Al Nassr លឺ​ចង់​បាន de Gea ​ឲ្យ​មក​ជួយ​ជើង​ក្រោម ចុះឆ្ងល់​ទេ​មួយ​ក្លឹប​យក​ចូល​កីឡាករ​បរទេស​បាន​ប៉ុន្មាន​នាក់?

រដូវ​កាល​មុនៗ​យើង​សកម្ម​នឹង​ព័ត៌មាន​ទីផ្សារ​ដោះដូរ​នៅ​លីគ​កំពូល​អឺរ៉ុប ដល់​តែ​រដូវ​ក្តៅ ២០២៣ នេះ បែរ​មក​ចាប់​អារម្មណ៍​ឥត​ល្ហែ​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​នៃ​ការ​មក​ដល់​របស់​អ្នក​នេះ របស់​អ្នក​នោះ ជាមួយ​ក្របខ័ណ្ឌ​ Saudi Pro League របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ទៅ​វិញ។

អត់​ឲ្យ​ចន្លោះ​ថ្ងៃ ក្រឡេក​មក​ចចាមអារ៉ាម​នៅ​ថ្ងៃ​នេះ​វិញ ក៏​មាន​រឿង​ត្រូវ​ជជែក​ផង​ដែរ សារ​នេះ​វេន​អ្នកចាំទី​ទើប​តែ​ផុត​កុងត្រា​ជាមួយ​ក្លឹប Manchester United គឺ​កីឡាករ​អេស្ប៉ាញ David de Gea។ បុរស​វ័យ ៣២ ឆ្នាំ ដែល​មក​រួមរស់​នៅ Old Trafford តាំង​ឆ្នាំ ២០១១ ទី​បំផុត​បាន​អស់​សុពលភាព ក្លាយ​ជា Free Agent លើ​ទីផ្សារ​ដោះដូរ ហើយ​គោលដៅ​ក្នុង​រ៉ាដា​ដំបូង ទំនង​ផ្ទេរ​ទៅ​ក្លឹប​មាន​វត្តមាន​មិត្ត​ចាស់ Cristiano Ronaldo គឺ Al Nassr។

ហេតុផល De Gea មិន​ជ្រើស​យក​ការ​បន្ត​កុងត្រា​ថ្មី ក៏​ដោយសារ​ក្លឹប​បិសាច​ក្រហម មិន​អាច​បន្ត​ការ​ផ្តល់​ជូន​ប្រាក់​ឈ្នួល​ខ្ពស់​ដូច​មុន​សម្រាប់​កីឡាករ ពោល​បើ​ចង់​បន្ត គឺ​តម្រូវ​ឲ្យ​កាត់​ថ្លៃ​ពលកម្ម​ជា​ចាំ​បាច់។ អ៊ីចឹង​ព្រមព្រៀង​ទាំង​សង​ខាង ការ​ចែក​ផ្លូវ​ក៏​បាន​កើត​ឡើង រួច​ក្លឹប​ក៏​បង្វែរ​ទៅ​រក​អ្នក​ជំនួស​ដូច​ដំណឹង​ជាមួយ​ដៃ​ស្អិត​ Inter កីឡាករ Andre Onana ជា​ដើម។

ជជែក​បន្ត​អំពី​រឿងរ៉ាវ​អតីត​សមាជិក​ក្លឹប Atletico Madrid ​ក៏​លេចលឺ​ថា​ក្លឹប​ Al Nassr នឹង​ហ៊ាន​ធានា​រ៉ាប់រង​ការ​ផ្តល់​ជូន​ប្រាក់​ឈ្នួល​ដល់​ទៅ ២៥០ ០០០ ផោន/សប្តាហ៍ រាប់​ជា​ការ​ផ្តល់​ឲ្យ​ខ្ពស់​បំផុត​មួយ​ហើយ​សម្រាប់​កីឡាករ​នៅ​ល្បាក់​អាយុ​ប៉ុណ្ណេះ។

