​នៅ​ពាន​អឺរ៉ុប UCL តើ​អាច​មាន​គីឡូ​ខ្សែ​ការពារ​ណា​ឆ្លង​ផុត​រនាំង​យក្ស​ Munich នេះ​ខ្លះ?

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT