ជាមួយបាល់ទាត់ អាយុគ្រាន់តែជាតួលេខ មិនប្រាកដថាបណ្តាកីឡាករវ័យក្មេង អាចពេញឈ្មោះបោះសំឡេងជាងកីឡាករចាស់វស្សានោះទេ ខ្លះទៅនៅក្មេងខ្ចីខិតខំខ្លាំងដែរ តែឱកាសបូកសំណាងមិនទាន់មកដល់ រហូតឆ្លងចូលល្បាក់ ៣០ កៀកវ័យអ្នកមួយចំនួនចូលនិវត្ត បែរជាឡើងកូដ រំលេចមកកើតជាគ្រាប់ពេជ្រភ្លឺចិញ្ចាចទៅវិញ។ CTS Sports ធ្វើការបង្ហាញឈ្មោះតារាបាល់ទាត់ទាំង ៥ នោះ៖
៥) Luka Modric
វិលទៅជិត ១០ ឆ្នាំមុន ប្រហែលពុំសូវមានអ្នកស្គាល់តារាឆ្នើមសញ្ជាតិក្រូអាតរូបនេះឡើយ បើទោះបីមានឈ្មោះឈរជើងឲ្យក្លឹបស្តេចស Real Madrid។ នៅស្រករអាយុ ២៦ ឬ ២៧ ឆ្នាំ ពេលនោះ Modric បានចូលរួមចំណែកគួរសមដែរ នៅតំណែងបម្រើ ជាមួយក្លឹបអេស្ប៉ាញ តែពេលវេលាល្បីល្បាញរបស់គេ គឺកើតឡើងនៅឆ្នាំ ២០១៨ ចំពេលចូលតួលេខអាយុ ៣២ ឆ្នាំឯណេះ។
វាជាពេលដែលអតីតសមាជិកក្លឹប Spurs រះឡើងជាមួយប្រទេសតូចក្រូអាតនៅពានរង្វាន់ FIFA World Cup ឡើងដល់វគ្គផ្តាច់ព្រ័ត្រ បរាជ័យទល់ជើងឯកបារាំង។ យ៉ាងណាគេបានឈ្នះពានឯកត្តជនធំៗលើកដំបូងនៅឆ្នាំនោះ មាន FIFA The Best, UEFA Best Player of the Year និង Ballon d’Or។
៤) Robert Lewandowski
ស្រដៀងនឹងករណីខាងលើដែរ ងាកមកខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ ចាប់តាំងមកចូលរួមជាមួយ Bayern Munich ទទួលស្គាល់រកបានគ្រាប់បាល់ជាបន្តបន្ទាប់ តែគេត្រូវរង់ចាំដល់អាយុ ៣១ ឆ្នាំ នៅល្បាក់ ២០២០ ទើបជាពេលវេលាគួរឲ្យចងចាំក្នុងអាជីព។
Lewandowski រះឡើងជាមួយទាំងគ្រាប់បាល់ ជាមួយទាំងពានរង្វាន់ UEFA Champions League បូកផ្សំនឹងពានឯកត្តជន FIFA The Best និង UEFA The Best Player of the Year ជាលើកដំបូង តែស្តាយ Ballon d’Or ឆ្នាំនោះត្រូវរំសាយ កុំអីហ្នឹង អាចធ្លាក់ទៅដល់ដៃគេទៀត។
៣) Didier Drogba
កីឡាករអាហ្រ្វិកជាទូទៅពិបាករកផ្លូវល្បីឈ្មោះឃើញណាស់នៅបាល់ទាត់អឺរ៉ុប តែវិលទៅសម័យកាលជិត ២ ទសវត្សមុន គឺខ្សែប្រយុទ្ធសញ្ជាតិកូឌីវ័រ ពិតជាអាចជម្នះវាបាន ពោលកំឡុងពេលឈរជើងឲ្យក្លឹបតោខៀវ Chelsea។ នៅអាយុស្រករ ៣០ ចន្លោះរដូវកាល ២០០៦/០៧ ឡើងមក Drogba ចាប់ស៊ុតឥតប្រណី រង្គើដីអង់គ្លេស កាន់ទាំងពានលីគ កាន់ទាំងពានអឺរ៉ុប រួចក៏បានឈ្នះពាននាមកីឡាករអាហ្វ្រិកល្អបំផុតប្រចាំឆ្នាំពីរលើកផងដែរ។
២) Zlatan Ibrahimovic
អាជីពនៅ Ajax, Juventus, Inter និង Barcelona ស្រករអាយុជាង ២០ មិនបានរុញឲ្យ Zlatan ទទួលភាពល្បីល្បាញនោះទេ រហូតមកដល់ការចូលរួមជាមួយ AC Milan នៅពេលលោកមានអាយុ ៣០ ឆ្នាំ ទើបចាប់ផ្ទុះការគាំទ្រ ដោយសារតួលេខគ្រាប់បាល់កើនឡើងខ្ពស់ រហូតដល់ PSG ចាប់ចិត្តថ្ពក់យកទៅចូលរួមបន្ត ដល់កើតគ្រាប់បាល់ ១៥៦ គ្រាប់ Assist ៦១ លើក ត្រឹម ១៨០ ប្រកួត។
១) Karim Benzema
មិនបាច់រៀបរាប់ច្រើន ក៏ប្រហែលអ្នករាល់គ្នាដឹង ត្រង់កីឡាករបារាំង ដែលស្ថិតនៅអាយុ ៣៥ ឆ្នាំ ក៏ទើបតែរកឃើញភាពជាខ្លួនឯង កេរ្តិ៍ឈ្មោះគោះចូលអាជីពពេញទំហឹង ថយក្រោយនៅ ១ ឬ ២ ឆ្នាំមុន ជារួមគឺពេលលែងជាស្រមោលរបស់ Cristiano Ronaldo។
ទើបតែមកដល់ឆ្នាំ ២០២២ ដែល Benzema ស្គាល់ជាតិកាន់ពាន Ballon d’Or និង UEFA Best Player of the Year ហើយការឈ្នះ Top Scorer ទាំងនៅ La Liga ទាំងនៅ UCL ជាលើកដំបូង ក៏ឈោងបាននៅល្បាក់ឆ្នាំជាមួយគ្នានោះដែរ។ ទន្ទឹមប្រជាប្រិយភាពមួយរំពេចនេះ ខ្សែប្រយុទ្ធប្រអប់ជំនាញជើងស្តាំ ក៏ត្រូវបានក្លឹបនៅអារ៉ាប៊ីសាអូឌីតហ៊ានផ្តល់ឲ្យប្រាក់ឈ្នួលមួយឆ្នាំជាង ២០០ លានដុល្លារ ប្រហាក់ប្រហែលនឹងតួលេខ CR7 ទទួលបានពី Al Nassr៕
ប្រភព៖ បរទេស