រៀប​ឈុត ១១ រូប​រជ្ជកាល​ថ្មី ស្វាគមន៍​គ្រូ​ថ្មី​ចូល PSG ប៉ុណ្ណេះ​ល្មម​កាន់​ពាន UCL បាន​អត់?

បើ​សួរ​ថា​ក្លឹប​បាល់ទាត់​នៅ​អឺរ៉ុប​ណា​ដែល​សកម្ម​លើ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​សារ​នេះ​បំផុត? ចម្លើយ​ប្រាកដ​ជា​មិន​អាច​គេច​ផុត​ពី​ក្លឹប​បារាំង Paris Saint-Germain នោះ​ទេ ដ្បិត​អី​ទាំង​ការ​ចាកចេញ ទាំង​ការ​ទិញ​ចូល រាប់​មក​ទល់​រសៀល​ថ្ងៃ​ពុធ​គឺ​មិន​ក្រោម ១០ រូប​ឡើយ។

ឥឡូវ​យើង​និយាយ​តែ​ការ​នាំ​ចូល​ចំណូល​ថ្មី​ធំៗ ​តាំង​ពី​អ្នកចាត់ការ តាំង​ពី​តំបន់​ការពារ ដល់​ប្រយុទ្ធ ហើយ CTS Sports សូម​ច្របាច់​រៀប​ចេញ​ជា​ឈុត ១១ រូប​រជ្ជកាល​ថ្មី ២០២៣/២៤ តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ ៤-៣-៣ ដែល​អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​និយម​យក​មក​ប្រើប្រាស់៖

អ្នកចាំទី Gianluigi Donnarumma: មិន​មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​នោះ​ទេ ខណៈ​ដែល​គុណភាព​សង្រ្គោះ​បាល់​របស់​ដៃ​ទី​មួយ​សញ្ជាតិ​អ៊ីតាលី នៅ​បន្ត​ធ្វើ​បាន​ល្អ បើ​ធៀប​នឹង​អ្នក​ឯ​ទៀត​ដូច​កីឡាករ​ខ្ចី​ជើង​ឲ្យ Nottingham, Keylor Navas និង​ដៃ​ទី​ពីរ Sergio Rico។

ខ្សែ​ការពារ​កណ្តាល Milan Skriniar និង Lucas Hernandez: ជា​ចំណូល​ថ្មី​ទាំង​ព្រម ដែល​ក្លឹប​ស្ថិត​ក្នុង​ទីក្រុង​ប៉ារីស​យក​បាន​ម្នាក់ ក្នុង​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន​ចេញ​ពី Inter Milan ខណៈ​ដែល Lucas ក្លឹប​ចាយ​អស់ ៤៥ លាន​អឺរ៉ូ​ទៅ​ឲ្យ Bayern Munich។ តាម​បទពិសោធន៍​កាន់​ឆ្នាំ​លើ​ទីលាន​របស់​ពួក​គេ មិន​ពិបាក​នោះ​ទេ​សម្រាប់ Enrique ក្នុង​ការ​សម្រេច​ចិត្ត ដាក់​ឲ្យ​ចាប់​ដៃ​គ្នា​នៅ​ជញ្ជាំង​កណ្តាល។

ខ្សែ​ការពារ​ស្លាប​ស្តាំ Achraf Hakimi និង​ស្លាប​ឆ្វេង Nuno Mendes: នេះ​ជា​កីឡាករ​បន្ត​មក​ពី​រដូវ​កាល​ចាស់ ហើយ​ផ្អែក​តាម​គុណភាព​របស់​ពួក​គេ ក៏​មិន​ទាមទារ​ត្រូវ​រក​អ្នក​ជំនួស ជា​រួម​ល្អ​ទាំង​ការពារ ល្អ​ទាំង​ការ​ឆ្មក់​ម្តងម្កាល​ទៅ​តំបន់​ស្លាប​ប្រយុទ្ធ​ខាង​លើ។

