ឈុត ១១ រូប Ajax ធ្លាប់គាស់កំណត់ត្រា UCL ទាំង​គ្រូ​ទាំង​សិស្ស​ពេល​នេះ​ទៅ​ដល់​ណា​ខ្លះ​ហើយ?

Ajax Amsterdam ក្លឹប​ស្ថិត​នៅ​លីគ​កំពូល​ហូឡង់​សារ​ថយ​ក្រោយ​ទៅ ៤-៥ ឆ្នាំ​មុន ហាក់​ឡើង​កូដ​មួយ​រំពេច ជា​ពិសេស​ការ​គាស់​កំណត់ត្រា​ក្រោយ​ខកខាន​ជិត ២ ទសវត្ស ​អាច​ឡើង​មក​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន​អឺរ៉ុប UCL បរាជ័យ​ក្រោម​ថ្វី​ជើង​ Spurs នៅ​ឆ្នាំ ២០១៩។

វា​ជា​ការ​ចងចាំ​ដ៏​ល្អ​មួយ ដ្បិត​អី​មក​ទល់​សព្វថ្ងៃ​ឈុត ១១ រូប ​ប្រើប្រាស់​ក្នុង​ការ​ប្រកួត​ចុងក្រោយ​នោះ ត្រូវ​បាន​ចែកចាយ​ទៅ​ឲ្យ​ក្លឹប​ដទៃ​ទាំង​អស់ មិន​ថា​តែ​អ្នកចាត់ការ ក៏​មាន​ឈ្មោះ​ដឹកនាំ​ក្លឹប​ដទៃ​ផ្សេង​ទៀត​ផង​ដែរ ជា​រួម Ajax បាន​ផ្លាស់ប្ដូរ​ទាំង​ប្រព័ន្ធ ទាំង​យុទ្ធសាស្ត្រ ទាំង​ធនធាន​ដែល​មាន ១៨០ ដឺក្រេ។ CTS Sports បង្ហាញ​បច្ចុប្បន្ន​កាល​អ្នក​ទាំង​អស់​នោះ៖

អ្នកចាំទី Andre Onana – ​បន្ត​ឈរ​ជើង​ឲ្យ​ Ajax ដល់​ឆ្នាំ ២០២២ មុន​ជ្រើស​ការ​ផ្ទេរ​នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន​ទៅ​កាន់ Inter Milan ហើយ​ថ្មីៗ​ក៏​ល្ហិចល្ហៀង​ត្រៀម​នឹង​ផ្ទេរ​ទៅ​ក្លឹប​ផ្សេង​បន្ត​ទៀត គឺ Manchester United។

ខ្សែ​ការពារ​ស្លាប​ឆ្វេង Nicolas Tagliafico – ដូច​គ្នា​នឹង Onana គេ​ក៏​បាន​ចាកចេញ​នៅ​ល្បាក់​ឆ្នាំ​តែ​មួយ ទៅ​ចុះចូល​នៅ​ក្លឹប​បារាំង Lyon ក៏​ប៉ុន្តែ​មាន​តម្លៃ​ខ្លួន ៤,២០ លាន​អឺរ៉ូ ចូល​មក​កាន់​ហោប៉ៅ​ក្លឹប​អាណាព្យាបាល។

ខ្សែ​ការពារ​កណ្តាល Daley Blind – នេះ​ទើប​តែ​បាន​ផ្ទេរ​កាល​ដើម​ឆ្នាំ ក្រោម​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន​ទៅ​កាន់​ក្លឹប Bayern Munich តែ​ឈរ​ជើង​នៅ​ទី​នោះ​ត្រឹម​ពាក់​កណ្តាល​រដូវ​កាល ក៏​បន្ត​ផ្លាស់​ទៅ​ក្លឹប​ថ្មី​នៅ​ដី​អេស្ប៉ាញ​គឺ Girona FC។

ខ្សែ​ការពារ​កណ្តាល Matthijs de Ligt – កាល​នៅ Ajax ជញ្ជាំង​យក្ស​មាឌ​ឌាំង សញ្ជាតិ​ហូឡង់​ធ្វើ​បាន​ល្អ​ណាស់ មិន​ចាញ់​កម្រិត Virgil van Dijk ប៉ុន្មាន​ទេ ជា​ហេតុ​នាំ​ឲ្យ​គេ​ត្រូវ​ថ្លៃ​ឡើង​ដល់ ៨៥,៥ លាន​ដែល Juventus ទិញ​យក​កាល​ឆ្នាំ ២០១៩។ លុះ​បន្ទាប់​មក​ក៏ Bayern Munich ថ្ពក់​យក​បន្ត នៅ​តម្លៃ​រាង​កល់​ដដែល​ ៦៧ លាន។

ខ្សែ​ការពារ​ស្លាប​ស្តាំ Noussair Mazraoui – អភិវឌ្ឍ​ខ្លួន​តាំង​នៅ​ឈុត​ថ្នាល នេះ​ពាក់​កណ្តាល​អាជីព​របស់​គេ​បាន​រួមរស់​ជាមួយ​ក្លឹប Ajax។ ទើប​តែ​រដូ​ក្តៅ ឆ្នាំ ២០២២ សម្រេច​ផ្ទេរ​មក Bayern Munich ខណៈ​ក្លឹប​អាល្លឺម៉ង់ មិន​បាន​ចាយ​លុយ​សូម្បី​មួយ​រៀល។

ខ្សែ​បម្រើ​កណ្តាល Frenkie de Jong – នេះ​គឺ​ជា​កីឡាករ​ដែល Ajax លក់​បាន​លុយ​ចូល​ហោប៉ៅ​ច្រើន​បំផុត ពោល​ ៨៦ លាន​អឺរ៉ូ ទៅ​ឲ្យ Barcelona តាំង​ឆ្នាំ ២០១៩ និង​បន្ត​ឈរ​ជើង​ទល់​សព្វថ្ងៃ។

ខ្សែ​បម្រើ​កណ្តាល Lasse Schone -នៅ​ពេលវេលា​តែ​មួយ​នឹង De Jong គេ​ក៏​បាន​ផ្ទេរ​ចេញ​ទៅ Girona ហើយ​ស្ថានភាព​បន្តបន្ទាប់​មិន​សូវ​ល្អ ផ្លាស់ប្តូរ​ក្លឹប ២-៣ ចុងក្រោយ​វិល​មក​ហូឡង់​ចុះចូល​នៅ​ក្លឹប NEC Nijmegen។

ខ្សែ​បម្រើ Donny van de Beek – ជោគជ័យ​ដំណាល​គ្នា​នឹង De Jong និង De Ligt តែ de Beek នៅ​អាជីព​បន្ទាប់ ហាក់​ស្រឡះ​សូន្យ​ឈឹង។ គេ​កំពុង​ឈរ​ជើង​ឲ្យ​ក្លឹប Man United តែ​ត្រឹម​ជា​ស្រមោល សឹង​រក​ឱកាស​បង្ហាញ​ខ្លួន​គ្មាន។

ខ្សែ​ប្រយុទ្ធ​ស្លាប​ស្តាំ Hakim Ziyech – កំពុង​ឈរ​ជើង​ឲ្យ​ក្លឹប​តោ​ខៀវ Chelsea ហើយ​ពេល​ចុងក្រោយ​លេចលឺ​ប៊ិះ​នឹង​ផ្លាស់​ទៅ​ PSG ទៅ Al Nassr តែ​បរាជ័យ​ការ​តេស្ត​សុខភាព​ពីរ​លើក​ផ្ទួន​គ្នា។

ខ្សែ​ប្រយុទ្ធ​ស្លាប​ឆ្វេង Dusan Tadic – បើ​និយាយ​ចំណោម​ឈុត​ ១១ រូប គឺ​កីឡាករ​ស៊ែប៊ី​ឈរ​ជើង​បាន​យូរ​ជាង​គេ​ឲ្យ Ajax នេះ​ទើប​ចែក​ផ្លូវ ហើយ​រក​ឃើញ​ទ្រនំ​ថ្មី​ក្លឹប​នៅ​ទួរគី Fenerbahce។

ខ្សែ​ប្រយុទ្ធ​កណ្តាល David Neres – គ្រប់គ្នាធ្លាប់ហៅម្នាក់នេះ ថាបុរសភ្នែកច្រឹម រួចសព្វថ្ងៃប្រហែលលែងសូវមានអ្នកចាប់អារម្មណ៍ ស្របពេលកំពុងឈរជើងឲ្យក្លឹបនៅព័រទុយហ្គាល់ Benfica ឯណោះ។

អ្នកចាត់ការ Erik ten Hag – កំពុង​ដឹកនាំ​ក្លឹប Man United ជាមួយ​ប្រព័ន្ធ​កីឡាករ​កាន់​តែ​មុត​ស្រួច​ជាង​នៅ​ក្លឹប​ចាស់ ហើយ​ក៏​រំពឹង​កៀក​នឹង​ការ​រួបរួម​ជា​ថ្មី រវាង​កូន​ក្រុម​ចាស់ Onana៕

ប្រភព៖ បរទេស

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT