ពីដើមឡើយល្បាក់វ័យកៀកចូលនិវត្ត កីឡាកររមែងគិតដល់ឱកាសស្រវាលុយធំនៅដីប្រទេសចិន ដល់តែឥឡូវប្រែហើយ ម្នាក់ៗមើលឃើញតែលីគអារ៉ាប៊ីសាអូឌីត និងលីគអាមេរិកជាជម្រើសអាទិភាពតែប៉ុណ្ណោះ។ នៅទីនោះកំពុងចាប់ផ្តើមដាក់ទុនធំ អភិវឌ្ឍបាល់ទាត់ក្រោមកញ្ចប់លុយពាន់លាន ជាពិសេស Saudi Pro League តែងមានដំណឹងផ្សារភ្ជាប់ជាមួយកីឡាករកំពូលជាបន្តបន្ទាប់។
ចុងក្រោយនេះ ងាកមកចចាមអារ៉ាមរវាងភាគីក្លឹបឈរលេខ ៧ រដូវកាលចាស់ និងទើបយកបានអ្នកចាត់ការថ្មីលោក Steven Gerrard បានដាក់សំណើជូនទៅកាន់ប្រធានក្រុមហង្សក្រហម Liverpool គឺ Jordan Henderson អំពីការចង់នាំយកមកចូលរួម នៅទីផ្សារដោះដូររដូវក្តៅកំពុងបើកទ្វារ។
ស្ថិតនៅវ័យ ៣៣ ឆ្នាំទៅហើយ ឱកាសឈរជើងនៅ Anfield ក៏ធ្លាក់ចុះទៅតាមនោះដែរ ជាពិសេសបន្ទាប់ក្លឹបដឹកនាំដោយលោក Jurgen Klopp យកបានចំណូលថ្មី Alexis Mac Allister និង Dominik Szoboszlai មកកែឈុតបម្រើ ត្រៀមចូលរដូវកាល ២០២៣/២៤។
តាមកាសែត Daily Mail ចុះផ្សាយ ពេលនេះ Henderson កំពុងស្ថិតក្នុងការសម្រេចចិត្ត ចន្លោះ ១២ ទៅ ២៤ ម៉ោងខាងមុខ ដើម្បីឆ្លើយតបត្រលប់មកភាគីក្លឹបអាណាព្យាបាល និងភាគីក្លឹបចង់បានវិញ ថាព្រមបន្តនៅ Anfield តទៅទៀត ជាមួយសុពលភាពកុងត្រាសេសសល់ដល់ចុងខែមិថុនា ឆ្នាំ ២០២៥ ឬក៏ព្រមស៊ីញ៉េកុងត្រាផ្ទេរទៅក្លឹបថ្មី នៅមជ្ឈិមបូព៌ា។
អំពីសំណើផ្តល់ជូន គឺក្រាស់ក្រែលឥតឧបមា នេះ Al-Ettifaq សន្យាផ្តល់ជូនប្រាក់ឈ្នួល ៧០០ ០០០ ផោន/សប្តាហ៍ វាជាតួលេខខ្ពស់ជាងប្រាក់ទទួលបានបច្ចុប្បន្នពីក្លឹបស្ថិតក្នុងទីក្រុង Merseyside ទទួលបានត្រឹម ១៩០ ០០០ ផោន/សប្តាហ៍ អ៊ីចឹងរាប់ថាខុសគ្នាចូល ៣ ទៅ ៤ ដងឯណោះ។
ល្បាក់អាយុកៀកចូលនិវត្តទៅហើយ បើគិតគូរអនាគតវែងឆ្ងាយទៅមុខ ការក្រសោបយកលុយធំប្រាកដជាជម្រើសល្អ ដ្បិតអីជាមួយ Liverpool នៅរដូវកាលបន្តទៅមុខ ក៏ធ្លាក់ចេញពីពានអឺរ៉ុប Champions League គួបផ្សំភាពមិនប្រាកដប្រជានូវឱកាសបង្ហាញខ្លួនលើទីលានផង។ គួរឲ្យដឹងដែរថា អតីតសមាជិកក្លឹប Sunderland ខាងលើ បានមកចូលរួមជាមួយហង្ស តាំងរដូវក្តៅ ឆ្នាំ ២០១១ រាប់ចូលហួសមួយទសវត្សទៅទៀត ក៏ហៅបានជាកីឡាករឈរជើងយូរបំផុតហើយ។
សារថយក្រោយបន្តិច Henderson និង Gerrard ដែលអាចជាអនាគតគ្រូបង្វឹករបស់គេនោះ កន្លងមកក៏ធ្លាប់ចាប់ដៃគ្នារួមទីលាន Anfield ចន្លោះឆ្នាំ ២០១១ ដល់ ២០១៥ ផងដែរ មុនផ្ទេរទៅចូលនិវត្តនៅក្លឹប Los Angeles FC។ ពេលនោះហើយដែល Henderson ចាប់ទទួលបានតំណែងជាប្រធានក្រុម បន្តពី Gerrard ហើយក៏ជាចំណែកជួយក្លឹបឈោងបានពានរង្វាន់ Premier League ក្រោយខកខាន ៣០ ឆ្នាំ។
ងាកទៅក្លឹបគោលដៅ Al-Ettifaq ឯណោះវិញ ពួកគេឈរនៅលីគកំពូល ៧ ឆ្នាំមកហើយ ខណៈស្ថានភាពចុងក្រោយ មិនទាន់យកបាននរណាជាដុំកំភួនដូច Al-Ahly, Al-Ittihad និង Al-Nassr នោះទេ ពោលត្រឹមបានអ្នកចាត់ការមួយរូបប៉ុណ្ណោះ។ ក៏ប៉ុន្តែតាមព័ត៌មានល្ហិចល្ហៀង Gerrard ក៏បានដាក់គោលដៅទៅលើ Wilfried Zaha, Pierre-Emerick Aubameyang, Philippe Coutinho, Alvaro Morata និង Sadio Mane ជាដើម៕
ប្រភព៖ បរទេស