មាត់​ថា​ស្រលាញ់​ណាស់ បង​រស់​ខ្វះ​អូន​មិន​បាន ដល់​តែ​ថ្ងៃ​នេះ Neymar ផ្ទុះ​រឿង​ទៅ​ញ៉ែងញ៉ង​ស្រី​ថ្មី​ទៀត​ហើយ

អាទិត្យ​មុន​បង្ហោះ​សារ​សុំទោស​អនាគត​ភរិយា ដល់​តែ​ថ្ងៃ​នេះ​ផ្ទុះ​ដំណឹង​បែក​ក្រឡា​ឆាត​ទៅ​ទាក់ទង​នារី​ដទៃ​ទៀត​ហើយ រឿងរ៉ាវ​របស់ Neymar Jr មួយ​រយៈ​ក្រោយ​មិន​ជា​ល្បី​សកម្មភាព​លើ​ទីលាន តែ​រឿង​អាស្រូវ​លើ​ផ្លូវ​ដទៃ ហាក់​មាន​ភាគ​បន្តបន្ទាប់​អត់​ចេះ​ចប់។

តារា​ឆ្នើម​របស់​ក្លឹប Paris Saint-Germain រំឭក​ទៅ​សម្រង់​សម្តី​លើ Instagram កាល​ពី​អាទិត្យ​មុន បាន​និយាយ​រៀបរាប់​យ៉ាង​កម្សត់​បែប​នេះ៖ “បង​ដឹង​ពី​អារម្មណ៍​ឈឺចាប់​របស់​អូន បង​ដឹង​ពី​ទំហំ​ចិត្ត​ដែល​អូន​ត្រូវ​ការ​បង​ប៉ុណ្ណា បង​ក៏​ដូច​គ្នា បង​តែងតែ​ចង់​នៅ​ក្បែរ​អូន នេះ​បង​ជ្រុល​ជា​ធ្វើ​ខុស​ទៅ​ហើយ បង​ពិត​ជា​បាន​ខុស​ចំពោះ​អូន”។

“បង​ស្រមៃ​មិន​ចេញ​ទេ ការ​ដែល​ត្រូវ​រស់​ដោយ​គ្មាន​អូន គោលដៅ​របស់​យើង គឺ​ផ្តល់​ក្តីស្រលាញ់​រួម​គ្នា​សម្រាប់​កូន​របស់​យើង ការ​ស្រលាញ់​របស់​យើង​នឹង​រឹងមាំ​ឡើង”។ ​បន្ទាប់​ការ​បង្ហោះ​សារ​នេះ​ហើយ ងាក​ទៅ​ខាង​មិត្ត​ស្រី អាច​ថា​ជា​អនាគត​ប្រពន្ធ​ផង គឺ Bruna Biancardi ហាក់​ស្ងប់ស្ងាត់ ស្តាប់​ទៅ​ប្រហែល​ជា​ទទួល​យក លើកលែង​កំហុស​សម្រាប់​អនាគត​ស្វាមី គិត​ថា​មនុស្ស​ប្រុស​ឯ​ណា​ដែល​ថា​មិន​ខូច តែដាក់កំហិត ៣ យ៉ាងឥតអាចប្រកែកបានគឺ ១) ហាមថើបមាត់ ២) ហាមប្រកូកប្រកាសទំនាក់ទំនងនោះសាធារណៈ ពោលឲ្យមហាជនដឹងលឺតែទំនាក់ខ្លួន ៣) ឡើងគ្រែតែត្រូវប្រើស្រោម។

ដល់​តែ​ថ្ងៃ​នេះ Neymar ផ្ទុះ​រឿង​ខូចខិល​ឆាត​ទៅ​ញ៉ែងញ៉ង​នារី​ដទៃ​ទៀត​ហើយ ប៉ះ​សារ​នេះ​ខាង​ស្រី គេ​ចេញ​មក​បង្ហោះ Screenshot ជា​សាធារណៈ​តែ​ម្តង ពោល​គឺ​ស្ទាយ​បែប​អូស​ក្រឡា​ដំណាក់​កាល​ដំបូង មិន​ទទួល​បាន​លទ្ធផល​សម្រេច។

នោះ​គឺ​ប៉ះ​តារា​ម៉ូដែល​ប្រេស៊ីល Celeste Bright ដែល​មាន​ជាង ១ លាន Followers លើ Instagram តែ​ចម្លែក​ត្រង់​រសៀល​ថ្ងៃ​សុក្រ​នេះ គណនី​របស់​នាង​បែរ​ជា​ត្រូវ​បាន​បាត់​ចេញ​ពី​បណ្តាញ​សង្គម​ខាង​លើ​ទៅ​វិញ។

ទោះ​យ៉ាង​ណា​មុន​នេះ នាង​បាន​សរសេរ​រៀបរាប់ អម​នឹង Screenshot ដែល​គណនី​ផ្លូវការ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​សាំបា​បាន​ប្រើ Emoji បក់​ដៃ មក​កាន់​នាង៖ “ខ្ញុំ​អត់​ដែល​ស្គាល់​មនុស្ស​នេះ​ពី​មុន​ទេ ខ្ញុំ​ហត់​នឿយ​នឹង​ឃើញ​សារ​របៀប​ហ្នឹង​ចេញ​ពី​បុរស ដែល​មាន​ប្រពន្ធ ឬ​មាន​មិត្ត​ស្រី​ហើយ​ណាស់ Neymar មិនមែន​ជា​មនុស្ស​តែ​ម្នាក់​ទេ គឺ​មាន​ច្រើន​នាក់​ទៀត ខ្ញុំ​គិត​ថា​មនុស្ស​ស្រី​គួរ​តែ​ទទួល​បាន​ការ​គោរព ឲ្យ​តម្លៃ​ខ្ពស់ បុរសៗ​អើយ​ចូល​ធ្វើ​ខ្លួន​ឲ្យ​ល្អ​ជាង​នេះ ព្រោះ​ពួក​យើង​ជា​មនុស្ស​ស្រី​សក្តិសម​នឹង​ទទួល​បាន​ស្នេហា​ដែល​ល្អ​ប្រសើរ​ជាង​នេះ”។

មក​ទល់​ពេល​ចុង​ក្រោយ ទាំង​គណនី​ខាង​ប្រុស Neymar និង​ខាង​ស្រី Bruna ក៏​មិន​មាន​ការ​ឆ្លើយតប​អ្វី​នោះ​ដែរ ដ្បិត​បើ​តាម​ដឹង កូន​ដំបូង​ក្នុង​ផ្ទៃ​របស់​នាង ​គ្រោង​នឹង​សម្រាល​នៅ​រដូវ​ក្តៅ ល្បាក់​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ហើយ។

ងាក​ទៅ​អាជីព​របស់​កីឡាករ​ជំនាញ​ជើង​ស្តាំ​បន្តិច ហាក់​មិន​មាន​ចម្លើយ​ជ្រើស​ការ​ចាកចេញ​ពី PSG ផ្ទេរ​ទៅ​ខាង​ក្លឹប​អ្នក​មាន​អារ៉ាប៊ីសាអ៊ូឌីត​អ្វី​នោះ​ទេ ពោល​គឺ​បន្ត​លើ​កុងត្រា​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥។ ចំពោះ​កាលបរិច្ឆេទ​វិល​ចូល​ទីលាន អាច​នៅ​សប្តាហ៍​ទី ៣ ខែ​ក្រោយ ចំ​ប្រកួត​មិត្តភាព​ទល​់ក្លឹប Le Havre នៅ​ទឹកដី​បារាំង​ផ្ទាល់​តែ​ម្តង៕

ប្រភព៖ បរទេស​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT