មួយរយៈមុន និយាយដល់ឈ្មោះកីឡាករអាស៊ី បងប្អូនយើងប្រាកដជានឹកដល់ Son Heung-min មុនគេបង្អស់ តែយ៉ាងណាក្រោយក្លឹប Spurs ធ្លាក់ទម្រង់ គួបផ្សំខ្សែប្រយុទ្ធកូរ៉េខាងត្បូងកើតរបួសញាំញីផង ក៏នាំឲ្យឈ្មោះរបស់គេធ្លាក់ចុះទៅវិញ។
ជាលទ្ធផលបើសួរថា ចុះកីឡាករនៅប៉ែកអាស៊ីរូបណា ដែលកំពុងផ្ទុះការចាប់អារម្មណ៍បំផុត នាពេលចុងក្រោយ នៅលីគកំពូលអឺរ៉ុប នោះ CTS Sports សូមឆ្លើយដល់ឈ្មោះខ្សែការពារជនជាតិកូរ៉េខាងត្បូង និងខ្សែបម្រើជនជាតិជប៉ុន ហើយផ្សារភ្ជាប់ទៅចចាមអារ៉ាមអនាគតរបស់ពួកគេតែម្តង៖
១) Kim Min-jae
ខ្សែការពារសញ្ជាតិកូរ៉េខាងត្បូង ឈរជើងឲ្យក្លឹប Napoli បានចូលរួមចំណែកបង្កើតផ្លែផ្កាធំ ក៏កំពុងកើតឈ្មោះជាជញ្ជាំងដ៏រឹងមាំមួយប្រចាំលីគកំពូល។ តាមចចាមអារ៉ាមនាពេលចុងក្រោយ កីឡាករវ័យ ២៦ ឆ្នាំ ត្រូវបានផ្សារភ្ជាប់ទៅកាន់ក្លឹបអង់គ្លេស Mancheseter United និងក្លឹបអាល្លឺម៉ង់ Bayern Munich។
ដំបូងឡើយបិសាចក្រហម ដាក់ក្រសែភ្នែកតាមសម្លឹងមើលឥតឈប់ តែការចរចាហាក់មិនទទួលបានចម្លើយវិជ្ជមានទាល់តែសោះ ដ្បិតអីតម្លៃខ្លួន Min-jae អាចរេចូលល្បាក់ ៤៥ លានផោន ឬប្រហែលជាង ៥០ លានអឺរ៉ូ ខណៈកុងត្រាជាមួយ Napoli សេសសល់ដល់ចុងខែមិថុនា ឆ្នាំ ២០២៥។
យ៉ាងណាបុរសជាប់រហស្សនាម “The Monster” ដែលតែងតែរង្គើទីលាន តាមរយៈកាយសម្បទាដ៏មាំ និងបច្ចេកទេសឈូសស្លាយ កាយយកបាល់ពីជើងគូប្រជែង ក៏ត្រូវបាន Bayern ឯណោះ ហាក់បោះជំហានយ៉ាងលឿនក្នុងការចរចា នេះបើតាម Fabrizio Romano ចុះផ្សាយ គឺដំណើរការកិច្ចព្រមព្រៀងឈាននឹងសម្រេច វាលឿនជាងអ្វីដែល United ធ្វើការកន្លងមក។
បើក្លាយជាការពិត Min-jae នឹងចារកំណត់ត្រាថ្មី នាមកីឡាករអាស៊ីផ្ទេរចូលថ្លៃបំផុត ពីលើតួលេខចាស់ ៣៥ លានអឺរ៉ូ ដែល Shoya Nakajima ផ្ទេរពី Portimonense ទៅកាន់ Al Duhail កាលឆ្នាំ ២០១៧។
២) Daichi Kamada
រដូវកាលទើបតែបញ្ចប់នៅក្លឹបអាល្លឺម៉ង់ Frankfurt ខ្សែបម្រើសញ្ជាតិជប៉ុន ធ្វើបានល្អណាស់ ជាក់ស្តែងបង្ហាញខ្លួន ៤៧ ប្រកួត ក៏រកបាន ១៦ គ្រាប់និង Assist ៧ លើក តែយ៉ាងណាបានបដិសេធមិនព្រមបន្តកុងត្រាថ្មីតទៅទៀត។ ពេលនេះ Kamda ក្លាយជា Free Agent លើទីផ្សារដោះដូរ ខណៈក្លឹប AC Milan ជាគោលដៅធំរបស់គេ បន្ទាប់មកទៀតអាចជា Borussia Dortmund។
យើងងាកទៅចចាមអារ៉ាមជាមួយក្លឹបនៅទឹកដីអ៊ីតាលី Kamada ល្ហៀងៗប្រុងនឹងចុះហត្ថលេខានៅពេលខាងមុខ ជាមួយកុងត្រាថ្មីសន្លាងរយៈពេល ៥ ឆ្នាំពេញ។ ជុំវិញហេតុផលជ្រើសយកក្លឹបនោះ ក៏មកពីហេតុផលចង់ភ្លក់បទពិសោធន៍នៃការប្រកួតប្រជែងថ្មី ក៏លាយឡំនឹងកត្តាបានកៅអីនៅពានរង្វាន់ UEFA Champions League ផងដែរ។
ប្រសិនកិច្ចព្រមព្រៀងសម្រេចទៅបានជោគជ័យ នោះខ្សែបម្រើជំនាញជើងឆ្វេង នឹងក្លាយជាកីឡាករជប៉ុនបន្ទាប់ពី Keisuke Honda បានទៅចុះចូលជាមួយក្លឹបស្ថិតក្នុងទីក្រុងរ៉ូម។ រំឭកថា អតីតអ្នកចាត់ការជម្រើសជាតិកម្ពុជា ធ្លាប់បានចូលរួមនៅទីនោះ ចន្លោះឆ្នាំ ២០១៤ ដល់ ២០១៧ កាលនៅជាកីឡាករ៕
ប្រភព៖ បរទេស