ខ្សែ​បម្រើ​ការពារ Manuel Ugarte: យុវជន​វ័យ ២២ ឆ្នាំ សញ្ជាតិ​អ៊ុយរុយហ្គាយ ត្រូវ​បាន PSG ចាយ​លុយ​ដល់ ៦០ លាន​អឺរ៉ូ​ថ្ពក់​យក​គេ​ចេញ​ពី​ក្លឹប​ព័រទុយហ្គាល់ Sporting CP។ បែប​នេះ​ក៏​ជឿ​ថា Enrique នឹង​ដាក់​វត្តមាន​គេ ទៅ​ក្នុង​ផែនការណ៍​រដូវ​កាល​ថ្មី ក៏​ជា​ចក្ខុវិស័យ​របស់​ក្លឹប ដែល​ចង់​គាស់​ចូល​តំបន់​ស្នូល​ថ្មី​ទាំង​ស្រុង។

ខ្សែ​បម្រើ Marco Verratti: ទោះ​មាន​អ្នក​ថ្មី​ល្អ​ប៉ុណ្ណា ក៏​ជឿ​ថា PSG នឹង​មិន​អាច​បោះបង់ ឬ​មើល​រំលង​កីឡាករ​កាន់​ឆ្នាំ​សញ្ជាតិ​អ៊ីតាលី​បាន​ដែរ។ ដូច្នេះ​តំណែង​របស់​គេ នៅ​បម្រើ​ខាង​លើ ក៏​នៅ​តែ​មាន រួច​អ្នក​ជម្រើស​បន្តបន្ទាប់ រួម​មាន Vitinha, Fabian Ruiz, Renato Sanches, និង Carlos Soler ជា​ដើម។
ខ្សែ​បម្រើ Kang-in Lee: នេះ​គឺ​ជា​បម្រើ​ប្រយុទ្ធ​ដែល​ជា​ទូទៅ PSG កម្រ​យក Role នេះ​ចូល​ណាស់ តែ​ជាមួយ​ការ​មក​ដល់​របស់​គ្រូ​ថ្មី ចំណាំ​រៀប​ប្រព័ន្ធ​សម្រុក​ទៅ​មុខ​ខ្លាំង​ជាង​ការពារ អ៊ីចឹង​ការ​ប្រើប្រាស់​កីឡាករ​កូរ៉េ​ខាង​ត្បូង គឺ​ពិត​ជា​តម្រូវ​ការ​ចាំ​បាច់។

ខ្សែ​ប្រយុទ្ធ​ស្លាប​ឆ្វេង Neymar Jr: បើ​ទោះ​បី Julian Draxler ​ត្រលប់​មក​វិញ ក៏​មិន​រំពឹង​អាច​ប្រជែង​ឈ្នះ​ជម្រើស​ដំបូង​ជាមួយ​កីឡាករ​ប្រេស៊ីល​នោះ​ដែរ។ វា​បូក​ផ្សំ Neymar ជា​សះស្បើយ​ត្រៀម​ខ្លួន​រួចរាល់ បន្ថែម​នឹង​ទំនាក់ទំនង​ជិតដិត​ស្រាប់​រវាង​អតីត​គ្រូ​នៅ Barcelona ផង អ៊ីចឹង​តំបន់​ប្រយុទ្ធ​ខាង​ឆ្វេង ពិត​ណាស់​នឹង​ធ្លាក់​មក​កីឡាករ​វ័យ ៣១ ឆ្នាំ​ដដែល។

ខ្សែ​ប្រយុទ្ធ​ស្លាប​ស្តាំ Marco Asensio: នេះ​គឺ​ជា​អ្នក​ជំនួស Lionel Messi ដែល​បាន​ចាកចេញ ហើយ PSG យក​មក​មិន​អស់​លុយ​ផ្ទេរ​សូម្បី​មួយ​រៀល ចេញ​ពី​ការ​ផុត​កុងត្រា​នៅ Real Madrid។

ខ្សែ​ប្រយុទ្ធ​ប្រអប់ Kylian Mbappe: បើ​មិន​ចាកចេញ​ទៅ​ណា ជា​ការ​ពិត​កីឡាករ​បារាំង​ក៏​នឹង​បន្ត​ជាប់​ជម្រើស​ដំបូង​ជាប់លាប់​ដដែល ហើយ​អ្នក​បន្ទាប់​បន្សំ​តួ​រង តួ​ជំនួស​នៅ​តំណែង​នេះ រួម​មាន Mauro Icardi ​និង​ចំណូល​ថ្មី​ទើប​យក​បាន Hugo Ekitike៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT