ធ្លាប់ស្ថិតក្នុងរជ្ជកាល ‘BBC’ រួមគ្នា ល្បាក់ឆ្នាំ ២០១៣ ដល់ ២០១៨ រាប់ថា Gareth Bale បានហែលកាត់បទពិសោធន៍ជីវិតទាំងក្នុងនិងក្រៅទីលានជាមួយ Cristiano Ronaldo ជាកំពូលកីឡាករបាល់ទាត់មួយរូបក្រាស់ក្រែលគួរសមដែរ។ យ៉ាងណាងាកមកស្ថានភាពអាជីពចុងក្រោយ គឺផ្ទុយស្រឡះដ្បិតខ្សែប្រយុទ្ធចាស់វស្សាព័រទុយហ្គាល់ កំពុងឈរជើងឲ្យក្លឹបអាស៊ី Al Nassr រីឯកីឡាករសញ្ជាតិវែល ប្រកាសចូលនិវត្តពីបាល់ទាត់ រួចទៅវាយកូនហ្គោលយ៉ាងរីករាយ។
ទន្ទឹមនឹងពេលវេលាជាមួយអាជីពថ្មី នៅព្រឹត្តិការណ៍ BMW International Open Pro-Am Golf Tournamenth ស្រាប់តែ Bale បានជជែកឆ្លើយតបនូវសំណួរគួរឲ្យចាប់អារម្មណ៍ជាច្រើន រវាង YouTuber លោក Martin Borgmeier ហើយក៏ប្រទះឃើញពាក្យពេចន៍ហែកកេរ្តិ៍មិត្តចាស់ CR7 ប៉ុន្មានម៉ាត់ផងដែរ។
Bale does not rate Cristiano Ronaldo like that. pic.twitter.com/CSDrTA9LnT
— G (@PassedToMessi) June 29, 2023
អតីតសមាជិកក្លឹប Real Madrid ខាងលើ និយាយ៖ “Ronaldo គាត់អត់អីទេ វាមានពេលវេលាម្ដងម្កាលរបស់គាត់ ដូចឧទាហរណ៍ថា ក្លឹបរបស់យើងឈ្នះ ៥-០ តែ Ronaldo អត់អាចរកបានគ្រាប់បាល់ នោះចាំមើលចុះ គាត់នឹងបង្ហាញអារម្មណ៍ខឹងសម្បាមកហើយ គាត់ចូលមកក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ដោះស្បែកជើងគ្រវែងចោលអីអ៊ីចឹងទៅ”។
“តែយ៉ាងណាគាត់ជាបុរសដ៏ល្អម្នាក់ វាគ្មានអ្វីខុសនោះទេ ត្រង់ពួកយើងមិនធ្លាប់មានបញ្ហាអ្វីនឹងគ្នា នេះ Ronaldo គាត់ជាអត្តពលិកមានផ្លូវចិត្តដ៏ល្អម្នាក់ ហើយមានកីឡាករជាច្រើនខ្លាចគាត់ តែបើអ្នកមិនខ្លាចគាត់ ក៏មិនអីដែរ”។
Borgmeier បានសួរនាំលម្អិត ចុះពេលឈ្នះពាន Ballon d’Or តើ Ronaldo បាននិយាយអរគុណដល់មិត្តរួមក្លឹបឬអត់? Bale ឆ្លើយ៖ “ហ្នឹងហើយគាត់បានអរគុណមកកាន់ពួកយើង”។
យ៉ាងណាសារទៅមុននោះប៉ុន្មានសប្តាហ៍ អតីតកីឡាករក្លឹប Spurs ក៏ត្រូវបានគេសួរនាំមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រពានអឺរ៉ុប តើនរណាជាកីឡាករល្អបំផុតបានឈ្នះពាន UEFA Champions League? ក៏ស្រាប់ Bale ឆ្លើយ៖ “គឺ Messi”។
ផ្សារភ្ជាប់រឿងរ៉ាវអស់នេះ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ត្រង់កីឡាករវែលហាក់មិនសូវជាលើកសរសើរអតីតមិត្តចាស់នៅស្តេចសទាល់តែសោះ ហើយជាការពិត កម្រណាស់នឹងឃើញសម្រង់សម្តីកីឡាករចាស់ថ្មី ខាងក្លឹប Real Madrid ជ្រើសយកសមាជិកក្លឹប Barcelona ល្អជាងសមាជិកក្លឹបរបស់ខ្លួន។
មតិពីអ្នកគាំទ្រលើកឡើងថា៖ “ទំនងកីឡាករខ្លះមិនហ៊ាននិយាយ ដល់តែថ្ងៃចាកចេញពីក្លឹប ទើបពួកគេហ៊ានលើកឡើងជាសាធារណៈ”។ មតិផ្សេងទៀតថា៖ “ការស្រលាញ់គឺមានរៀងគ្នា តែបើយើងមើលឲ្យស៊ីជម្រៅទៅ ដឹងច្បាស់ហើយថានរណាល្អជាងនរណានៅ Champions League”។
គួររំឭកថា គ្រប់យ៉ាងនៃការលើកឡើងរបស់ Bale វាហាក់ផ្ទុយស្រឡះអំពីអ្វីដែល Ronaldo ធ្លាប់បានធ្វើចំពោះគេ កាលមកចូលរួមនៅស្តេចសថ្មីថ្មោង ក្នុងឆ្នាំ ២០១៣។ ពេលនោះខ្សែប្រយុទ្ធស្លាប ជំនាញជើងឆ្វេង ទទួលបានពាក្យរិះគន់ពីមជ្ឈដ្ឋានខាងក្រៅ តែបែរត្រូវបាន CR7 ចេញមកការពារ និងលើកឡើង៖ “ខ្ញុំគិតថា Gareth Blae ធ្វើបានល្អហើយ ចាប់តាំងការមកដល់គេត្រូវចូលរួមប្រកួតត្រៀមបើករដូវកាលភ្លាម បែបនេះវាជាពេលវេលាដ៏ពិបាកមួយ យ៉ាងណាមើលទៅគេ តែងតែចង់អភិវឌ្ឍខ្លួន បែបនេះសូមអ្នកទាំងឡាយ កុំដាក់សម្ពាធលើគេ តាមរយៈការមើលតម្លៃខ្លួន [១០១ លានអឺរ៉ូ] ចូរទុកឲ្យគេធ្វើអីតាមរបៀបគេសិន ហើយបើចង់ដាក់សម្ពាធ សូមទៅដាក់សម្ពាធលើកីឡាករដទៃចុះ”៕
ប្រភព៖ បរទេស