ឈឺ​តិច​អី! ផ្ទួនៗ​ Lukaku ត្រូវ​កំពូល​គ្រូ Guardiola ឌឺដង​ផង ឥឡូវ​ឡង​ចូល​រឿង​អន់ចិត្ត​ផ្ទៃ​ក្នុង​បែលហ្សិក​ទៀត

បន្ទាប់​អស់​ភារកិច្ច​ជាមួយ​ក្លឹប​នៅ​រដូវ​កាល​ទើប​តែ​បញ្ចប់ ក្រោយ​របូត​តំណែង​ជើង​ឯក Champions League ក្រោម​ថ្វី​ជើង Man CITY ឥឡូវ Romelu Lukaku ក៏​ត្រូវ​បន្ត​មក​ចូលរួម​ជួយ​ជម្រើស​ជាតិ​បែលហ្សិក​វិញ​ម្តង នៅ​វគ្គ​ជម្រុះ​បឋម EURO 2024។

យ៉ាង​ណា​រឿង​ហេតុ​សម្រាប់​អតីត​សមាជិក​ក្លឹប Man United ហាក់​មិន​ចប់​ទាល់​តែ​សោះ ដោយ​ជា​ការ​ពិត គ្រប់​គ្នា​បាន​ដឹង អំពី​កំហុស​ដែល Lukaku បាន​ធ្វេសប្រហែស​កាល​លេង​ឲ្យ Inter Milan ឥឡូវ​ចូល​មក​ដំណើរការ​កំពុង​ជួយ​បែលហ្សិក ក៏​ស្រាប់​កើត​មាន​រឿងរ៉ាវ​ធ្វើ​ស៊ី​ផ្លូវ​ចិត្ត​កីឡាករ ២ ផ្ទួនៗ​គ្នា​ក្នុង​ពេល​តែ​មួយ៖

២) Guardiola ផ្លែផ្កា​ពាក្យ​សម្តី​ទៅ Lukaku

អ្នកចាត់ការ​លោក Pep Guardiola ជាមួយ​ការ​ឈ្នះ​ពាន ៣/រដូវ​កាល ឲ្យ​សំពៅ​មាស​សារ​នេះ លោក​ហាក់​សប្បាយ​រីករាយ​ជា​ពន់ពេក ព្រោះ​វា​កៀក​នឹង​ឈ្នះ​គ្រប់​យ៉ាង​អស់​ទៅ​ហើយ​ជូន​ក្លឹប ដ្បិត​ UCL ជា​ពាន City មិន​ធ្លាប់​បាន​កាន់​ទាល់​តែ​សោះ​ក្នុង​ប្រវត្តិសាស្រ្ត។

កន្លង​ផុត​ជិត​ ១០ ​ថ្ងៃ ក៏​ស្រាប់​កំពូល​គ្រូ​សញ្ជាតិ​អេស្ប៉ាញ បាន​ចេញ​មក​ផ្ដល់​បទសម្ភាសន៍​លាយឡំ​ពាក្យពេចន៍​ឌឺដង​ទៅ​ខ្សែ​ប្រយុទ្ធ​នៃ​ក្លឹប Inter ថែម​ទៀត​ផង។ បុរស​វ័យ ៥២ ឆ្នាំ ប្រាប់​សារព័ត៌មាន Marca យ៉ាង​ដូច្នោះ៖ “ចូរ​អ្នក​រាល់​គ្នា​ផ្តល់​ពេលវេលា​សម្រាប់ Xavi បន្តិច​ទៀត [នៅ Barcelona] នេះ​ក្រឡេក​មក​ពួក​យើង គឺ​ទាមទារ​ពេល ៨ ឆ្នាំ​ឯ​ណោះ ដើម្បី​ឲ្យ City បាន​ឈ្នះ Champions League”។

លោក​បន្ត៖ “ខ្ញុំ​ជា​ម្ចាស់​ជើង​ឯក​អឺរ៉ុប ក៏​ដោយសារ​តែ​ខ្សែ​ប្រយុទ្ធ​ខាង​ក្រុម​គេ​ខកខាន​ការ​តែត​បាល់​ចម្ងាយ​មិន​ដល់ ៣ ម៉ែត្រ​បញ្ចូល​ទី”។ អត្ថន័យ​នេះ​ចង់​សំដៅ​ដល់​សាច់​បាល់​ត្រង់​កីឡាករ​របស់ Inter លើក​ចូល​ប្រអប់ ហើយ​ព្យាយាម​តែត​បញ្ជូន​ត​ចេញ​ពី Robin Gosens មក​កាន់ Lukaku ដល់​តែ​កីឡាករ​បែលហ្សិក ​បែរ​តែត​ផ្ចុច​ដី​ទៅ​ប៉ះ​នឹង​ជើង​របស់​អ្នកចាំទី Ederson ពោល​អ្នកចាំទី​ប្រេស៊ីល មិន​ពិបាក​ក្នុង​ការ​សង្រ្គោះ​ឡើយ បើ​ទោះ​បី​បាល់​នោះ​ចម្ងាយ​តែ​ប៉ុន្មាន​ម៉ែត្រ​ពី​បង្គោល​ទី។

១) Courtois អន់ចិត្ត​រឿង​ស្លាក​ប្រធាន​ក្រុម

មុន​នេះ​ប៉ុន្មាន​ថ្ងៃ​ជម្រើស​ជាតិ​បែលហ្សិក បាន​បញ្ចប់​លទ្ធផល​ស្មើ​ទល់​អូទ្រីស ១-១ នៅ​វគ្គ​ជម្រុះ​បឋម​ជុំ​ទី ៣ ពាន​រង្វាន់ EURO។ យ៉ាង​ណា​ក្នុង​ប្រកួត​នោះ ឃើញ​មាន​ការ​ផ្លាស់ប្តូរ​តំណែង​ប្រធាន​ក្រុម បន្ទាប់​តែ Kevin de Bruyne របួស ហើយ​ត្រូវ​សម្រាក​ដល់​ខែ​កញ្ញា។ ជា​លទ្ធផល​អ្នកចាត់ការ​លោក Domenico Tedesco បាន​ផ្តល់​ស្លាក​ប្រធាន​ក្រុម ទៅ​ឲ្យ Lukaku ហើយ​ចំពោះ​ការ​សម្រេច​ចិត្ត​ខាង​លើ បាន​ធ្វើ​ឲ្យ Courtois ជា​អ្នកចាំទី ហាក់​មាន​ការ​អន់ចិត្ត ដ្បិតអីទល់អូទ្រីស ជាប្រកួតអបអរ ការបង្ហាញខ្លួនលើកទី ១០០ សម្រាប់គេ តែបែរមិនទទួលបានការឲ្យតម្លៃ។

យ៉ាង​ណា​រឿង​នេះ​ក៏​ជឿ​ថា នឹង​មាន​ការ​ប៉ះ​ទង្គិច​រវាង​ទំនាក់ទំនង Lukaku&Courtois ខ្លះ​ដែរ តែ​ធ្ងន់​បំផុត​គឺ​អាច​រវាង​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​ផ្ទាល់ ជាមួយ​នឹង​កីឡាករ។ ជាក់ស្តែង​ការ​បកស្រាយ​ចំៗ​ចេញ​ពី​គ្រូ​សញ្ជាតិ​អ៊ីតាលី៖ “ពី​ដំបូង​យើង​សម្រេច​គ្នា​រួច​អស់​ហើយ ថា Lukaku នឹង​ពាក់​ស្លាក​ប្រធាន​ក្រុម​ទល់​អូទ្រីស រួច​បន្ទាប់​ទៀត​ប្រកួត​ទល់​អេស្តូនី គឺ​ជា​វេន​របស់ Courtois ដល់​តែ​ចប់​ការ​ប្រកួត [ទល់​អូទ្រីស] បែរ Courtois គេ​ដើរ​មក​និយាយ​ដាក់​ខ្ញុំ ថា​គេ​ត្រលប់​ទៅ​ផ្ទះ​វិញ​ហើយ ព្រោះ​គេ​មាន​ការ​ខក​ចិត្ត​ណាស់ ខ្ញុំ​ព្យាយាម​បង្ហាញ​អំពី​អ្វី​ដែល​គេ​សក្តិសម​ទទួល​បាន ក្នុង​នាម​ជា​អ្នកចាំទី​ដ៏​ល្អ​បំផុត​មួយ ដល់​តែ​គេ​ចេញ​មក​បែប​ហ្នឹង ខ្ញុំ​ពិត​ជា​ភ្ញាក់ផ្អើល”។

ជា​ការ​ឆ្លើយតប​ពី Courtois៖ “រឿង​និយាយ​ពី​បញ្ហា​បែប​ហ្នឹង មិន​មែន​លើក​ដំបូង​ទេ ជាមួយ​គ្រូ​មុនៗ​ក៏​ខ្ញុំ​ធ្លាប់​លើក​ឡើង​ដែរ តែ​សារ​នេះ ជា​លើក​ទី​មួយ​ហើយ​ដែល​អ្នកចាត់ការ​ចេះ​លើក​ដើម​កីឡាករ​មក​និយាយ​លក្ខណៈ​បើកចំហ”៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT