កាលឆ្នាំទៅនៅល្បាក់ខែកក្កដានេះ អ្នកគាំទ្រក្នុងប្រទេសថៃបានទទួលអារម្មណ៍រំភើបជាពន់ពេក ជាមួយនឹងជំនួបគូធំមកពីអឺរ៉ុបគឺរវាង Manchestser United ទល់ Liverpool តែសោកស្ដាយកាលនោះពុំមានវត្តមាន Cristiano Ronaldo។ ដល់តែឆ្នាំ ២០២៣ កំឡុងពេលវេលាដដែល ក៏ពួកគេត្រៀមទទួលមួយគូពិសេសទៀតហើយ ជើងនេះ ជាការជួបរវាង Leicester City ទល់ Tottenham Hotspur។
កាលបរិច្ឆេទប្រកួតមិត្តភាពត្រៀមបើករដូវកាលខាងលើ នឹងធ្វើឡើងនៅវេលាម៉ោង ១៧:០០ នាទី ថ្ងៃអាទិត្យ ទី ២៥ កក្កដា ឆ្នាំ ២០២៣ ក្នុងកីឡដ្ឋាន Rajamangala Stadium នៃទីក្រុងបាងកក ប្រទេសថៃ ហើយតម្លៃសំបុត្រមានចាប់ពី ១ ៥០០ បាត ប្រមាណជាង ៤២ ដុល្លារ ទៅដល់ខ្ពស់បំផុត ៥ ៥០០ បាត ជិត ១៦០ ដុល្លារ ផ្អែកតាមជម្រើសប្រភេទកៅអីទៅតាម Zone អ្នកទស្សនាធ្វើការជ្រើសរើស។
គួរឲ្យដឹងដែរថា ទំហំផ្ទុកអ្នកទស្សនាមួយពេញក្នុងកីឡដ្ឋានខាងលើ មានចំណុះផ្ទុក ៥១ ៥៥២ នាក់ ក៏ប៉ុន្តែធ្លាប់មានកំណត់ត្រាញាត់បានអ្នកគាំទ្រចូល ៧០ ០០០ នាក់ កាលឆ្នាំ ២០០១ នាជំនួបមិត្តភាពជម្រើសជាតិថៃ ទល់ Liverpool។
ទោះជាយ៉ាងណាបើអ្នកយល់ថា តម្លៃសំបុត្រខាងលើវាមានតម្លៃថ្លៃ ក៏អាចមានជម្រើសចាយលុយនូវកញ្ចប់ថវិកាទាប ត្រឹម ២៥០ បាតឬជាង ៧ ដុល្លារប៉ុណ្ណោះ តែត្រឹមជាការទស្សនាដំណើរបើកហ្វឹកហាត់របស់ក្លឹប Spurs នាល្ងាចថ្ងៃសៅរ៍ មុននោះមួយថ្ងៃ។
នេះគឺជាលើកទី ១ របស់ក្លឹបមានមូលដ្ឋានក្នុងទីក្រុងឡុង ដែលបានធ្វើដំណើរមកកាន់ទីក្រុងបាងកក ខណៈក្លឹប Leicester ឯណោះ កន្លងមកធ្លាប់ហោះចូលទឹកដីប្រទេសក្នុងតំបន់អាស៊ានញឹកញយគួរសមដែរ ដ្បិតអីមានម្ចាស់ជាជនជាតិថៃស្រាប់ កាន់កាប់តាំងឆ្នាំ ២០១០។ ដូច្នេះហើយសម្រាប់អ្នកគាំទ្រក្លឹប Spurs ជាពិសេស នឹងទទួលបានទស្សនីយភាពប្លែកភ្នែកមិនធ្លាប់មានជាលើកដំបូង សំខាន់បំផុតនោះ គឺមានឱកាសអាចជួបតារាឆ្នើម Harry Kane ជាប្រធានក្រុមជម្រើសជាតិអង់គ្លេស ដូចគ្នានឹងខ្សែប្រយុទ្ធល្បីឈ្មោះប្រចាំតំបន់អាស៊ីគឺ Son Heung-min កំឡុងការប្រកួតខាងមុខ។
បន្តផុតពីប្រកួតនៅប្រទេសថៃ អ្នកគាំទ្រនៅអាស៊ីអាគ្នេយ៍ក៏បន្តមានឱកាសមួយផ្សេងទៀត នោះគឺក្នុងប្រទេសសិង្ហបុរី ដែលក្លឹបហង្សក្រហម Liverpool ណាត់បើកការប្រកួតទល់ក្លឹប Liecester City និង Bayern Munich ចំថ្ងៃទី ៣០ កក្កដា និង ០២ សីហា។ រីឯក្លឹបគូប្រជែង Manchester City ហោះទៅខាងទឹកដីជប៉ុននិងកូរ៉េខាងត្បូង ល្បាក់ចុងខែនេះ ណាត់គូមិត្តភាពទល់ក្លឹប Yokohama F Marinos, Bayern Munich និង Atletico Madrid។ ខណៈដែល Arsenal និង Manchester United ចំពោះ Preseason Tour ជើងនេះ គឺជ្រើសយកទឹកដីសហរដ្ឋអាមេរិកឯណោះ។
ចុងក្រោយអំពី GOAT ទាំងពីរក្នុងពិភពបាល់ទាត់ សម្រាប់ Lionel Messi ដូចបានដឹងគឺជាប់ភារកិច្ចក្របខ័ណ្ឌ Major Soccer League ជាមួយក្លឹប Inter Miami រីឯ Cristiano Ronaldo ក៏ទើបបញ្ចប់វិស្សមកាលរយៈពេលខ្លី ហោះមកត្រៀមហ្វឹកហាត់ជាមួយក្លឹប Al Nassr ដើម្បីបំពេញកាលវិភាគមិត្តភាពទល់ក្លឹប PSG និង Inter Milan នាថ្ងៃទី ២៥ និង ២៧ កក្កដា ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន៕
ប្រភព៖ បរទេស