អាច​ឈ្នះ​គ្រប់​យ៉ាង​នៅ​ក្លឹប តែ​សន្ធឹក​ជើង​ឯក​រង​នៅ​ជម្រើស​ជាតិ មក​លង Modric ម្តង​ហើយ​ម្តង​ទៀត

ផ្តើម​ចេញ​ពី​ក្មេង​ប្រុស​នៅ​ប្រទេស​តូច​ក្រូអាត មក​ក្លាយ​ជា​យុវជន​នៅ Dinamo Zagreb ​មុន​រំលេច​ខ្លួន​ជា​តារា​ឆ្នើម​មួយ​រូប​នៅ Tottenham Hotspur ហើយ​ចុង​ក្រោយ​ក៏​មក​រង្គើ​ដល់​កើត​ជា Legend ប្រចាំ​ក្លឹប​អធិរាជ​ស Real Madrid តែ​បេសកកម្ម​ចុង​ប៉ូច​ក្នុង​អាជីព សម្រាប់ Luka Modric គឺ​សមិទ្ធផល​ជាមួយ​ជម្រើស​ជាតិ ​លោក​នៅ​មិន​ទាន់​សម្រេច​បាន​សូម្បី​មួយ។

ជា​ការ​ពិត​ស្ថិត​ក្នុង​វ័យ ៣៧ ឆ្នាំ ខ្សែ​បម្រើ​ជំនាញ​ជើង​ស្តាំ សកម្ម​ខាង​ដឹក​បាល់ ខាង​បង្កើត​ឱកាស ឆ្លាស់​តំណែង​រត់​ឡើង​ចុះ​ពេញ​ទីលាន បាន​មក​ប្រលូក​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់ ក្នុង​ឆ្នាំ ២០០០ បើ​រាប់​តាំង​នៅ​ឈុត​ថ្នាល រួច​មក​ទល់​ពេល​ចុង​ក្រោយ ក៏​បាន​ឈ្នះ​ពាន​រង្វាន់​មួយ​កញ្ចប់​សព្វគ្រប់ ទាំង​ពាន​នៅ​ក្លឹប ទាំង​ពាន​ឯកត្តជន តួ​យ៉ាង La Liga, UEFA Champions League, UEFA Super Cup, FIFA Club World Cup និង​បណ្តា​ពាន​ក្នុង​ស្រុក​មួយ​ចំនួន​ផ្សេង​ទៀត នៅ​ឯ​លីគ​កំពូល​អេស្ប៉ាញ លាយឡំ​ពាន UEFA Best Player of the Year, The Best FIFA Men’s Player of the Year ដូច​គ្នា​នឹង​ពាន​ធំ Ballon d’Or ជា​ដើម។

ក៏​ប៉ុន្តែ​បើ​ក្រឡេក​ទៅ​បញ្ជី​សមិទ្ធផល​រួម​ជាមួយ​ជម្រើស​ជាតិ​ឈរ​លេខ ៧ នៅ FIFA Ranking បែរ​ត្រឹម​ខក​ចិត្ត ខិត​ជិត​ជា​ម្ចាស់​ជើង​ឯក ពោល​បាន​ត្រឹម​ជើង​ឯក​រង ឬ​លេខ ២ ម្តង​ហើយ​ម្តង​ទៀត នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។

មុន​មាន​វត្តមាន Modric ប្រទេស​តូច​នៅ​អឺរ៉ុប​មួយ​នេះ ហាក់​មិន​ជា​ល្បីល្បាញ​ខ្លាំង ឬ​នឹងធឹង​ដូច​សព្វថ្ងៃ​ឡើយ ដោយ​សមិទ្ធផល​អស់​ធំ​ឈោង​បាន​លេខ ៣ ម្តង​កាល​នៅ World Cup 1998 រួច​ជាប់​គាំង​រហូត​មក​ដល់​ឆ្នាំ ២០១៨ ឆ្លង ២ ទសវត្ស​បន្ទាប់ ទើប​ក្រូអាត​អាច​ចារ​ប្រវត្តិសាស្រ្ត​ថ្មី ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ដំបូង តែ​មិន​អាច​យក​ឈ្នះ​បារាំង ជា​ម្ចាស់​ជើង​ឯក។

នេះ​ខកខាន​ម្តង​ហើយ ដល់​តែ​រំលង​ចូល​សម័យ​កាល World Cup បន្ទាប់​ក្នុង​ឆ្នាំ ២០២២ ក៏​ត្រូវ​ខកខាន​ម្តង​ទៀត ដ្បិត​បាន​ឡើង​ប្រកិតៗ​នឹង​ឱកាស​ឈ្នះ​ពាន ពោល​បាន​ធ្លាក់​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ក្រោម​ថ្វី​ជើង​អាហ្សង់ទីន ជា​ម្ចាស់​ជើង​ឯក ដែល​ឡើង​ទៅ​យក​ឈ្នះ​បារាំង នៅ​វគ្គ​ចុង​ក្រោយ។ យ៉ាង​ណា​ពេល​នោះ ក្រូអាត​បាន​កត់ត្រា​ជ័យជម្នះ​ថ្មី​មួយ​ទៀត​ដែរ គឺ​តំណែង​លេខ ៣ ឬ​មេដាយ​សំរឹទ្ធ​ក្នុង​ព្រឹត្តិការណ៍​ជា​លើក​ទី​ពីរ។


ដល់​តែ​រំលង​ជាង​កន្លះ​ឆ្នាំ ក៏​ដាំ​ការ​ឈឺចាប់​ជា​ថ្មី នៅ​ពាន​រង្វាន់ UEFA Nations League ដោយ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​អេស្ប៉ាញ ទាំង​សោកស្តាយ​បំផុត ត្រង់​ចាញ់​បាល់​ប៉េណាល់​ទី ៥-៤ ក្រោយ​ស្មើ​គ្រាប់​បាល់​ ១២០ នាទី ០-០។

យ៉ាង​ណា យើង​នឹង​រង់ចាំ​មើល​បន្ត​ទៅ​ទៀត​សម្រាប់​ព្រឹត្តិការណ៍​នៅ​ឆ្នាំ​បន្ទាប់​គឺ EURO 2024 ដែល Modric ត្រូវ​ហៀរ​ចូល​អាយុ ៣៨ ឆ្នាំ ហើយ​ក៏​អាច​ជា​ឱកាស​ចុងក្រោយ​ផង​ដែរ។

រំឭក​ជា​ថ្មី ការ​លើក​ឡើង​ទាំង​អស់ យើង​ពុំ​មាន​ន័យ​ថា Modric ជា​អ្នក​ត្រួសត្រាយសុទ្ធសាធ ឬ​មាន​តំណែង​ធំ​ជា​អ្នកចាត់ការ​អ្វី​នោះ​ទេ គ្រាន់​ថា បើ​យើង​មើល​នឹង​ភ្នែក គឺ​ជា​ការ​ពិត​បុរស​ម្នាក់​នេះ បាន​ចូលរួម​ចំណែក​សំខាន់​សឹង​គ្រប់​ការ​ប្រកួត ហើយ​រាប់​ថា​លោក​ស្រលាញ់​ជាតិ​ខ្លាំង ព្រោះ​កីឡាករ​ល្មមៗ​បែប​ចូល​និវត្ត​បាត់​ទៅ​ហើយ​ត្រឹម​អាយុ​ស្រករ​កីឡាករ​ខាង​លើ។ យ៉ាង​ណា អ្នក​គាំទ្រ​ក្រូអាត​ក៏​មិន​អាច​មើល​រំលង​ការ​ចូលរួម​ពី​កីឡាករ​ធំៗ​ដទៃ​ដូច Marcelo Brozovic, Ivan Perisic និង Ivan Rakitic ជា​ដើម។ ចុង​ក្រោយ​ពី​ក្រូអាត គឺ​ជា​ប្រទេស​តូច​មួយ​នៅ​ទ្វីប​អឺរ៉ុប មាន​ផ្ទៃ​ដី​ត្រឹម ៥៦ ៥៩៤ គីឡូម៉ែត្រ​ការ៉េ និង​ចំនួន​ប្រជាជន​តែ​ជិត ៤ លាន​នាក់​ប៉ុណ្ណោះ​ឯង៕

ប្រភព៖ បរទេស​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT