ស្ថិតនៅអាយុទើបតែ ២៣ ឆ្នាំ តារាឆ្នើមវ័យក្មេងរបស់ក្លឹបមេឃខៀវ Manchester City គឺ Phil Foden មានកូនប្រុសដល់ទៅ ២ រូប ហើយកន្លងទៅទាំងនៅជ័យជម្នះ លើកពាន Premier League ពាន Champions League សុទ្ធសឹងបាននាំពួកគេមកកាន់ទីលាន អបអរជាមួយអ្នកគាំទ្ររាប់មុឺននាក់ក្នុងកីឡដ្ឋាន។
យ៉ាងណាក្នុងចំណោមកូនប្រុសទាំងពីរ មានម្នាក់ជាកូនច្បងឈ្មោះ Ronnie Foden អាយុ ៤ ឆ្នាំ បានផ្ទុះការគាំទ្រ កើនឡើងប្រជាប្រិយភាពដូចទឹកបាក់ទំនប់ នេះគេទើបតែមានគណនី Instagram ផ្ទាល់ខ្លួន តែកុំមើល សន្ធឹកអ្នកគាំទ្រឡើងដល់ខ្ទង់លាន ច្រើនជាងទាំងតារាបាល់ទាត់មួយចំនួននៅ Premier League ទៅទៀត។
គណនីរបស់ក្មេងតូច Ronnie ដែលរៀបរាប់ក្នុង Bio ថាជាគណនីគ្រប់គ្រងដោយអាណាព្យាបាល អមដោយពាក្យ “El Wey” ជាឈ្មោះហៅក្រៅ និងរូបពពែ តំណាងឲ្យ GOAT ក្នុងពិភពបាល់ទាត់ បង្កើតឡើងនៅថ្ងៃទី ២៥ មិថុនា ឆ្នាំ ២០២៣ ហើយគិតមកទល់ពេលនេះ ឆ្លងកាត់ពេលវេលាត្រឹមរយៈពេល ២ ថ្ងៃ បង្ហោះមាតិកាត្រឹម ២ សន្លឹក ក៏មាន Follwers ដល់ទៅ ២,១ លាននាក់។
ចាប់អារម្មណ៍គណនីខាងលើ ក៏បានចុច Follow ទៅកាន់គណនី Instagram ធំៗជាច្រើនផ្សេងទៀត ពោលដល់ទៅ ៨២ រូប ហើយចំណោមនោះភាគច្រើនសុទ្ធសឹងជាសមាជិកនៅក្លឹប Manchester City រួចរវាង GOAT ទាំងពីរ គឺមានការចុច Follow ជ្រើសយកតែមួយប៉ុណ្ណោះ នោះគឺជាគណនីផ្លូវការ Lionel Messi មាន ៤៧៦ លាន Followers ពោលធីបចោលការចុច Follow គណនី Cristiano Ronaldo។
បង្ហើយអំពីតួលេខបន្តិច ២,១ លាន Followers របស់ Ronnie Foden គឺច្រើនជាងទាំងតារាបាល់ទាត់នៃក្លឹប Arsenal គឺ Leandro Trossard មានមិនដល់ ៨០ មុឺននាក់ ខ្សែបម្រើក្លឹប Man United គឺ Marcel Sabitzer ទើបតែមានជិត ១ លាននាក់ និងខ្សែបម្រើក្លឹប Liverpool គឺ Curtis Jones មានទើបតែ ១,២ លាន នាក់ប៉ុណ្ណោះឯង ជារួមសុទ្ធសឹងចាញ់ក្មេងតូចខាងលើទាំងអស់។
បកស្រាយសម្រាប់បងប្អូនភាគច្រើនដែលមិនទាន់បានដឹង ហេតុអ្វីកូនប្រុសច្បងរបស់ Foden ល្បីអីក៏ល្បីយ៉ាងនេះ? ចម្លើយងាយយល់ងាយឆ្លើយ គឺមកពីភាពក្រមិចក្រមើម ដុងនៃអត្តចរិតគួរឲ្យស្រលាញ់ពីធម្មជាតិរបស់គេនោះឯង ទើបអាចឆក់យកបេះដូង បងប្អូនអ្នកស្នេហាបាល់ទាត់ទូទាំងសកលលោកឆាប់រហ័ស។
ដូចនៅសកលវិទ្យាល័យមួយកន្លែងនៅប្រទេសម៊ិកស៊ីកូ ថែមទាំងមាននិស្សិតយករូបថតមុខ Ronnieទៅបិទនៅពីលើក្តារខៀនទៀតផង ហើយវីដេអូនេះផ្ទុះការចែករំលែករាប់សិបមុឺនដងលើ TikTok។ វីដេអូផ្សេងទៀត ដូចការរាំរែកយ៉ាងសប្បាយ ហើយតែងតែរត់លេងជាមួយកីឡាករល្បីៗឯទៀត ដូចជាមួយ Erling Haaland ជាមួយ Julian Alvarez ហើយឆ្ងាញ់បំផុតត្រង់មុខមាត់ សម្លឹងឲ្យយូរ គឺកាន់តែដូចតួអង្គក្នុងភាពយន្តតុក្កតា ‘The Boss Baby’ យ៉ាងដូច្នោះដែរ។
គួរឲ្យដឹងដែរថា ប្រិយមិត្តប្រហែលនឹងអាចបានឃើញវត្តមាន Ronnie នៅលើទីលានជាថ្មី ជាមួយឪពុក នៅកំឡុងថ្ងៃប្រកួតពានរង្វាន់ FA Community Shield មួយជើងយកឈ្នះចាញ់ រវាង City ទល់ Arsenal នាថ្ងៃទី ៦ សីហា ឬអាចថ្ងៃទី ១៧ សីហា រវាង City ទល់ Sevilla ជំនួបដណ្តើមពាន UEFA Super Cup ក៏ជាឱកាសឈ្នះវាលើកដំបូងបង្អស់ក្នុងអាជីពរបស់ Phil Foden៕
ប្រភព៖ បរទេស