ប្រាក់ខែរបស់ Lionel Messi នៅក្លឹប Inter Miami ត្រូវបានបង្ហាញដោយសហប្រធានក្លឹបលោក Jorge Mas ហើយវាពិតជាអស្ចារ្យដូចដែលអ្នកគិត។
Messi បានជ្រើសរើសការផ្លាស់ប្តូរទៅកាន់សហរដ្ឋអាមេរិកកាលពីខែមុន នៅពេលដែលកិច្ចសន្យារបស់គាត់នៅ Paris Saint-Germain បានផុតកំណត់ ហើយការប៉ុនប៉ងចុះហត្ថលេខារបស់ក្រុមអារ៉ាប៊ីសាអូឌីត Al-Hilal មិនបានសំរេច។ទោះបីជាយ៉ាងណាក៏ដោយ មហាសេដ្ឋី Mas ដែលជាសហម្ចាស់ Inter Miami ជាមួយ David Beckham និងជាម្ចាស់ភាគហ៊ុនធំជាងគេនៃក្រុមហ៊ុន សំណង់ និងវិស្វកម្ម MasTec ដែលមានមូលដ្ឋាននៅទីក្រុង Miami បានបើកចំហរថាតើក្លឹបរដ្ឋផ្លរីដានឹងចំណាយប្រាក់ប៉ុន្មានដល់តារាបាល់ទាត់។
វាត្រូវបានគេយល់ថា កីឡាករវ័យ ៣៦ឆ្នាំរូបនេះនឹងរកប្រាក់ចំណូលបានចន្លោះពី ៥០លានដុល្លារទៅ ៦០លានដុល្លារក្នុងមួយឆ្នាំ។
Mas បានពន្យល់ទាក់ទងនឹងការដេញតាមចរចារ Messi ថា៖
“ខ្ញុំបានចំណាយពេល ៣ឆ្នាំលើការតាមចរចារ មួយឆ្នាំកន្លះចុងក្រោយមានភាពស្វិតស្វាញណាស់។ មានការសន្ទនាជាច្រើនជាមួយឪពុក និងភ្នាក់ងាររបស់ Messi លោក Jorge។ David Beckham បានពិភាក្សាជាមួយ Leo តែអំពីបញ្ហាបាល់ទាត់ ព្រោះគាត់ជាកីឡាករ។
ខ្ញុំបានឃើញវារួចរាល់នៅចុងខែឧសភា។ ខ្ញុំមិនចង់ឱ្យគាត់មានសម្ពាធទេ។ យើងបាននិយាយនៅ Barcelona, Miami, Rosario, Doha… ខ្ញុំបានចំណាយពេល World Cup ទាំងមូលនៅកាតា មើលអាហ្សង់ទីនលេង។”
លោក Mas បាននិយាយដោយសំដៅលើកិច្ចព្រមព្រៀងរយៈពេល ១០ឆ្នាំ ចំនួន ២,៥ពាន់លានដុល្លារដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សបានចុះ ហត្ថលេខាជាមួយ MLS កាលពីខែកុម្ភៈថា៖
“កិច្ចសន្យារបស់ក្រុមហ៊ុន Apple គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបិទបញ្ចប់កិច្ចព្រមព្រៀង”។
ទោះបីជាកញ្ចប់ប្រាក់ឈ្នួលរបស់ Inter Miami គឺទាបជាងយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងការផ្តល់ជូនចំនួន ៥០០លានអឺរ៉ូក្នុងមួយឆ្នាំដែល Al-Hilal ផ្តល់ជូន តែ Messi នៅតែអាចត្រលប់ទៅកំពូលតារាង Forbes នៃអត្តពលិកដែលមានប្រាក់ខែខ្ពស់បំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៤ ដោយមាន ជំនួយពីការយល់ព្រមផ្សេងទៀតរបស់គាត់។ និងកិច្ចព្រមព្រៀងភាពជាដៃគូថ្មីៗដែលទទួលបាននៅសហរដ្ឋអាមេរិក៕
*[Sportbible]