រក​ស្រី​ចិត្ត​ធ្ងន់​ឯ​ណា​ទៀត Bruna ថា Neymar អាច​ភ្លក់​ម្ហូប​ក្រៅ ហៅ​នរណា​ឡើង​គ្រែ​តាម​ចិត្ត តែ​ត្រូវ​គោរព​លក្ខខណ្ឌ ៣ នេះ

និយាយ​អំពី​ចំណង​ស្នេហ៍​រវាង​តារា​បាល់ទាត់ ជា​ទូទៅ​ចូល​មក​ដល់​ល្បាក់​វ័យ​ ៣០ ឆ្នាំ ភាគច្រើន​បាន​ចោល​ភាព​ខូចខិល រួច​កែប្រែ​មក​ក្លាយ​ជា​ស្វាមី ជា​ឪពុក​ពេញច្បាប់ ឬ​រាប់​ថា​បង្កើត​គ្រួសារ​ពេញលេញ​មួយ​បាត់​ទៅ​ហើយ ក៏​ប៉ុន្តែ​ករណី​របស់ Neymar Jr ហាក់​មិន​ទាន់​ត្រៀម​លក្ខណៈ​ទទួល​យក​ជីវិត​បែប​នោះ​បាន​ទាល់​តែ​សោះ។

ដូច​ធ្លាប់​បាន​ដឹង ពី​ដើម​ឡើយ​ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​ប្រេស៊ីល​ធ្លាប់​មាន​កូន​ហៅ​ប៉ា តាំង​ខ្លួន​នៅ​ឈរ​ជើង​ឲ្យ Barcelona ដោយ​គេ​មាន​ឈ្មោះ​ថា David Lucca da Silva Santos បច្ចុប្បន្ន​ធំធាត់​មាន​អាយុ ១១ ឆ្នាំ។ នេះ​ជា​កូន​ប្រុស​ដែល​ Neymar ​ផ្ញើ​ក្នុង​ពោះ​មិត្ត​ស្រី​ចាស់ Carolina Dantas ហើយ​មក​ទល់​សព្វថ្ងៃ ត្រឹម​រាប់អាន​គ្នា​ជា​មិត្ត។

ងាក​មក​ជីវិត​ស្នេហា​ច្បាស់ការ​របស់​កីឡាករ​ក្លឹប PSG សព្វថ្ងៃ​នេះ​វិញ គឺ​មាន​ទំនាក់ទំនង​រវាង​តារា​ម៉ូដែល​សញ្ជាតិ​ប្រេស៊ីល Bruna Biancardi ដែល​បញ្ឆេះ​ឡើង​តាំង​ឆ្នាំ ២០២១ ហើយ​មក​ទល់​ខែ​មេសា ឆ្នាំ ២០២៣ កន្លង​ទៅ​ថ្មីថ្មោង បាន​ប្រកាស​ដំណឹង​មាន​បុត្រ ជា​កូន​ប្រុស​ក្នុង​ពោះ ដ្បិត​បើ​មិន​ទាន់​ចូល​រោង​ជ័យ ហៅ​គ្នា​ជា​ប្តីប្រពន្ធ​នៅ​ឡើយ។

បើ​ទោះ​បី Neymar និង Bruna តែង​ចែកចាយ​រូបភាព​ផ្អែមល្ហែម​ជាមួយ​គ្នា តែ​ចចាមអារ៉ាម​ដូច​ការ​ពិត នៅ​បន្ត​ចុះ​ផ្សាយ​ឥត​ល្ហែ​ពាក់ព័ន្ធ​នឹង​ភាព​ខូចខិល​នៅ​ខាង​ក្រៅ​របស់​កីឡាករ​ជំនាញ​ជើង​ស្តាំ ខ្លះ​ទៅ​ថា Neymar តែង​ឆាត​ញ៉ែញ៉ង​ស្រីៗ​ជា​ច្រើន​រាប់​ភ្លេច ខ្លះ​ទៅ​ថា Neymar បាន​ទៅ​ស្កាត់​ជួប Ex របស់​គេ​នៅ​ឯ​ទឹកដី​អាមេរិក គឺ Bruna Marquezine កាល​ពី​ពេល​ថ្មីថ្មោង។

ដោយ​ឃើញ​ការ​ឈឺចាប់​អស់​នេះ ក៏​នាំ​ឲ្យ​មិត្តភក្តិ​ជា​ច្រើន​របស់​តារា​ស្រី​មាន ៥ លាន Follower លើ Instagram រំអុក​ឲ្យ​នាង គួរ​តែ​សុំ​ Neymar ចែក​ផ្លូវ​ទៅ ដ្បិត​មិន​ខ្វះ​ទេ​ប្រុស​ក្នុង​លោក ហេតុអ្វី​នៅ​បន្ត​ត្រាំត្រែង ផ្សាំ​ភាព​ឈឺចាប់ ទាំង​ដឹង​រឿងរ៉ាវ​អស់​នោះ​ទៅ​វិញ។

ក៏​ស្រាប់​តែ​មក​ទល់​ថ្ងៃ​នេះ មាន​របាយការណ៍​ពី​កាសែត Em Off ចុះ​ផ្សាយ៖ “Neymar Jr បាន​ព្រមព្រៀង​លក្ខខណ្ឌ​ពិសេស​ជាមួយ​មិត្ត​ស្រី Bruna Biancardi”។ វា​ជា​មូលហេតុ​នាំ​ឲ្យ​ចំណង​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ អាច​បន្ត​មក​ទល់​ជាង ៣ ឆ្នាំ ដោយ​គ្មាន​ការ​បែកបាក់។
ក្នុង​លក្ខខណ្ឌ​ទាំង ៣ នោះ ស្តាប់​ទៅ​ពិត​ជា​ចម្លែក ហើយ​មិន​ប្រាកដ​ថា​មាន​មនុស្ស​ស្រី​ឯ​ទៀត អាច​ធ្វើ​ចិត្ត​បាន អាច​អនុញ្ញាត​ឲ្យ​ប្រុស​ដែល​ខ្លួន​ស្រលាញ់​ទៅ​ធ្វើ​រឿង​បែប​ហ្នឹង​កើត​ឡើយ។

១) Neymar អាច​ទៅ​ញ៉ែ​ស្រី​ខាង​ក្រោយ​ដោយ​សេរី តែ​ហាម​ប្រកូកប្រកាស​ជា​សាធារណៈ ឬ​បើកចំហ​ក្នុង​សកម្មភាព​ណា​មួយ​ជា​ដាច់ខាត និង​មិន​អនុញ្ញាត​ឲ្យ​ថើប​មាត់​គ្នា

២) Neymar អាច​ហៅ​ស្រ្តី​ណា​មួយ​ឡើង​គ្រែ ឬ​រួម​ភេទ​ជាមួយ​នារី​ដទៃ​ណា​ក៏​បាន តែ​ត្រូវ​ប្រាកដ​ ១០០ ភាគរយ ថា​បាន​ប្រើប្រាស់​ស្រោម​អនាម័យ

៣) អាច​ធ្វើ​សកម្មភាព​ទាំង​ពីរ​ខាង​លើ តែ​ត្រូវ​ធានា​ថា មិន​បោះបង់​នាង [Biancardi] និង​កូន រួច​រក្សា​ការ​បង្ហាញ​ជា​សាធារណៈ​អំពី​ទំនាក់ទំនង​ជា​ធម្មតា

ចុងក្រោយ​ផ្សារភ្ជាប់​មក​ក្នុង​អាជីព​ជា​កីឡាករ​លើ​ទីលាន​បន្តិច មួយ​រយៈ​ចុង​ក្រោយ​ជាមួយ​ការ​លេង​ឲ្យ​ក្លឹប សង្កេត​ឃើញ Neymar ហាក់​ធ្លាក់​ទម្រង់​លេង​ជា​ខ្លាំង បូក​ផ្សំ​នឹង​របួស​ញាំញី​ផង សឹង​តែ​នាំ​ឲ្យ​គេ​បាត់​ឈ្មោះ​ចេញ​ពី​បញ្ជី​កីឡាករ​កំពូល។ ដូច​គ្នា​នឹង​នៅ​ជម្រើស​ជាតិ​ក៏​លែង​សូវ​លេច​វត្តមាន​ត​ទៅ​ទៀត ហើយ​ថ្មីថ្មោង​អាវ​លេខ ១១ ក៏​ត្រូវ​បាន​ជំនួស​ដោយ​រលក​ក្រោយ Rodrygo Goes៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT