ឥណ្ឌូណេស៊ី​ចាយ​អស់ ៥ លាន ហេតុ​តែ​ចង់​ប៉ះ​អាហ្សង់ទីន ចុង​ក្រោយ​បែរ​អត់​ Messi ដោយសារ​ហេតុផល​នេះ

នៅ​វេលា​ម៉ោង ០៧:០០ នាទី​យប់ ​ថ្ងៃ​ព្រហស្បតិ៍​នេះ លើ​ទំព័រ CTS SPORTS ដែល​បងប្អូន​បាន Follow រួចរាល់ នឹង​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​នូវ​ជំនួប​មិត្តភាព​ពិសេស រវាង​ម្ចាស់​ជើង​ឯក World Cup គឺ​ពពក​ស​អាហ្សង់ទីន ត្រូវ​តតាំង​ជម្រើស​ជាតិ​កុងហ្គារូ​អាស៊ី អូស្រ្តាលី នៅ​ឯ​ទឹកដី​ប្រទេស​ចិន។

តាម​កាលវិភាគ​ចប់​ពី​ប្រកួត​យប់​នេះ​ទៅ ក្រុម​មក​ពី​អាមេរិក​ឡាទីន ក៏​នឹង​បន្ត​ដំណើរ​ហោះ​ទៅ​កាន់​ប៉ែក​អាស៊ី​អាគ្នេយ៍​វិញ​ម្តង ដើម្បី​ជួប​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី នា​ថ្ងៃ​ទី ១៩ ​មិថុនា រំលង​បួន​ថ្ងៃ​បន្ទាប់។ ទោះ​ជា​យ៉ាង​ណា ដំណឹង​ដ៏​ភ្ញាក់ផ្អើល បាន​នឹង​កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នៅ​ប្រទេស​ដែល​ទើប​តែ​ឈ្នះ​មេដាយ​មាស​លើ​វិញ្ញាសា​បាល់ទាត់​បុរស នៅ​ស៊ីហ្គេម ហាក់​មាន​ការ​សោកស្តាយ​ចិត្ត​ជា​ខ្លាំង ​ព្រោះ​អី​លឺ​ថា តារា​ឆ្នើម Lionel Messi នឹង​ត្រូវ​អវត្តមាន ពោល​នឹង​ចាកចេញ​តាម​ជើង​ហោះហើរ​ឯកជន​ត្រលប់​ទៅ​ប្រទេស​អាហ្សង់ទីន ឬទំនងជាហោះទៅសហរដ្ឋអាមេរិក ចាយពេលសម្រាកដើរកម្សាន្ត មុន​បណ្តា​កីឡាករ​ឯ​ទៀត។

បើ​តាម​ស្ថាប័ន​សារព័ត៌មាន​អន្តរជាតិ​ជា​ច្រើន​ចុះ​ផ្សាយ អំពី​ហេតុផល​ដែល​កីឡាករ​វ័យ ៣៥ ឆ្នាំ មិន​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ចាកាតារ ក៏​ដោយសារ​លោក​ចង់​ជ្រើស​យក​ពេលវេលា​នោះ​សម្រាក ពោល​ចូល​វិស្សមកាល​មុន​កីឡាករ​ដទៃ បន្ទាប់​រដូវ​កាល​ដ៏​មមាញឹក​ទាំង​ជាមួយ​ក្លឹប​ផង និង​ជម្រើស​ជាតិ​ផង នា​រយៈ​ពេល​ជាង​កន្លះ​ឆ្នាំ​ចុង​ក្រោយ។

បើ​តាម​កាសែត Diario Ole និង Vermouth Deportivo ចុះ​ផ្សាយ​ស្រដៀង​គ្នា៖ “តារា​ឆ្នើម​លំដាប់​កំពូល​ដូច Messi គឺ​កំណត់​ឲ្យ​លេង​ទល់​អូស្រ្តាលី ​ព្រោះ​អី​ពួក​គេ​ជា​គូ​ប្រជែង​ដ៏​រឹងមាំ តែ​ការ​ប៉ះ​ប្រទេស​ឥណ្ឌូណេស៊ី គឺ​អាហ្សង់ទីន​រៀបចំ​ប្រើប្រាស់​តែ​កីឡាករ​បម្រុង និង​កីឡាករ​វ័យ​ក្មេង​តែ​ប៉ុណ្ណោះ​ឯង Messi គាត់​សក្តិសម​នឹង​ទទួល​បាន​វេលា​សម្រាក បន្ទាប់​នឿយហត់​ពេញ​មួយ​រដូវ​កាល​ទៅ​ហើយ”។

គួរ​ឲ្យ​ដឹង​ដែរ​ថា សហព័ន្ធ​បាល់ទាត់​ឥណ្ឌូណេស៊ី ហៅ​កាត់ PSSI ធ្លាប់​ត្រូវ​បាន​គេ​រាយការណ៍​ថា ជុំវិញ​សំណើ​ជោគជ័យ​លើ​ការ​អញ្ជើញ​ជម្រើស​ជាតិ​អាហ្សង់ទីន ឬ​ប្រទេស​លំដាប់​លេខ ១ នៅ FIFA Ranking មក​ប្រកួត​មិត្តភាព មួយ​ជើង​នេះ ពួក​គេ​ចាយ​អស់​ប្រហែល ៥ លាន​ដុល្លារ​អាមេរិក​ឯ​ណោះ។

ដោយឡែក​ចំពោះ​សំបុត្រ​ចូល​ទស្សនា​ក្នុង​កីឡដ្ឋាន Gelora Bung Karno Stadium ដែល​លក់​ដាច់​អស់ ៦ មុឺន​សំបុត្រ​ហើយ​នោះ គឺ​មាន​តម្លៃ​ចន្លោះ​ពី ៤០ ទៅ​ជិត ៣០០ ដុល្លារ/សំបុត្រ ផ្អែក​តាម​ជម្រើស​ប្រភេទ​កៅអី​ធម្មតា ឬ​កៅអី VIP។

ជា​លទ្ធផល​វា​ពិត​ជា​គួរ​ឲ្យ​សោកស្តាយ បើ​ជម្រើស​ជាតិ​អាហ្សង់ទីន​អនុវត្ត​ផែនការណ៍​ដូច​បាន​រៀបរាប់​ខាង​លើ​ពិត​មែន ដ្បិត​អី​អ្នក​គាំទ្រ​ជា​ច្រើន​នៅ​ឥណ្ឌូណេស៊ី​បាន​បង្ហាញ​ការ​សោកស្តាយ ការ​អាក់អន់​ចិត្ត​ជា​ពន់​ពេក ដល់​ថ្នាក់​អ្នក​គាំទ្រ​ខ្លះ​ទាមទារ​សហព័ន្ធ​សុំ​ប្តូរ​សំបុត្រ​យក​លុយ​វិញ​ក៏​មាន។ តែយ៉ាងណាច្បាប់របស់សហព័ន្ធបានកំណត់រួចហើយ សំបុត្រដែលបានទិញរួច នឹងមិនអាចប្តូរយកលុយវិញឡើយ។

ដូច​អ្នក​គាំទ្រ​ម្នាក់​មាន​ឈ្មោះ Zaq Huzaifah បាន​សរសេរ​រៀបរាប់​លើ​បណ្តាញ​សង្គម៖ “ជា​ការ​ពិត Messi នឹង​អត់​មក​ទេ តើ​យើង​គិត​បែប​ណា​ទៀត នេះ​គេ​លំដាប់​ Super star អត់​ចង់​មក​លេង​ទល់​គីឡូ​ក្រុម​តូច​ឥណ្ឌូនេស៊ី​ដូច​ជា​យើង​ឡើយ វា​ពិត​ជា​រឿង​ដ៏​អាម៉ាស់​ខ្លាំង​ណាស់”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT