នៅកំឡុង Pre-Season ដែលក្លឹបបាល់ទាត់ទាំងអស់កំពុងសកម្មនឹងដំណើរត្រៀមវិលចូលរដូវកាលថ្មី ងាកមកបាល់ទាត់នារីឯណេះវិញ ក៏ត្រូវដើរចូលព្រឹត្តិការណ៍ខ្នាតយក្សដណ្តើមពានពិភពលោក FIFA Women’s World Cup 2023 ធ្វើឡើងក្នុងទឹកដីម្ចាស់ផ្ទះអូស្ត្រាលី និងនូវែលហ្សេឡង់។
កាលបរិច្ឆេទប្រកួត កំណត់យកថ្ងៃចាប់ផ្ដើមទី ២០ កក្កដា រួចបញ្ចប់ទៅវិញដល់រកឃើញម្ចាស់ជើងឯកក្រោយនោះមួយខែ ពោលចំថ្ងៃទី ២០ សីហា ជាមួយការប្រកួតប្រជែងនៃប្រទេសចូលរួមទាំង ៣២ មកពីទ្វីបទាំង ៦ នៅកីឡដ្ឋានចំនួន ១០ ក្នុងទីក្រុងទាំង ៩។
យ៉ាងណាក្នុងចំណោមនោះ យើងចាប់អារម្មណ៍ ៨ ក្រុមទើបតែបានស្គាល់ជាតិមកចូលរួមពានរង្វាន់ខាងលើ ជាលើកដំបូង បើទោះបី FIFA បង្កើតពាននេះឡើងតាំងឆ្នាំ ១៩៩១។ តួយ៉ាងរួមមាន៖
8. ព័រទុយហ្គាល់ – ក្រុមបាល់ទាត់នារីកំពុងឈរចំណាត់ថ្នាក់លេខ ២១ នៅ FIFA Ranking តាមថាប៊ិះតែនឹងរបូតឱកាសទៅទៀត ចេះបានសល់ដង្ហើមប្រជែងវគ្គ Inter-confederation Play-offs ដែលកាលនោះយកឈ្នះកាមេរ៉ូននាវគ្គចុងក្រោយ បន្ទាប់ក្រុមមកពីអាហ្រ្វិកយកឈ្នះទៅលើក្រុមបាល់ទាត់នារីថៃ។
7. សាធារណរដ្ឋអៀរឡង់ – ចំពោះក្រុមមកពីទ្វីបអឺរ៉ុប កំពុងឈរលេខ ២២ ក៏ជាលើកដំបូងសម្រាប់ពួកគេផងដែរ តែក៏ឈោងបានឱកាសទាំងប្រផុតប្រផើយ បន្ទាប់របូតតំណែងកំពូលនៅក្នុងពូល ហើយត្រូវមកឆ្លងកាត់វគ្គជម្រុះច្រើនតង់ UEFA Play-offs ទម្រាំបានឡើងមកដល់ការប្រកួតផ្លូវការ។
6. ប៉ាណាម៉ា – ងាកមកជម្រើសជាតិឈរលេខ ៥២ នៅ FIFA Ranking ស្ថិតនៅទ្វីបអាមេរិកកណ្តាល សារនេះក៏ជាលើកដំបូង ដែលមានក្រុមបាល់ទាត់នារីមកចូលរួមនៅ World Cup ហើយពួកគេឡើងតាមរយៈឱកាសចុងក្រោយស្រដៀងនឹងព័រទុយហ្គាល់ គឺជាអ្នកឈ្នះក្នុងវគ្គ Inter-confederation Play-offs ប្រចាំពូល C។
5. ហៃទី – បើមើលការលេងផ្អែកតាមចំណាត់ថ្នាក់ គឺប្រទេសដីកោះនៅការ៉ាប៊ីនមួយនេះ ប្រហាក់ប្រហែលគ្នានឹងប៉ាណាម៉ាដែរ រួចកៅអីមួយក្នុងចំណោម ៣២ ក្រុម ក៏ពួកគេទទួលបានតាមរយៈអ្នកឈ្នះវគ្គ Inter-Confederation Play-offs Group B ក្រោយការបំបាក់សេណេហ្គាល់ និងឈីលី។
4. ហ្សំប៊ី – ជម្រើសជាតិនារីឈរលេខ ៧៧ នៅ FIFA Ranking តំណាងឲ្យទ្វីបអាហ្រ្វិក បានកៅអីមក World Cup សារនេះ តាមរយៈការឈ្នះចំណាត់ថ្នាក់ទី ៣ នៅពានរង្វាន់ Women’s Africa Cup of Nations កាលឆ្នាំ ២០២២។
3. ម៉ារ៉ុក – ឥតខុសគ្នាពីហ្សំប៊ី ៤ កៅអីផ្តល់ឲ្យលេខ ១ ដល់លេខ ៤ ជម្រើសជាតិឈ្នះជើងឯកពានរង្វាន់ខាងលើ នឹងបានកៅអីមកកាន់ព្រឹត្តិការណ៍ World Cup ហើយម៉ារ៉ុកឆ្នាំទៅ ឈរតំណែងជើងឯករង។
2. វៀតណាម – ចាប់អារម្មណ៍ក្រុមនៅទ្វីបអាស៊ី គឺមាន ២ ក្រុមចេញមកពីអាស៊ីអាគ្នេយ៍បង្ហាញមុខលើកដំបូង ហើយវៀតណាមឈរលេខ ៣២ នៅ FIFA Ranking បានសាងប្រវត្តិសាស្រ្តមកលេងនៅ World Cup នេះរាប់ថា ឈុតនារី ធ្វើបានមុន ទាំងឈុតបុរសទៅទៀត។ លម្អិតចំពោះគូត្រូវប៉ះ ពួកគេកំណត់ជួបម្ចាស់ជើងឯក ២ សម័យជាប់ សហរដ្ឋអាមេរិក, ព័រទុយហ្គាល់ និងហូឡង់ក្នុងពូល E។
- ហ្វីលីពីន – បើទោះបីចាញ់កូរ៉េខាងត្បូង ខកខានឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រពាន AFC Women’s Asian Cup 2022 ក៏ហ្វីលីពីនបានមួយកៅអីក្នុងចំណោម ៤ កៅអីត្រូវសម្រេចមក World Cup ឆ្នាំបន្ទាប់។ ជម្រើសជាតិនារីឈរលេខ ៤៦ ឯណេះវិញ ក៏ត្រូវប៉ះគីឡូធ្ងន់ដូចម្ចាស់ផ្ទះនូវែលហ្សេឡង់, ន័រវេស និងស្វីសនៅពូល A៕
ប្រភព៖ បរទេស