ប្រធានក្លឹប Real Madrid លោក Florentino Perez បានស្វាគមន៍ខ្សែបម្រើ Jude Bellingham មកកាន់ក្លឹប ដោយចាត់ទុក Bellingham ជាកីឡាករល្អបំផុតម្នាក់ក្នុងពិភពលោក។ Bellingham ចូលរួមជាមួយ Madrid ក្នុងកិច្ចសន្យារយៈពេល ៦ឆ្នាំ ហើយត្រូវបានគេរាយការណ៍ ថាចំណាយអស់ ១០៣លានអឺរ៉ូក្នុងថ្លៃផ្ទេរ។កីឡាករសញ្ជាតិអង់គ្លេសរូបនេះត្រូវបានគេជឿថានៅលើរ៉ាដារបស់ Liverpool និង Manchester City ផងដែរ ដោយត្រូវបានគេរាយការណ៍ពីមុនមកថា ជាអ្នកនាំមុខសម្រាប់ការចុះហត្ថលេខាទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ Real Madrid បានធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីទទួលបាន កិច្ចព្រមព្រៀងនេះ ហើយបានប្រកាសពីការចុះហត្ថលេខារបស់គាត់ពី Borussia Dortmund នៅថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែមិថុនា។
ក្នុងអំឡុងពេលនៃការបង្ហាញខ្លួនរបស់គាត់ ប្រធានក្លឹប Florentino Perez បានសង្កត់ធ្ងន់ថា Bellingham អាចចូលរួមជាមួយក្លឹបដែលចាប់អារម្មណ៍ ផ្សេងទៀត ប៉ុន្តែគាត់បានជ្រើសរើស Real Madrid ជាជាងក្លឹបដទៃ។ គាត់បាននិយាយថា៖
“កីឡាករល្អបំផុតម្នាក់ក្នុងពិភពលោកចូលរួមជាមួយយើងនៅថ្ងៃនេះ។ គាត់បានជ្រើសរើសចូលរួមជាមួយ Real Madrid។ សូមស្វាគមន៍មកកាន់ Real Madrid, Jude Bellingham!”
លោក Perez បានបន្ថែមថា៖“Jude នៅទីនេះដោយសារតែគាត់ចង់មក គាត់អាចទៅក្លឹបផ្សេងទៀត ប៉ុន្តែគាត់បានជ្រើសរើសនៅទីនេះ។ ដូច្នេះសូមស្វាគមន៍ និងអរគុណចំពោះមហិច្ឆតារបស់អ្នក”៕
ប្រភព៖ Madrid Zone