Mbappe ខ្លួន​ឯង​ឈឺចាប់​តិច​អី សម្តី​ធ្លាប់​មើល​ស្រាល​បាល់ទាត់​អាមេរិក​ឡាទីន មួយ​ឆ្នាំ​ក្រោយ​ខុស​ទាំង​ស្រុង

ត្រលប់​ទៅ​កាល​ពី​ជាង​មួយ​ឆ្នាំ​មុន នៅ​កំឡុង​ខែ​ឧសភា ឆ្នាំ ២០២២ តារា​ឆ្នើម​របស់​ក្លឹប​ Paris Saint-Germain និង​ជម្រើស​ជាតិ​មាន់​គក​បារាំង គឺ Kylian Mbappe ធ្លាប់​បាន​លើក​ឡើង ក្នុង​អត្ថន័យ​មើល​ស្រាល​ចំៗ​ដល់​បាល់ទាត់​នៅ​ប៉ែក​អាមេរិក​ឡាទីន ថា​មាន​កម្រិត​ទាប​ជាង​ ធៀប​នឹង​ប៉ែក​អឺរ៉ុប ដល់​តែ​លទ្ធផល​បង្ហាញ​ចេញ​មក​នៅ​រយៈ​ពេល ១២ ខែ​បន្ទាប់ បែរ​ជា​ផ្ទុយ​ស្រឡះ​ទាំង​ស្រុង ទាំងនៅពានធំ ពានតូច។

ថយ​ក្រោយ​ទៅ​បទសម្ភាសន៍​មុន​ចាប់ផ្តើម​យុទ្ធនាការ World Cup ធ្វើ​ឡើង​នៅ​ប្រទេស​កាតារ ពេល​នោះ​ត្រូវ​បាន​អ្នក​កាសែត​សួរនាំ​អំពី​ជម្រើស​ជាតិ ដែល​សង្ឃឹម​ខ្ពស់​នឹង​ឈ្នះ​ជើង​ឯក ហើយ​ចម្លើយ​របស់ Mbappe សង្កត់​ធ្ងន់​ថា៖ “ខាង​អឺរ៉ុប​ពួក​យើង​រមែង​មាន​តែម​ជាង ព្រោះ​យើង​តែងតែ​តតាំង​គ្នា​នៅ​កម្រិត​ដ៏​ខ្ពស់ ខុស​ពី​អាហ្សង់ទីន និង​ប្រេស៊ីល ពួក​គេ​ពុំ​មាន​ការ​ប្រកួតប្រជែង​បែប​នោះ​ទេ​នៅ​ប៉ែក​អាមេរិក​ឡាទីន ជា​រួម​បាល់ទាត់​នៅ​ទី​នោះ មិន​មាន​ការ​អភិវឌ្ឍ​ល្អ​ប្រសើរ​ដូច​នៅតំបន់ពួកយើង​ឡើយ ហេតុផល​ត្រង់​ហ្នឹង​ទើប​ប្រទេស​ឈ្នះ​ជើង​ឯក World Cup ពេល​ក្រោយៗ តែងតែ​ជា​ប្រទេស​នៅ​អឺរ៉ុប”។

ចាំ​បាន​រំលង​តែ​ប៉ុន្មាន​ថ្ងៃ​ល្បាក់​ពេល​នោះ Lautaro Martinez កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន ក៏​ចេញ​មក​ឆ្លើយតប​ភ្លាម ​ទៅ​ការ​យល់​ឃើញ​របស់ Mbappe ថា​ជា​ការ​លើក​ឡើង​មិន​យុត្តិធម៌ ​ត្រង់​ការ​ពិត​ទៅ​ទាំង​ប្រេស៊ីល ទាំង​អាហ្សង់ទីន សុទ្ធ​សឹង​មាន​ធនធាន​កីឡាករ​ល្អៗ​ដូច​តែ​ប្រទេស​នៅ​អឺរ៉ុប​អ៊ីចឹង​ឯង។

យ៉ាង​ណា​ការ​លើក​ឡើង​របស់​កីឡាករ​បារាំង អាច​ថា​មិន​ខុស​នោះ​ទេ បើ​យើង​សារ​ថយ​ក្រោយ​ចន្លោះ​ឆ្នាំ ២០០២ ដល់ ២០១៨ ដែល​ក្រោយ​ពេល​ប្រេស៊ីល​កាន់​ពាន​ក្នុង​ប្រទេស​ជប៉ុន​រួច​មក បន្តបន្ទាប់​គឺ​ជា​អ៊ីតាលី, អេស្ប៉ាញ, អាល្លឺម៉ង់ និង​បារាំង។ ក៏​ប៉ុន្តែ​នៅ​ចុង​ឆ្នាំ ២០២២ ការ​គិត​របស់ Mbappe មិន​ដូច​ជា​ការ​ពិត ដែល​បាន​កើត​ឡើង ជាក់ស្តែងនា​វគ្គ​ផ្តាច់ព្រ័ត្រ គឺ​ជម្រើស​ជាតិ​មក​ពី​ឡាទីន​ដែល​កីឡាករ​បាន​មើល​ស្រាល​នោះ​ឯង ជា​អ្នក​ទម្លាក់​មាន់​គក​បារាំង ​មិន​ឲ្យ​ឈ្នះ​ពាន ២ សម័យ​កាល​ជាប់។

​ក្រោយ​ស្មើ​លទ្ធផល ៣-៣ នៅ​ម៉ោង​បន្ថែម​ ១៥ នាទី​ពីរ​ដង ឈាន​ដល់​ការ​ស៊ុត​ប៉េណាល់ទី​កាត់​សេចក្តី គឺ​អាហ្សង់ទីន​បាន​យក​ឈ្នះ​បារាំង ៤-២ ក្លាយ​ជា​ម្ចាស់​ជើង​ឯក ​បន្ទាប់​ខកខាន​តាំង​ឆ្នាំ ១៩៧៨។

មិន​ទាន់​ចប់​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ​បន្ត​មក​ដល់​ព្រឹត្តិការណ៍​បន្ទាប់​របស់ FIFA គឺ U20 World Cup ដែល​ទើប​តែ​បញ្ចប់ ក៏​អ៊ុយរុយហ្គាយ​ជា​ជម្រើស​ជាតិ​មក​ពី​អាមេរិក​ឡាទីន បាន​ឈ្នះ​ជើង​ឯក ក្រោយ​បំបាក់​អ៊ីតាលី ជា​ជម្រើស​ជាតិ​មក​ពី​អឺរ៉ុប ដោយ​លទ្ធផល ១-០ កាល​ពី​ថ្ងៃ​ម្សិលមិញ។ នេះ​ខាង​ឡាទីន​ខកខាន​ធ្វើ​បាន​តាំង​ឆ្នាំ ២០១១ កាល​ប្រេស៊ីល​ឈ្នះ​ព័រទុយហ្គាល់។

ចូល​ទៅ​ខែ​ក្រោយ ក៏​នឹង​មាន​ព្រឹត្តិការណ៍ FIFA Women’s World Cup វិញ​ម្តង ហើយ​បេក្ខភាព​មក​ពី​ខាង​សហព័ន្ធ CONMEBOL ឬ​ខាង​ឡាទីន មាន​ ៣ ប្រទេស​ចូលរួម តួ​យ៉ាង​អាហ្សង់ទីន ប្រេស៊ីល​និង​កូឡុំប៊ី ខណៈ​ខាង​អឺរ៉ុប UEFA មាន​ដល់ ១២ ប្រទេស។

យើង​នឹង​រង់ចាំ​មើល​លទ្ធផល​នៃ​ព្រឹត្តិការណ៍​នេះ​មួយ​បន្ថែម​ទៀត ដ្បិត​អី​ក្នុង​ប្រវត្តិសាស្រ្ត​ខាង​ឡាទីន​ឥត​ធ្លាប់​ស្គាល់​ជាតិ​ឈ្នះ​ជើង​ឯក​ម្តង​ណា​ឡើយ ពោល​ធ្លាប់​តែ​អាមេរិក​ខាង​ជើង​គឺ​សហរដ្ឋអាមេរិក ឈ្នះ ៤ សម័យ, អឺរ៉ុប​មាន​អាល្លឺម៉ង់​និង​ន័រវេស សរុប​ឈ្នះ ៣ សម័យ ហើយ​អាស៊ី គឺ​ជប៉ុន​ឈ្នះ ១ សម័យ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT