លឺតែយកអ្នកនេះ យកអ្នកនោះ ចុងក្រោយរបូតទៅឲ្យគេតែទាំងអស់ វាជាអ្វីដែលអ្នកគាំទ្រ Man United ឥតអាចប្រកែកបានប៉ុន្មានរដូវកាលមកហើយ កំឡុងពេលទីផ្សារដោះដូរ។ ចូលមករដូវក្តៅ ឆ្នាំ ២០២៣ រឿងនេះក៏បានកើតឡើងជាថ្មី តែតាមការបង្ហើបពីប្រភពគួរឲ្យទុកចិត្ត គឺមកពីមូលហេតុក្លឹបខ្វះថវិកាផងទេ អ៊ីចឹងការសម្រុកលក់ចេញ ជារឿងចាំបាច់ដែលត្រូវធ្វើ។
សម្រាប់អ្នកចាត់ការលោក Erik ten Hag ត្រូវបានថ្នាក់លើជូនដំណឹង គឺអាចចាយប្រាក់អស់ធំ ត្រឹម ១០០ លានផោនប៉ុណ្ណោះ រួចបើចង់បានកញ្ចប់ប្រាក់ខ្ពស់ជាងនេះ លុះត្រាតែគិតគូរលក់ចេញកីឡាករមួយចំនួនជាមុនសិន។
ដ្បិតអីតាំងរដូវក្តៅ ឆ្នាំ ២០១៩ ក្លឹបកើបលុយចូលហោប៉ៅមកវិញបានតិចពេក ពោលបានតែ ១១៣ លានផោន ដល់តែឥឡូវមកក្នុងរជ្ជកាលគ្រូសញ្ជាតិហូឡង់ ក៏មិនចង់រៀបចំឲ្យដើរខុសដូចជំនាន់គ្រូមុនៗទៀតដែរ រួចបានចាត់ចែងឡើងបញ្ជីឈ្មោះអ្នកទាំង ១០ ចង់វ៉ៃចេញត្រឹមរដូវក្តៅសារនេះហើយ ជាជាងការអូសបន្លាយទុកយូរតទៅទៀត ណាមួយដើម្បីប្រមែប្រមូលលុយទុកចាយវាយលើគោលដៅចង់បានផ្សេងផង។
១០) Jadon Sancho – មកចូលរួមបាន ២ ឆ្នាំ មើលមិនឃើញពីហេតុផលដែលគួររក្សាទុក ក៏ដល់ពេលក្លឹបចង់លក់កីឡាករអង់គ្លេសចេញ ហើយបើតាមហាងឆេងត្រូវខាតពាក់កណ្តាលនៃតម្លៃដើម ពោលអាចបានចន្លោះ ៣៥ ទៅ ៤០ លានផោន។
៩) Harry Maguire – ស្របពេលលែងមានតម្រូវការលើទីលានដូចមុន ហើយក៏មានអ្នកជំនួសច្រើនរូបផង សម្រេចឲ្យ United ពិតជាប្រញាប់ចង់លក់ចេញ Maguire នៅតម្លៃល្បាក់ ១៥ លានផោន។
៨) Scott McTominay – វិវត្តចេញពីឈុតថ្នាល បែកក្រឡាមកឈុតធំតាំងឆ្នាំ ២០១៥ តែក៏បន្តមិនបានតំណែងតួឯកនៅតំបន់ស្នូល ឥឡូវតាមចចាមអារ៉ាមកីឡាករក៏ចង់ចេញ រួចក្លឹបក៏ចង់លក់ នៅហាងឆេងប្រហែល Maguire ដែរ។
៧) Anthony Martial – ទម្រង់លេងខ្សែប្រយុទ្ធបារាំង ហាក់មិនមានភាពល្អប្រសើរទាល់តែសោះ ជាមូលហេតុក្លឹបអស់ការអត់ធ្មត់ រួចប្រុងលក់ចេញនៅតម្លៃជាង ១០ លានផោន។
៦) Dean Henderson – អ្នកចាំទីដៃទីពីរ ហាក់មើលឃើញអនាគតល្អជាមួយក្លឹបខាងក្រៅ ស្របពេលតម្លៃខ្លួនអាចបានប្រហែល ១៥ លានផោនខ្ពស់បំផុត។
៥) Fred – មួយរយៈមុនរាងសកម្មគួរសម ជាពិសេសកាល Ole Gunnar Solskjaer នៅដឹកនាំ ដល់ចូលមក Ten Hag កាន់តំណែង បែរលែងសូវមានវត្តមានកីឡាករសញ្ជាតិប្រេស៊ីល។ កុងត្រាសេសសល់មួយឆ្នាំ Fred អាចមានតម្លៃផ្ទេរចេញជិត ២០ លានផោន។
៤) Donny van de Beek – បើទោះបីជាកីឡាកររួមសញ្ជាតិនឹងអ្នកចាត់ការ តែអតីតសមាជិកក្លឹប Ajax ហាក់រកមិនឃើញផ្លូវ ឡើងទៅចំណុចល្អប្រសើរទាល់តែសោះ។ គួបផ្សំរបួសផង និងការជាន់ Role ច្រើនគ្នាផង គេអាចនឹងលក់ចេញនៅតម្លៃក្រោម ១០ លានផោនក៏ទៅរួច។
៣) Anthony Elanga – យុវជនសញ្ជាតិស៊ុយអែត ពិបាកនឹងរកឱកាសអភិវឌ្ឍខ្លួនខ្លាំងណាស់ជាមួយ United ហើយបើព្រមព្រៀងការផ្ទេរចេញ ក្លឹបក៏រំពឹងកើបប្រាក់ ១៥ ទៅ ២០ លានផោនចូលហោប៉ៅ។
២) Alex Telles – បន្ទាប់ការឈ្នះពាន Europa League ជាមួយ Sevilla ហើយត្រូវវិលមកក្លឹបអាណាព្យាបាលវិញ ក៏ថ្នាក់លើក្លឹបមិនគិតចង់រក្សាទុកគេនោះដែរ រួចតម្លៃអាចត្រូវខាតពាក់កណ្តាល បានតែជាង ៥ លានផោនប៉ុណ្ណោះ។
១) Eric Bailly – ខ្សែការពារកណ្តាលសញ្ជាតិកូឌីវ័រ មិនទាន់ប្រាកដថា Marseille នឹងទិញផ្តាច់ឬបែបណា ព្រោះបើត្រលប់មកវិញ ក៏មិនរំពឹងបានឱកាសចូលទីលានញឹកញាប់ដែរ។ តម្លៃខ្លួន គឺត្រូវខាតទៀតហើយ នេះកាលទិញចូល ៣២ លានផោន ដល់ត្រូវលក់ទៅវិញ អាចបានអស់ខ្ពស់ ៧ ឬ ៨ លានផោនតែប៉ុណ្ណោះឯង៕
ប្រភព៖ បរទេស