ក្នុងកាលវិភាគប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ពូល A បន្តដំណើរដល់ប្រកួតទី ៣ ហើយ ដោយ ម៉ាឡេស៊ី នឹងត្រូវប្រកួតទល់នឹងវៀតណាម នៅទីក្រុងហាណូយ ខណៈដែល ឡាវ ទទួលភ្ញៀវ មីយ៉ាន់ម៉ា ដោយការប្រកួតទាំងពីរនឹងចាប់ផ្តើមម៉ោង ៧:៣០នាទីយប់ ដូចគ្នា ។
កន្លងផុតពីរប្រកួតកន្លងមក ម៉ាឡេស៊ី មាន ៦ពិន្ទុពេញ ដោយឈ្នះ កម្ពុជា ១-០ និងឈ្នះឡាវ ៣-១ ដូចនេះប្រសិនពួកគេអាចឈ្នះវៀតណាម នៅយប់នេះទៀត មានន័យថាពួកគេ នឹងទទួលបានកៅអីទៅកាន់វគ្គបន្តដោយស្វ័យប្រវត្តិ ។ ចំណែកឯ វៀតណាម និង មីយ៉ាន់ម៉ា ទើបតែប្រកួតបាន ១លើកប៉ុណ្ណោះ តែពួកគេ មាន ៣ពិន្ទុរៀងខ្លួន ឈរពីលើ កម្ពុជា និង ឡាវ ដែលប្រកួតបាន ២លើកដូចគ្នា តែគ្មានពិន្ទុរាប់ ។
កម្ពុជា ត្រូវសម្រាក តាមកាលវិភាគ ខណៈដែលពួកគេនឹងត្រូវត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ ទទួលស្វាគមន៍ក្រុមឡាវ នៅថ្ងៃទី ២០ ខែ វិច្ឆិកា ដែលជាប្រកួតសំខាន់បំផុតដែលពួកគេត្រូវការឈ្នះដាច់ខាត ដើម្បីរំពឹងកៅអីទៅវគ្គបន្តជាលើកចុងក្រោយមុនវគ្គជម្រុះពូល បញ្ចប់ ៕