មិន​ទាន់​ច្បាស់​ការ​សម្រេច​ចិត្ត​របស់​អ្នកចាំទី​សញ្ជាតិ​អេស្ប៉ាញ តែ​ត្រឹម​ចង់​ចែករំលែក​ទៅ​អ្នក​គាំទ្រ​ឲ្យ​បាន​ដឹង​ថា បើ​មិន​មាន​អ្វី​ប្រែប្រួល ទាក់ទិន​ការ​ចាកចេញ​នៃ​សមាជិក​ក្លឹប​នៅ​មជ្ឈិមបូព៌ា​ទេ​នោះ De Gea នឹង​ជា​កីឡាករ​បរទេស​គ្រប់​ចំនួន​កំណត់​ចុងក្រោយ​ហើយ​អាច​មក​ចូលរួម។

ជា​ការ​ពិត​ផ្សារភ្ជាប់​នឹង​ព័ត៌មាន​ដោះដូរ​ទៅ​លីគ​អារ៉ាប៊ីសាអូឌីត​ដ៏​សកម្ម ក៏​កើត​មាន​សំណួរ​ពី​អ្នក​គាំទ្រ​ចោទ​សួរ​មក​កាន់ CTS SPORTS ដោយ​ចង់​ដឹង​ថា តើ​ច្បាប់​បាល់ទាត់​នៅ​ទី​នោះ អាច​អនុញ្ញាត​ឲ្យ​ផ្ទេរ​ចូល​កីឡាករ​បរទេស​ប៉ុន្មាន​រូប​ទៅ ទើប​បាន​ក្លឹប​មួយៗ​លឺ​តែ​ចង់​បាន​អ្នក​ចង់​បាន​អ្នក​នោះ​ឥត​ឈប់?

ចម្លើយ​បើ​យើង​រំឭក​ទៅ​ច្បាប់​ចាស់​កាល​រដូវ​កាល ២០១៦/១៧ ដើម​ឡើយ​នៅ​ប្រទេស​កាន់​សាសនា​ឥស្លាម​ខាង​លើ កំណត់​ការ​ផ្ទេរ​ចូល​កីឡាករ​បរទេស​ត្រឹម ៤ រូប​ប៉ុណ្ណោះ ហើយ​ក៏​ថែម​មិន​អនុញ្ញាត​ឲ្យ​ចុះ​ហត្ថលេខា​យក​អ្នកចាំទី​បរទេស​នោះ​ដែរ។

ក៏​ប៉ុន្តែ​ក្រោយ​មក​ច្បាប់​ខាង​លើ​ត្រូវ​បាន​ផ្លាស់ប្តូរ ត្រង់​អ្នកចាំទី​ក្រៅ​ប្រទេស​ក៏​អាច​មក​ចូលរួម​បាន ដូច​ករណី​ថ្មីថ្មោង Edouard Mendy ផ្ទេរ​ទៅ​ក្លឹប Al Hilal ហើយ​ចំនួន​កំណត់​ដំឡើង​ពី ៤ មក​ដល់ ៨ រូប ជា​តួ​លេខ​អស់​ធំ។

ត្រង់​ចំណុច​នេះ ងាក​ទៅ Al Nassr កន្លង​មក​ក៏​ធ្លាប់​ធ្វើ​ការ​លក់​ចេញ​កីឡាករ​ភ្លាមៗ​ផង​ដែរ ពេល Cristiano Ronaldo មក​ដល់ ដូច​ករណី​លក់​ខ្សែ​ប្រយុទ្ធ​កាមេរូន Vincent Aboubakar។ ដោយឡែក​សព្វថ្ងៃ​ពួក​គេ​មាន​កីឡាករ​បរទេស ៧ រូប​ហើយ ដូច​អ្នកចាំទី​កូឡុំប៊ី David Ospina, ខ្សែ​ការពារ​កូឌីវ័រ Ghislain Konan, ខ្សែ​ការពារ​កូរ៉េ​ខាង​ត្បូង Jin-su Kim, ខ្សែ​បម្រើ​ប្រេស៊ីល Talisca, ខ្សែ​បម្រើ​អាហ្សង់ទីន Pity Martinez, ខ្សែ​ប្រយុទ្ធ​អ៊ូបេគីស្ថាន Jaloliddin Masharipov ​និង​កំពូល​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo ដូច្នេះ​អាច​បន្ថែម​ចូល​កីឡាករ​បរទេស​ត្រឹម​មួយ​រូប​ទៀត​ប៉ុណ្ណោះ៕

ប្រភព៖ បរទេស​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT