ត្រលប់ទៅរដូវក្តៅ ឆ្នាំ ២០១៦ ក្រោយបញ្ចប់រដូវកាលភ្លាម ក្លឹបមេឃខៀវ Manchester City បានចាត់តាំងអ្នកចាត់ការថ្មីភ្លែត គឺជា Pep Guardiola ហើយនៅល្បាក់ថ្ងៃជាមួយគ្នានោះ ក៏ក្លឹបបានជូនកាដូដល់គ្រូសញ្ជាតិអេស្ប៉ាញ ដោយបានចុះហត្ថលេខានាំចូលកីឡាករដំបូងបង្អស់ចេញពីក្លឹប Borussia Dortmund លើទំហំចំណាយ ២១ លានផោន។
Ilkay Gundogan ជាអ្នកដែលបានចាប់ផ្តើមមុនគេ ជាមួយ Guardiola នៅទឹកដី Etihad ហើយរំលង ៧ ឆ្នាំក្រោយ បន្ទាប់ការឈោងសម្រេចក្តីស្រមៃលើកពានរង្វាន់ UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លឹប ក៏ស្រាប់តែកីឡាករអាល្លឺម៉ង់ជ្រើសយកការចែកផ្លូវ ស្រវាទៅកាន់ទ្រនំថ្មី នៅឯទឹកដីអេស្ប៉ាញ គឺចុះចូលជាមួយក្លឹប Barcelona។
នេះបុរសវ័យ ៣២ ឆ្នាំ ក៏ជាកីឡាករដែលបានផ្ទេរចេញផ្លូវការ ទៅកាន់ក្លឹបដទៃដំបូងគេបង្អស់ផងដែរ បន្ទាប់តែ City ឈ្នះពាន ៣ នារដូវកាលទោល ដ្បិតអ្នកបន្ទាប់អាចជា Riyad Mahrez, Bernardo Silva និង Kyle Walker ជាដើម។
បើតាមដំណឹងចុះផ្សាយផ្លូវការនៅព្រឹកថ្ងៃអង្គារនេះ ខ្សែបម្រើជំនាញជើងស្តាំ បានចុះហត្ថលេខាកុងត្រាថ្មីសន្លាងជាមួយម្ចាស់ដី Camp Nou លើសុពលភាពផុតកំណត់ ដល់ចុងខែមិថុនា ឆ្នាំ ២០២៥ ជាមួយនឹងសិទ្ធបន្តថ្មីរយៈពេល ១២ ខែបន្ថែម។ វត្តមានរបស់គេ នឹងឈរជើងក្នុងតម្លៃផ្តាច់កុងត្រាដល់ទៅ ៤០០ លានអឺរ៉ូ។
ដោយឡែកបង្វែរទៅប្រាក់ឈ្នួលរកបាន Gundogan អាចកើបលុយចូលហោប៉ៅប្រមាណ ១៦៥ ០០០ ផោន/សប្តាហ៍ពីក្លឹបការពារជើងឯក LaLiga នេះច្រើនជាងបន្តិចបន្តួច ធៀបនឹងប្រាក់ឈ្នួលចាស់នៅ Man City ទទួលបានត្រឹម ១៤០ ០០០ ផោន។
ទំហំនៃប្រាក់ឈ្នួលសារនេះ Gundogan រកបានប្រហាក់ប្រហែលនឹងមិត្តចាស់កាលនៅ City គឺ Ferran Torres ក៏បានល្បាក់នោះ តែចាញ់កីឡាករ ៦ រូប ដូចជា៖ Ousmane Dembele រកបាន ១៩៨ ០០០ ផោន, Raphinha រកបាន ២០៦ ៨០០ ផោន, Jules Kounde រកបាន ២២៤ ០០០ ផោន, Ansu Fati រកបាន ២៣០ ០០០ ផោន, Robert Lewandowski រកបាន ៣៤៤ ៦០០ ផោន និង Frenkie de Jong រកបាន ៦២០ ០០០ ផោន/សប្តាហ៍។
វត្តមាននៃការបង្ហាញខ្លួនលើកដំបូង អាចនៅប្រកួតមិត្តភាពទល់ Juventus នាថ្ងៃទី ២២ កក្កដា ខណៈការបើករដូវកាលថ្មី LaLiga កំណត់ធ្វើឡើងនៅថ្ងៃទី ១៣ សីហា។
ចុងក្រោយអំពីការមកដល់របស់ Gundogan បើតាមការចុះផ្សាយរបស់សារព័ត៌មាន El Nacional បានឲ្យដឹងថា កីឡាករវ័យក្មេង Gavi ទំនងជាមិនសប្បាយចិត្តប៉ុន្មានឡើយ ដ្បិតអីគេដឹងខ្លួនមុន នឹងត្រូវបាន Xavi Hernandez ជាអ្នកចាត់ការ ទម្លាក់តំណែង កាន់តែលែងសូវឲ្យក្លាយជាតួឯកដូចមុន ពោលអាចជាអង្គុយបម្រុងច្រើន ក្រោយកីឡាករអាល្លឺម៉ង់ពោរពេញដោយបទពិសោធន៍មកដល់។
ជឿថាតំបន់ស្នូលទាំង ៣ ដែល Xavi រមែងប្រើ អាចជា Gundogan, Frenkie de Jong និង Pedri រួចវាគួបផ្សំនឹងរដូវកាលមុន ឈ្មោះរបស់គេមិនត្រូវបាន LaLiga អនុញ្ញាតឲ្យចុះឈ្មោះ ដោយសារ Barcelona ចាយប្រាក់ឈ្នួលលើសទំហំកំណត់ផង ម្ល៉េះវាពិតជាស្មុគស្មាញបន្ថែមទៀតដល់កីឡាករទើបរះ វ័យ ១៨ ឆ្នាំ៕
ប្រភព៖ បរទេស