មួយរយៈចុងក្រោយរឿងរ៉ាវ GOAT ទាំងពីរ នៅតែបន្តទទួលបានការចាប់អារម្មណ៍ បើទោះបីពួកគាត់ មិនបន្តឈរជើងក្នុងលីគកំពូល។ មួយកំពុងស្ថិតក្នុងក្លឹបនៅអារ៉ាប៊ីសាអ៊ូឌីត Al Nassr និងមួយផ្សេងទៀតជាមួយ Inter Miami នៅឯទឹកដីអាមេរិក។
និយាយដល់ជ្រុងពាក់ព័ន្ធ សុំមិនបង្អែបង្អង់យូរ ទាំង Messi ទាំង Ronaldo នៅក្រៅទីលាន ជាការពិតតែងតែមានអ្នកដើរតាមការពារសុវត្ថិភាព ដល់នេះងាកមកក្នុងទីលាន ឥឡូវក៏ផ្តើមមានអង្គរក្សរៀងខ្លួនផងដែរ។ CTS Sports បង្ហាញរឿងរ៉ាវនោះដូចតទៅ៖
២) De Paul ជាអង្គរក្ស Messi
រឿងហេតុចាប់ផ្តើមកើតឡើងតាំងខែកញ្ញា ឆ្នាំ ២០២២ នៅប្រកួតមិត្តភាពរវាងអាហ្សង់ទីន ទល់ហុងឌុយរ៉ាស់ ដោយចាប់ពីប្រកួតនេះហើយគេសង្កេតឃើញកីឡាកររបស់ក្លឹប Atletico Madrid តែងតែតាមការពារ តាមបញ្ចៀសកាយវិការធ្ងន់ៗមិនថាពីសំណាក់កីឡាករគូប្រជែង ពីខាងមន្រ្តីអាជ្ញាកណ្តាល និងពីអ្នកគាំទ្រដាក់ទៅលើ Messi។
វាជាមូលហេតុនាំឲ្យអ្នកគាំទ្រចាប់ផ្តើមដាក់ឈ្មោះ De Paul ជាអង្គរក្សលើទីលានរបស់ Messi ហើយបន្តបន្ទាប់មក កាយវិការអស់នោះពុំបានបញ្ឈប់ រួចវាមានតែបន្តលើសដើម ជារួមសឹងគ្រប់រូបភាព បើកាលណាមាន Messi សង្កេតឲ្យចំក្បែរនោះ ក៏តែងតែមាន De Paul ហើយទំព័រខ្លះទៅ Troll បើមិនមានវត្តមានពេញលេញ ក៏មានស្រមោលរបស់គេដែរ។
អំពីរឿងរ៉ាវខាងលើ ត្រូវបានខ្សែបម្រើវ័យ ២៩ ឆ្នាំលើកឡើងយ៉ាងដូច្នោះ៖ “Messi គាត់ជាកីឡាករដែលមិនអាចនរណាប៉ះបាននៅក្នុងក្រុមរបស់យើង ហើយគាត់ក៏ជាប្រធានក្រុម បែបនេះសឹងតែថាឲ្យខ្ញុំប្តូរទៅចូលសង្រ្គាមដើម្បីគាត់ ក៏ខ្ញុំព្រមដែរ តាមពិតទៅមិនមែនតែខ្ញុំទេ អ្នករាល់គ្នាឯទៀត ក៏គិតឃើញដូចជាខ្ញុំ”។
១) Ruben Dias ជាអង្គរក្ស Ronaldo
ពីដំបូងឡើយកាលនៅ Real Madrid មតិមួយចំនួនដាក់ឈ្មោះ Pepe ជាអង្គរក្សតាមមើលថែ តាមយកចិត្តទុកដាក់នឹងម្ចាស់អាវលេខ ៧ នោះគឺល្បាក់កាលជាង ១០ ឆ្នាំមុន។ តែគិតមកទល់បច្ចុប្បន្ន និងទើបតែបានអ្នកគាំទ្រចាត់តាំងឲ្យថ្មីថ្មោង គឺជាខ្សែការពាររបស់ក្លឹប Manchester City ឯណេះ។
វាកើតឡើងនៅប្រកួតវគ្គជម្រុះបឋម EURO 2024 ដែលព័រទុយហ្គាល់ ត្រូវប៉ះអ៊ីស្លង់ ហើយក៏ជាជំនួបយកបាន ៣ ពិន្ទុ ដោយគ្រាប់បាល់ជ័យជម្នះរបស់ខ្លាចាស់វ័យ ៣៨ ឆ្នាំនៅចុងតង់។ កំឡុងពេលអបអរគ្រាប់បាល់ ស្រាប់តែមានអ្នកគាំទ្រព្យាយាមរត់មកយ៉ាងលឿន សំដៅមកកាន់ Ronaldo តែភ្លាមៗត្រូវបាន Dias ស្រវាទៅចាប់ទាញគេចេញ មិនឲ្យសកម្មភាពអ្នកគាំទ្រវ័យក្មេងខាងលើសម្រេចទៅបានឡើយ។
ហេតុផលគឺដើម្បីបញ្ចៀសបញ្ហាគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ទើប Dias សម្រេចដកឃ្លាពីការអបអរ មកស្រវាទាញអាវរបស់អ្នកគាំទ្រមួយទំហឹង ឃាត់មិនឲ្យដំណើររត់ទៅប៉ះ Ronaldo ធ្វើទៅបានសម្រេច។
អ្នកគាំទ្រមួយរូបលើ Twitter បានបញ្ចេញមតិក្រោយឃើញវីដេអូនោះ៖ “ទីបំផុត Ronaldo អាចរកបាន De Paul សម្រាប់ខ្លួនគាត់មួយហើយ”។ មតិផ្សេងទៀតថា៖ “អង្គរក្ស Messi គឺ De Paul ហើយអង្គរក្ស Ronaldo គឺ Dias”។ យើងនឹងរង់ចាំមើល តើបុរសមាឌឌាំងកម្ពស់បាន Dias នឹងមានបញ្ចេញកាយវិការគួរឲ្យចាប់អារម្មណ៍អ្វីទៀតដែរសម្រាប់ Ronaldo នៅប្រកួតបន្តបន្ទាប់?
ប្រភព៖ បរទេស