ខ្សែបម្រើស្លាបរបស់ Barcelona កីឡាករ Ousmane Dembele ជឿជាក់ថា គូប្រជែង Real Madrid នឹងកាន់តែខ្សោយ បន្ទាប់ពី Karim Benzema ចាកចេញ។បន្ទាប់ពី Cristiano Ronaldo បានចាកចេញទៅ Juventus ក្នុងឆ្នាំ២០១៨ Benzema បានរ៉ាប់រងលើការស៊ុតបញ្ចូលទីរបស់ក្រុមអធិរាជស និងរកឃើញទម្រង់លេងដ៏មិនគួរឲ្យជឿងមួយ រហូតដល់ឈ្នះពាន Ballon d’Or។
គាត់ចាកចេញពីក្លឹប Real Madrid ក្នុងនាមជាអ្នកស៊ុតបញ្ចូលទីនាំមុខគេទីពីររបស់ក្លឹបជាមួយនឹង ៣៥៤គ្រាប់ ដែលនាំមុខដោយ Ronaldo ដែលមាន ៤៥០គ្រាប់។
នៅក្នុងបទសម្ភាសន៍ជាមួយ MARCA មិត្តរួមក្រុមបារាំងរបស់ Benzema កីឡាករ Dembele បានទទូចថា Real Madrid នឹងរងទុក្ខដោយសារតែការចាកចេញរបស់ខ្សែប្រយុទ្ធ។
Dembele បាននិយាយថា៖
“បើគ្មាន Benzema ទេ Real Madrid ចាញ់ច្រើនព្រោះគាត់ជាម្ចាស់ Ballon d’Or និងជាកីឡាករដ៏អស្ចារ្យ។ Real Madrid បើគ្មាន Benzema គឺមិនដូចមុនទេ។ វានឹងក្លាយជាការបាត់បង់ដ៏សំខាន់បំផុត។
វានឹងក្លាយជាការបាត់បង់ដ៏ធំមួយសម្រាប់ La Liga ពីព្រោះគាត់ជាកីឡាករបាល់ទាត់ដែលស៊ុតបញ្ចូលទីបានច្រើនគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម។ គាត់ជាកីឡាករដ៏អស្ចារ្យម្នាក់”៕