​ថ្ងៃ​មុន​លា BBC ​រី​ឯ​ថ្ងៃ​នេះត្រៀម​បិទរជ្ជកាល​ MMN ​នៅ PSG ក្រោយ​ផ្ទុះ​ដំណឹង​ធំ ២

តើ Trio តំបន់​ប្រយុទ្ធ​ណា​មួយ ដែល​អ្នក​ស្រលាញ់​ពេញចិត្ត​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់? យ៉ាងណា យើង​ពិត​ជា​មិន​អាច​ប្រកែក​បាន​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ឈុត MSN របស់ Barcelona មាន Messi, Suarez និង Neymar ដូច​គ្នា​នឹង BBC របស់ Real Madrid មាន Bale, Benzema និង Cristiano បាន​សម្រេច​បែកបាក់​ទាំង​ស្រុង ១០០ ភាគរយ​អស់​ហើយ ជា​ពិសេស​ថ្មីថ្មោង​ក្រោយ​ការ​ចាកចេញ​របស់​កីឡាករ​បារាំង​ពី​អធិរាជ​ស ក្នុង​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន​ទៅ​កាន់​ក្លឹប​អារ៉ាប៊ីសាអូឌីត Al Ittihad។

ដល់​តែ​ថ្ងៃ​នេះ ឈុត​ធ្លាប់​តែ​រង្គើ​ទឹកដី​បារាំង​គឺ MMN រួម​មាន Messi, Mbappe និង Neymar មើល​មិន​ឃើញ​ថា​មិន​ត្រូវ អាច​នឹង​ចូល​ដល់​ផ្លូវ​បំបែក​មួយ​កញ្ចប់​ធំ​ដូច​គ្នា នា​ពេលវេលា​ដ៏​ខ្លី​ខាង​មុខ ​បន្ទាប់​តែ​ផ្ទុះ​ដំណឹង​គួរ​ឲ្យ​ចាប់​អារម្មណ៍ ២ ជួន​គ្នា​ក្នុង​ពេល​តែ​មួយ។

ជា​ការ​ពិត​ចំណោម​អ្នក​ទាំង ៣ មាន​កីឡាករ​ចំណាស់​ជាង​គេ Lionel Messi ជ្រើស​យក​ផ្លូវ​ចាកចេញ​រួចរាល់ និង​បាន​ចុះ​ហត្ថលេខា​ផ្ទេរ​ទៅ​ក្លឹប​អាមេរិក Inter Miami ដោយឡែកពីរ​នាក់សេសសល់ ក៏​អាច​តក់ក្រហល់​សុំ​ក្លឹប​ចាកចេញ​ដូច​គ្នា នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ។

២) Kylian Mbappe មិន​ព្រម​បន្ត​កុងត្រា​ថ្មី

បច្ចុប្បន្ន​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង សេសសល់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ ហើយ​ក្នុង​កិច្ច​ព្រមព្រៀង​គេ​មាន​ជម្រើស​បន្ត​ថ្មី​មួយ​ឆ្នាំ​បន្ថែម តែ​ការ​សម្រេច​យក​ចម្លើយ យ៉ាង​យូរ​នឹង​ត្រូវ​ផុត​ត្រឹម​ថ្ងៃ​ទី ៣១ ​កក្កដា​ឆ្នាំ​នេះ​ឯង។ យ៉ាង​ណា​ចម្លើយ​របស់ Mbappe ហាក់​បាន​បញ្ចេញ​មក​ហើយ បន្ទាប់​ការ​ឈ្នះ​ពាន​របស់ Man City នៅ UCL ថ្មីថ្មោង នោះ​គឺ “No” បដិសេធ​ដាច់អហង្ការ ​មិន​មាន​ចិត្ត​បន្ត​នៅ PSG ត​ទៅ​ទៀត។

ជា​លទ្ធផល​ក្លឹប​ស្ថិត​ក្នុង​ទីក្រុង​ប៉ារីស ក៏​បាន​គិត​រួចរាល់​ហើយ​ដែរ បើ​កីឡាករ​មិន​ព្រម​បន្ត នោះ​ក្លឹប​ក៏​នឹង​មិន​ត្រាំត្រែង​អូស​ជើង​ Mbappe ដល់​អស់​កុងត្រា​នា​ឆ្នាំ​បន្ទាប់ ផ្ទុយ​ទៅ​វិញ​នឹង​ធ្វើ​ការ​លក់​ចេញ​តែ​ម្តង​នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ ដើម្បី​បង្វិល​ចំណូល​ចូល​មួយ​ផ្នែក ជា​ជាង​របូត​ដោយ​ទទេ ឥត​បាន​មួយ​កាក់​មួយ​សេន្ត​ចូល​ហោប៉ៅ។

គោលដៅ​គឺ​ Real Madrid នោះ​ឯង តែ​តម្លៃ​ខ្លួន​សារ​នេះ ​ក្លឹប​អេស្ប៉ាញ​នឹង​មិន​ទៅ​ឆោត​ចាយ​លើស ១៥០ លាន​អឺរ៉ូ​នោះ​ដែរ ដ្បិត​អី​ក្នុង​កិច្ច​ព្រមព្រៀង​បើ Mbappe មិន​ព្រម​ស៊ីញ៉េ​បន្ត​កុងត្រា ម្ល៉េះ​ចាប់​ពី​ថ្ងៃ​ទី ១ មករា ឆ្នាំ ២០២៤ ត​ទៅ គេ​អាច​ជ្រើស​ការ​ចាកចេញ​នៅ​លក្ខខណ្ឌ Free Free។

១) ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត​ចង់​បាន Neymar Jr

ក្នុង​ផែនការណ៍​ទម្លាក់​លុយ​អភិវឌ្ឍ​បាល់ទាត់​រាប់​ពាន់​លាន​របស់​រដ្ឋាភិបាល​នៅ​ប្រទេស​ក្នុង​ប៉ែក​មជ្ឈិមបូព៌ា ក៏​មាន​សម្លឹង​ទៅ​លើ​តារា​ឆ្នើម​សញ្ជាតិ​ប្រេស៊ីល​ផង​ដែរ។ តាម​របាយការណ៍​ចុង​ក្រោយ ខាង​ក្លឹប Al Hilal ​បន្ទាប់​បរាជ័យ​ការ​ចរចា Messi ពួក​គេ​ក៏​បាន​បង្វែរ​កញ្ចប់​ប្រាក់​ដ៏​ច្រើន​ក្រាស់ក្រែល​មក​លើ Neymar វិញ​ម្តង។

នេះ​គ្រោង​ផ្តល់​ឲ្យ​មួយ​ឆ្នាំ ២៥០ លាន​អឺរ៉ូ រាប់​ចូល​ជា​កីឡាករ​ស៊ី​ថ្លៃ​ដាច់​គេ​នៅ​ Saudi Pro League ខ្ពស់​ជាង​ទាំង Ronaldo និង Benzema ហើយ​លើ​កុងត្រា​មាន​សុពលភាព ៣ ឆ្នាំ ម្ល៉េះ​សរុប​ខ្ទង់​ចំណាយ​ចូល​ល្បាក់ ៧៥០ លាន​ឯ​ណោះ។

គួប​ផ្សំ​កត្តា​អាយុ​កាន់​តែ​ចំណាស់​ចូល ៣១ ឆ្នាំ លាយឡំ​របួស​បន្ត​ញាំញី ហើយ PSG ​ធ្លាក់​ទម្រង់​លេង ម្ល៉េះ​វា​សុទ្ធ​សឹង​ជា​ហេតុផល​អាច​អូស​ទាញ​ចិត្ត​ឲ្យ Neymar ជ្រើស​យក​ផ្លូវ​ទៅ​កើប​លុយ​ធំ​មុន​ចូល​និវត្ត៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT