J1 League ដែលជាក្របខ័ណ្ឌបាល់ទាត់លំដាប់ខ្ពស់បំផុតមួយប្រចាំតំបន់អាស៊ី នៅល្បាក់ប៉ុន្មានឆ្នាំចុងក្រោយ ក៏ទាញបានវត្តមានតារាឆ្នើមលំដាប់កំពូលជាបន្តបន្ទាប់ មានតាំងពីកីឡាករនៅក្នុងតំបន់ និងកីឡាករដើរចេញពីក្លឹបនៅលីគកំពូលអឺរ៉ុប។
យ៉ាងណាសម្រាប់ទីផ្សាររដូវក្តៅ ដែលកំពុងដំណើរការ ក្នុងកំឡុងការប្រកួតរដូវកាលឆ្នាំ ២០២៣ ទើបឈានដល់ពាក់កណ្តាលទី បែរកើតជាពេលវេលានៃការចាកចេញរបស់កីឡាករកាន់ឆ្នាំ ២ រូប នៅតំណែងបម្រើតែមួយ ហើយម្នាក់បានរកឃើញទ្រនំថ្មី និងម្នាក់ទៀត មិនទាន់ប្រកាសជំហានបន្ទាប់នៅឡើយ៖
២) Chanathip Songkrasin
កីឡាករជនជាតិថៃ ជាប់រហស្សនាមជា ‘Messi Jay’ បានដកខ្លួនពីក្របខ័ណ្ឌកំពូល Thai League 1 មកចុះចូលនៅក្របខ័ណ្ឌ J1 League កាលពីរដូវក្តៅ ឆ្នាំ ២០១៧ សារនោះចុះហត្ថលេខាខ្ចីជើងឲ្យក្លឹប Hokkaido Consadole Sapporo ដល់ក្រោយមកឡើងគុណភាព ឡើងតម្លៃខ្លួន ក៏បន្តផ្ទេរមកក្លឹបរួមលីគ Kawasaki Frontale ជាមួយតម្លៃដល់ ៣,៥ លានអឺរ៉ូ។
យ៉ាងណាពេលចុងក្រោយឱកាសលើទីលានរបស់កីឡាករវ័យ ២៩ ឆ្នាំ ហាក់មានការធ្លាក់ចុះ ជាក់ស្តែងជាមួយក្លឹបកំពុងឈរលេខ ១០ នៅតារាង J1 League គេបង្ហាញខ្លួនតែ ៦ ប្រកួត មិនដល់ ៤០០ នាទីផង នេះអាចមកពីការធ្លាក់ទម្រង់ គួបផ្សំនឹងរបួសញាំញី ជួបប្រទះតាំងពីដើមឆ្នាំ។
ជាលទ្ធផល Chanathip ហាក់មើលឃើញផ្លូវចាកចេញជាជម្រើសល្អ ហើយក៏ជ្រើសការវិលត្រលប់ទៅប្រទេសកំណើត ចូលរួមជាមួយក្លឹបនៅកម្រិតបង្គួរ BG Pathum Utd នៅតម្លៃផ្ទេរខាតពាក់កណ្តាល សម្រាប់ក្លឹបអាណាព្យាបាលខាងលើ។
សរុបការឈរជើងជាង ៦ ឆ្នាំ ខ្សែបម្រើជំនាញជើងសងខាង ស្ពាយត្រឹមបទពិសោធន៍ស្ថិតិ ១៥០ ប្រកួតត្រលប់ទៅវិញ ជាមួយតួលេខគ្រាប់បាល់ ១៨ គ្រាប់និង Assist ២៥ លើក ខណៈការឈ្នះពានរង្វាន់នានាគឺ ០។
១) Andres Iniesta
ងាកមកកីឡាករសញ្ជាតិអេស្ប៉ាញឯណេះ បន្ទាប់ចាកចេញពីក្លឹបកាន់ឆ្នាំ Barcelona លោកក៏បានជ្រើសយក Vissel Kobe នៅឯលីគកំពូលជប៉ុន ជាក្លឹបទីពីរក្នុងអាជីព ហើយក៏បានចាយពេលឈរជើងនៅទីនោះ អស់រយៈកាល ៥ ឆ្នាំពេញ។
ថ្មីថ្មោងទើបតែប្រកាសចែកផ្លូវ ដោយឥតតម្លៃខ្លួន ហើយបានលាអ្នកគាំទ្រនៅដីជប៉ុនទាំងទឹកភ្នែក ឥតខុសនឹងការលាអ្នកគាំទ្រ Barcelona កាលឆ្នាំ ២០១៨។ កំឡុងពេលឈរជើងឲ្យក្លឹបខាងលើ Iniesta សកម្មវត្តមានលើទីលាន ជាក់ស្តែងចូលជាង ៩ ២០០ នាទី នៅ ១៣៤ ប្រកួត ក៏រកបាន ២៦ គ្រាប់និង Assist ២៥ លើក។ យ៉ាងណាសមិទ្ធផលសម្រេចបានរបស់ Iniesta រាប់ថាមានផ្លែផ្កាច្រើនជាង Chanathip ត្រង់ធ្លាប់បានលើកពានរង្វាន់ Japan FA Cup និង Fujifilm Super Cup តែឥតស្គាល់ជាតិឈ្នះពានលីគកំពូលដូចគ្នា។
អំពីទ្រនំបន្ទាប់របស់តារាបាល់ទាត់ចាស់វស្សា វ័យ ៣៩ ឆ្នាំ ល្ហៀងៗអាចផ្ទេរទៅក្លឹបនៅក្របខ័ណ្ឌ Major Soccer League ថាមិនត្រូវអាចទៅចុះចូលនៅ Inter Miami រួបរួមនឹងមិត្តចាស់ Sergio Busquets ដូចគ្នានឹង Lionel Messi កំពុងមានវត្តមាន នៅទីនោះស្រាប់ក៏ថាបាន៕
ប្រភព៖ បរទេស