បន្ទាប់ការមកដល់របស់ Cristiano Ronaldo នៅដើមឆ្នាំ ២០២៣ បន្តបន្ទាប់រយៈពេលត្រឹម ៦ ខែក្រោយ ក៏សង្កេតឃើញមានការផ្ទេរចេញបណ្តាកីឡាករកំពូលពីក្លឹបនៅតំបន់អឺរ៉ុប មកកាន់ក្លឹបនៅមជ្ឈិមបូព៌ា នេះរបៀបដែលពួកគេកំពុងចំណាយ វាក្រាស់ក្រែលជាងអ្វីដែលប្រទេសចិនធ្លាប់បានធ្វើកាលពីជាង ៦ ឬ ៧ ឆ្នាំមុនទៅទៀត។
លុយ ១០ ២០ លានដុល្លារជាមួយការឈរជើងឲ្យក្លឹបនៅក្របខ័ណ្ឌ Saudi Pro League គឺពិតជាងាយរកសម្រាប់កីឡាករផ្ទេរចេញពីលីគកំពូលអឺរ៉ុប ដល់ខ្លះមួយឆ្នាំរកបានជាងរយលានក៏មាន។ ក្រៅតែពីតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ ក្រោយៗនេះមានដូចជាវត្តមាន Karim Benzema, N’Golo Kante, Kalidou Koulibaly, Ruben Neves, Edouard Mendy និង Roberto Firmino ជាដើម ហើយក៏រំពឹងនឹងមានច្រើនរូបផ្សេងទៀតដែរ។
ទោះជាយ៉ាងណា គ្រប់កីឡាករក្មេងចាស់ទាំងអស់ មុនជ្រើសការចុះហត្ថលេខាព្រមព្រៀងមកចូលរួមនៅទ្រនំ ក្នុងទឹកដីនៃទ្វីបអាស៊ី ក៏ត្រូវតែប្រាកដជាមុន ថាទាំងខ្លួនឯង ទាំងក្រុមគ្រួសារអាចទទួលយកបរិបទវប្បធម៌ថ្មីសន្លាងសម្រាប់ពួកគេ រួចបើបដិសេធ នោះគឺស៊ូចោលលុយធំ មិនព្រមមកល្អជាង។
ជាក់ស្តែងដូចកត្តានៃការទទួលទាន ការរស់នៅ ពេលវេលាហ្វឹកហាត់ គឺខុសស្រឡះនឹងបាល់ទាត់នៅអឺរ៉ុប ក៏ដូចជាប៉ែកអាមេរិកឡាទីន។ ចំពោះ Ronaldo និង Georgina Rodriguez បើទោះបីរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីតលើកលែងក្នុងលក្ខខណ្ឌពិសេស អនុញ្ញាតឲ្យពួកគេអាចរស់នៅជាមួយគ្នាបាន ទោះមិនទាន់រៀបការ តែក៏មិនប្រាកដថាគូនៃកីឡាករដទៃ អាចបន្តលើកលែងនោះដែរ។
មានន័យថា ដាច់ខាតកីឡាករត្រូវតែមានឈ្មោះជាប្តីប្រពន្ធ ទើបអាចរួមរស់នៅក្នុងបន្ទប់តែមួយបាន។ មួយផ្សេងទៀត ចំពោះរបៀបនៃការស្លៀកពាក់ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ស្រ្តីទាំងអស់មិនអនុញ្ញាតឲ្យស្លៀកលេចលើលេចក្រោម ឬស៊ិចស៊ីជាដាច់ខាត ជាពិសេសនៅទីសាធារណៈ វាជាហេតុផលដែលនាំឲ្យតារាម៉ូដែលកូនកាត់អាហ្សង់ទីន-អេស្ប៉ាញ Georgina មានការផ្លាស់ប្តូរសឹង ១៨០ ដឺក្រេ។
ដោយឡែកជនបរទេសទាំងអស់ ដែលមករស់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត មិនថាគោរពជាតិសាសន៍ណា ពួកគេមិនត្រូវបានអនុញ្ញាតឲ្យនាំចូលភេសជ្ជៈមានជាតិអាល់កុល (គ្រឿងស្រវឹង) ផលិតផលសាច់ជ្រូក ហើយក៏ត្រូវបានហាមមិនឲ្យទទួលទានវានៅទីសាធារណៈជាដាច់ខាត ដូចគ្នានឹងការហាមជក់បារី កំឡុងខែ Ramadan។
ចុងក្រោយអំពីពេលវេលានៃការហ្វឹកហាត់ ដូច Ronaldo ផ្ទាល់ធ្លាប់បានបញ្ជាក់៖ “នៅអឺរ៉ុបយើងនិយមហ្វឹកហាត់ពេលព្រឹក តែនៅទីនេះ យើងហ្វឹកហាត់ពេលថ្ងៃ ឬពេលល្ងាច ឬអាចឈានដល់ម៉ោង ១០ យប់នៅខែ Ramadan”។
“វាស្តាប់ទៅចម្លែក យ៉ាងណាស្ថានភាពអស់នេះ វាគ្រាន់ជាបទពិសោធន៍ថ្មី ជាការចងចាំថ្មី ដែលខ្ញុំមិនគិតថាពិបាកអ្វីនោះទេ ព្រោះខ្ញុំធ្លាប់ឆ្លងកាត់រឿងជាច្រើន សំខាន់បំផុតគឺអ្នកគាំទ្រនៅអារ៉ាប៊ីសាអូឌីតពិតជាស្រលាញ់បាល់ទាត់ខ្លាំងណាស់”។
គួរឲ្យដឹងចំពោះរបត់នៃការផ្លាស់ប្តូរវប្បធម៌ដូចរៀបរាប់ខាងលើ សម្រាប់ Kante សម្រាប់ Benzema មិនជារឿងពិបាក ឬថ្មីដល់ពួកគេឡើយ ដ្បិតកន្លងមករស់នៅអឺរ៉ុប តែប្រកាន់ខ្ជាប់ការកាន់សាសនាឥស្លាម។ យ៉ាងណាក៏មានករណីកីឡាករខ្លះ មើលឃើញថាវាជារឿងពិបាកនឹងទទួលយក ដូច Jamie Vardy បដិសេធសំណើលុយធំផ្ទេរទៅក្លឹប Al Khaleej ហើយស៊ូបន្តនៅជាមួយ Leicester ត្រង់គិតថាបរិបទរស់នៅទីនោះ មិនសមស្របនឹងក្រុមគ្រួសាររបស់ខ្លួន៕
ប្រភព៖ បរទេស