មក​មើល​ចាស់​ថ្មី ៨ រូប​នៅ Man United នរណា​ខ្លះ​អាច​យក​ឈ្នះ​បណ្តាសារ​អាវ​លេខ ៧ បាន?

និយាយ​តែ​ក្នុង​សតវត្ស​ទី ២១ សម្រាប់​អាវ​លេខ ៧ ប្រចាំក្លឹប​បិសាច​ក្រហម Manchester United បាន​ក្លាយ​ជា​ប្រធានបទ​ដែល​ត្រូវ​គេ​លើក​មក​ជជែក​ឥត​ឈប់ ហើយ​គ្រប់​គ្នា​តែងតែ​ចង់​ដឹង អ្នក​បន្ទាប់មក​ស្នង ពីមួយសម័យទៅមួយសម័យ ​អាច​ឆ្លង​ផុត​បណ្តាសារ​អាក្រក់ កែ​មក​ក្លាយ​ជា​ជោគជ័យ​ដុំកំភួន​ដែរ​ឬ​យ៉ាង​ណា?

គួរឲ្យដឹងដែរថា ម្ចាស់​អាវ​លេខ ៧ ថ្មី​នៅ​ទឹកដី Old Trafford ទើប​តែ​ប្រកាស​គឺ​ជា Mason Mount ចុះ​សារ​ថយ​ក្រោយ រាប់​តាំង​ឆ្នាំ ២០០១ មក​ទល់​សព្វថ្ងៃ តើ​នរណា​ខ្លះ​បាន​ហែលកាត់​ការ​ពាក់​លេខ​ពិសេស​នោះ ហើយ​នរណា​ខ្លះ​ដែល​បាន​រក្សា​ទុក​អនុស្សាវរីយ៍​គួរ​ឲ្យ​ចងចាំ និង​គួរ​ឲ្យ​បំភ្លេច?

៨.David Beckham

នេះ​អតីត​កីឡាករ​អង់គ្លេស​បាន​ប្រើប្រាស់​អាវ​លេខ ៧ ដំបូង​គេ​បង្អស់​ក្នុង​សតវត្ស​ទី ២១ នៅ United ហើយ​លទ្ធផល​គឺ​ល្អ ត្រង់​រាប់​បាន​ជា​វីរបុរស​ដែល​អ្នក​គាំទ្រ​តែង​លើក​មក​សរសើរ និង​រំឭក​ជា​រឿយៗ។ លេង​បម្រើ​ក៏​បាន ប្រយុទ្ធ​ស្លាប​សង​ខាង​ក៏​បាន Beckham ជើង​ស៊ុត Freekick ឈរ​ជើង​សរុប ៣៩៤ ប្រកួត ក៏​រក​បាន ៨៥ គ្រាប់​និង Assist ១២០ លើក​ឲ្យ​ក្លឹប​ស្ថិត​ក្នុង​ទីក្រុង Manchester។

៧.Cristiano Ronaldo

បន្ទាប់​តែ Beckham ចាកចេញ​ទៅ អ្នក​ចូល​មក​បន្ទាប់​ក៏​ទទួល​បាន​ជោគជ័យ​ក្រាស់ក្រែល​ដែរ ពោល​គឺ​ជាមួយ​វត្តមាន​យុវជន​ឆ្នើម​ព័រទុយហ្គាល់ ដែល​ត្រូវ​បាន Sir Alex Ferguson ដាក់​ការ​ជឿ​ទុក​ចិត្ត ជាប់​រហស្សនាម​ជាកូនធម៌ ‘CR7’។ ឆ្លង​កាត់​ពេលវេលា ៦ ឆ្នាំ​នៅ Old Trafford ​កីឡាករ​ខាង​លើ ​បាន​ឆក់​យក​បេះដូង​អ្នក​គាំទ្រ​រាប់​លាន​នាក់ តាម​រយៈ​បច្ចេកទេស​បណ្តើរ​បាល់ កម្លាំង​នៃ​ការ​ស៊ុត​ល្អសឹង​គ្រប់​មុំ។ ពាន UCL, Premier League និង​សូម្បី​ពាន​ឯកត្តជន Ballon d’Or ក៏​គេ​បាន​កាន់​គ្រប់​សព្វ រាប់​ថា​លើក​ទី ១ ជា​ពេលវេលា​ល្អ​គួរ​ឲ្យ​ចងចាំ តែ​ចូល​ដល់​លើក​ទី​ពីរ ២ ចន្លោះ​ឆ្នាំ ២០២១-២២ មិន​មាន​អ្វី​ត្រូវ​កត់ត្រា​ទុក​ដូច​កាល​លើក​ដំបូង​ឡើយ។

៦.Michael Owen

បន្ទាប់ Ronaldo ផ្ទេរ​ទៅ Real Madrid ក្លឹប​ក៏​យក​បាន​ម្ចាស់​លេខ ៧ ថ្មី​ជា​កីឡាករ​អង់គ្លេស ហើយ​ឈរ​ជើង​នៅ​ទី​នោះ ៣ រដូវ​កាល ត្រឹម​រក​បាន ១៧ គ្រាប់ នៅ ៥២ ប្រកួត​ប៉ុណ្ណោះ។ បែប​នេះ​រាប់​បាន​ជា​អ្នក​ជាប់​គាំង​ក្នុង​បណ្តាសារ​អាក្រក់​សម្ភោធ​ឡើង​ដំបូង​គេ​បង្អស់។

៥.Antonio Valencia

លេង Role ចម្រុះ​តាំង​ពី​ការពារ បម្រើ និង​ប្រយុទ្ធ​ស្លាប​ស្តាំ តែ​នៅ​រដូវ​កាល ២០១២/១៣ ដែល​គេ​ទទួល​បាន​អាវ​លេខ ៧ បន្ត​ពី Owen នោះ ក៏​មិន​ជោគជ័យ​ដែរ នេះ​​ឈរ​ជើង ៤០ ប្រកួត រក​បាន​តែ ១ គ្រាប់​គត់។

៤.Angel di Maria

ចុះ​ឡើង​ក្លឹប​ក៏​រក​បាន​កីឡាករ​ចំណូល​ថ្មី មក​ពង្រឹង​នៅ​តំបន់​ប្រយុទ្ធ ហើយ​ចាយ​លុយ​ដល់ ៧៥ លាន​អឺរ៉ូ ថ្ពក់​ចូល di Maria មក​កាន់ Old Trafford។ បណ្តាសារ​ដាំ​បរាជ័យ​ដល់​ម្ចាស់​អាវ​លេខ ៧ នៅ​តែ​បន្ត នេះ​រក​បាន ៤ គ្រាប់​គត់ ហើយ​ផ្សំ​រឿងរ៉ាវ​កុង​គ្នា​នឹង​គ្រូ​ផង ក៏​នាំ​ឲ្យ​គេ​ត្រូវ​ផ្ទេរ​ចេញ​នៅ​មួយ​ឆ្នាំ​បន្ទាប់។

៣.Memphis Depay

Louis van Gaal ជា​អ្នកចាត់ការ​ជំនាន់​នោះ ស្រលាញ់​ជាតិសាសន៍​ឯង​ហូឡង់ ក៏​ព្យាយាម​លើក​ជើង​កីឡាករ​ហូឡង់​ឲ្យ Depay បាន​គ្រោង​អាវ​លេខ ៧។ តែ​លទ្ធផល​នៅ​បន្ត​ដូច​អ្នក​មុន ឈរ​ជើង​ដល់​ជាង ៥០ ប្រកួត រក​បាន​មិន​ដល់ ១០ គ្រាប់​ផង។

២.Alexis Sanchez

មិន​ឲ្យ​ជឿ​ថា​លេខ​អាវ​នេះ ជាប់​បណ្តាសារ​យ៉ាង​ម៉េច មើល​ចុះ​ដូច​កីឡាករ​ឈីលី Sanchez កាល​នៅ Arsenal រាប់​ចូល​ជា​គីឡូ Legend ស៊ុត​ឥត​ប្រណី ដល់​តែ​ផ្ទេរ​មក​ក្លឹប​ថ្មី បាន​ពាក់​លេខ ៧ ធ្លាក់​ចុះ​ទម្រង់​លេង​យ៉ាង​គំហុក នេះ ២ រដូវ​កាល​រក​បាន​តែ ៥ គ្រាប់​គត់​ជូន​ក្រុម។

១.Edinson Cavani

ចុងក្រោយ​និយាយ​ពី​កីឡាករ​អ៊ុយរុយហ្គាយ ផ្ទេរ​មក​ភ្លាម បាន​សម្ភោធ​អាវ​លេខ ៧ ថ្មី​បន្ត​ភ្លែត តែ​រាប់​ថា​គេ​ធ្វើ​បាន​ប្រសើរ​ជាង ធៀប​នឹង​កាល Depay, di Maria និង​សូម្បី​ Sanchez។ ត្រង់ ៥៩ ប្រកួត ក៏​រក​បាន ១៩ គ្រាប់​ផង​ដែរ តែ​បើ​សួរ​ថា សក្តិសម​ជា​ Legend ម្ចាស់​អាវ​លេខ ៧ គួរ​ឲ្យ​ចងចាំ​ឬ​អត់? ចម្លើយ​គឺ​អត់​ទេ។

សរុប​មក​មាន​ន័យ​ថា ក្នុង​សតវត្ស​ទី ២១ នេះ​គឺ​មាន​តែ Ronaldo និង Beckham ប៉ុណ្ណោះ​ជា​ម្ចាស់​អាវ​លេខ ៧ ពិត​ដែល​គួរ​ឲ្យ​ចងចាំ​ក្នុង​ប្រវត្តិសាស្រ្ត​ក្លឹប តែ​បែរ​អ្នក​ដទៃ​ដូច​ការ​បូក​បញ្ចូល​គ្រាប់​បាល់​ក្នុង​លីគ​នា​រយៈ​កាល ២០ ឆ្នាំ​ចុង​ក្រោយ ពួក​គេ​ធ្វើ​បាន​សរុប​​ត្រឹម ២៧ គ្រាប់ ខណៈ CR7 តែ​ម្នាក់​ឯង​បាន​ដល់ ១០៣ គ្រាប់៕

ប្រភព៖ បរទេស​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT