ថ្មីៗនេះសមាគមបាល់ទាត់អឺរ៉ុប UEFA បានប្រកាសបង្ហាញនៅឈ្មោះកីឡាករទាំង ១០ មានល្បឿនលឿនបំផុតប្រចាំព្រឹត្តិការណ៍ Champions League រដូវកាល ២០២២/២៣ ដែលពេលនោះ Manchester City ជាក្លឹបឈ្នះជើងឯក។
ក៏ប៉ុន្តែចាប់អារម្មណ៍ងាកមកបញ្ជីជើងល្បឿនទាំង ១០ នេះវិញ បែរមិនមានឈ្មោះកីឡាកររបស់ក្រុមដឹកនាំដោយលោក Pep Guardiola ជាក់ស្តែងក៏ពុំមានឈ្មោះកីឡាករជើងឯករងនៃក្លឹប Inter Milan ដូចគ្នា។ ផ្ទុយទៅវិញមានដូចជា៖
១០) Dominik Szoboszlai – ជាចំណូលថ្មីដែលហង្សក្រហម Liverpool ទើបតែយកបានពី RB Leipzig ហើយលេងនៅតំណែងបម្រើ ពោរពេញដោយបច្ចេកទេសយ៉ាងប៉ិនប្រសព្វ និងការស៊ុត Free-Kick យ៉ាងជំនាញ។ ងាកទៅការប្រើប្រាស់ល្បឿនរបស់កីឡាករហុងគ្រីក៏មិនណយនោះដែរ ដូចរដូវកាលមុន គេធ្លាប់រត់ដល់ ៣៥,៩ គីឡូម៉ែត្រ/ម៉ោង។
៩) Moussa Diaby – ចំពោះលក្ខខណ្ឌល្បឿននៅ UCL សារនេះ Diaby រត់លឿនជាងតារាឆ្នើមរួមសញ្ជាតិបារាំង Kylian Mbappe ទៅទៀត។ ក្នុង List ទាំង ១០ មិនមានឈ្មោះកូនអណ្តើកតូច PSG ទេ តែងាកមកកីឡាកររបស់ Bayer Leverkusen បែរជាមាន ហើយធ្លាប់រត់ក្នុងល្បឿន ៣៦,១ គីឡូម៉ែត្រ/ម៉ោង។
៨) Karim Adeyemi – ស្ថិតនៅវ័យទើបតែ ២១ ឆ្នាំ យុវជនរបស់ក្លឹប Borussia Dortmund បានបង្កើតភាពលេចធ្លោត្រឹមមួយពព្រិចភ្នែក ហើយគួរឲ្យចងចាំបំផុតគឺការលេងទល់ Chelsea រកបានទាំងគ្រាប់បាល់ ចារទាំងកំណត់ត្រាល្បឿននៅលេខរៀងទី ៨ ជាមួយ Speed ៣៦,១ គីឡូម៉ែត្រ/ម៉ោង តាមរយៈការអូសបាល់ Solo Goal តាំងពីពាក់កណ្តាលតារាង។
៧) Nuno Tavares – ខ្ចីជើងពី Arsenal មួយរដូវកាល ក្លឹប Marseille បានចម្រាញ់ប្រើខ្សែការពារវ័យ ២៣ ឆ្នាំមួយចាស់ដៃ ហើយក៏រះជាគ្រាប់ពេជ្រមួយរូបដែរនៅពានអឺរ៉ុប។ Tavares ធ្លាប់រត់ក្នុងល្បឿន ៣៦,២ គីឡូម៉ែត្រ/ម៉ោង នៅព្រឹត្តិការណ៍ខាងលើ។
៦) Federico Valverde – ជាកីឡាករ Real Madrid តែម្នាក់គត់ក្នុងបញ្ជីនេះ ហើយការលេងនៅតំណែងស្លាបរបស់គេ ពិតមិនធ្វើឲ្យ Carlo Ancelotti ខកចិត្ត ត្រង់ធ្លាប់ប្រើប្រាស់ល្បឿនដល់ ៣៦,៣ គីឡូម៉ែត្រ/ម៉ោង។
៥) Gabriel Veron – ទើបតែមកចុះចូលនៅ Porto កាលឆ្នាំ ២០២២ ហើយគេហាក់រះឡើងយ៉ាងលឿនត្រឹមមួយរំពេច នេះរាប់ជាជើងល្បឿននៅ Speed ៣៦,៤ គីឡូម៉ែត្រ/ម៉ោង។
៤) Rafael Leao – ខ្សែប្រយុទ្ធពោរពេញដោយស្នាមញញឹម ល្អទាំងការបណ្តើរបាល់ ល្អទាំងការស៊ុត ដោយឡែកងាកមកការប្រើប្រាស់ល្បឿនឯណេះវិញ ក៏មិនអន់នោះដែរ ពោលធ្វើបានដល់ ៣៦,៥ គីឡូម៉ែត្រ/ម៉ោងឲ្យ AC Milan។
៣) Ousmane Dembele – ទោះរបួសញាំញី តែការត្រលប់មកវិញសារនេះ Dembele នៅតែធ្វើបានល្អដូចដើម ជាពិសេសត្រង់កំណត់ត្រាល្បឿន ឈ្មោះរបស់គេនៅតែបន្តមានជាមួយល្បឿន ៣៦,៦ គីឡូម៉ែត្រ/ម៉ោង ពិតសក្តិសមនឹងតម្លៃ ១២០ លានផោន ដែល Barcelona បានចាយកាលឆ្នាំ ២០១៧។
២) Mykhailo Mudryk – នេះបង្ហាញថា Chelsea ក៏កំពុងមានស្តេចល្បឿនមួយរូបដែរក្នុងក្រុម ជាការពិតស្លាបប្រយុទ្ធអ៊ុយក្រែនពិតជាពិបាកឲ្យខ្សែការពារតាមប្រដេញ ត្រង់ល្បឿនរបស់គេលឿនខ្លាំងដល់ ៣៦,៦ គីឡូម៉ែត្រ/ម៉ោង។
១) Alphonso Davies – អ្នកដែលរត់លឿនបំផុតនៅ UCL រដូវកាលចាស់ គឺជាកីឡាករកាណាដា នៃក្លឹប Bayern Munich ត្រង់គេបានអភិវឌ្ឍខ្លួនច្រើនឆ្នាំហើយ រួចបន្តបន្ទាប់នៅតែធ្វើបានល្អ ក្នុងតំណែងការពារស្លាបឆ្វេង។ ល្បឿនដាច់គេប្រចាំរដូវកាល Davies រត់ដល់ ៣៧,១ គីឡូម៉ែត្រ/ម៉ោង៕
ប្រភព៖ បរទេស