អាយុ​ទើប ២០ ស្តើង ​គ្រាប់​ពេជ្រ City ៣ រូប​នេះ ជោគជ័យ​ទាំង​ស្នេហា ​ដុះ​ផ្លែផ្កា​ទាំង​អាជីព​បាល់ទាត់

ស្នាម​ញញឹម​នៃ​មនុស្ស​រាប់​លាន​អ្នក ជា​ពិសេស​អ្នក​គាំទ្រ​ក្លឹប Manchester City បាន​នឹង​កំពុង​សាទរ​យ៉ាង​ពេញ​ទំហឹង ដោយឡែក​ក្នុង​រាត្រី​ឆ្លាក់​ឈ្មោះ ​ក្លឹប​សំពៅ​មាស ​នាម​ជា​ម្ចាស់​ជើង​ឯក​ពាន​អឺរ៉ុប​រដូវ​កាល ២០២២/២៣ នៅ​ឯ​ប្រទេស​ទួរគី ក៏​យើង​បាន​ឃើញ​សមាជិក​ក្រុម​គ្រួសារ ខ្លះ​ទៅ​មាន​សង្សារ​ត្រៀម​នឹង​ចូល​រោង​ជ័យ មកចូលរួមអបអរ ហើយ​ចាប់​អារម្មណ៍បំផុត​កីឡាករ ៣ រូប ដែល CTS Sports ចង់​លើក​មក​ចែករំលែក​ក្នុង​អត្ថបទ​នេះ៖

៣) Julian Alvarez

អាយុ​ទើប​តែ ២៣ ឆ្នាំ ក៏​ប៉ុន្តែ​តារា​ឆ្នើម​វ័យ​ក្មេង​អាហ្សង់ទីន រាប់​ថា​បាន​សម្រេច​គ្រប់​យ៉ាង​អស់​ហើយ​ក្នុង​អាជីព​បាល់ទាត់ នេះ​បើ​យើង​រាប់​ទាំង​ពាន​ជាមួយ​ក្លឹប និង​ជម្រើស​ជាតិ ឥត​រាប់​ចូល​ពាន​ឯកត្តជន ឬ​ពាន​បុគ្គល។

ពាន​លីគ​កំពូល ពាន​ក្នុង​ស្រុក​នៅ​អាហ្សង់ទីន មាន​ដូច Copa Libertadores, Copa Argentina, Supercopa Argentina និង Argentina Primera ជា​ដើម គឺ​សុទ្ធ​តែ​បាន​ឈ្នះ​រួចរាល់​កាល​ឈរ​ជើង​ឲ្យ River Plate លុះ​រំលង​មក​ដល់​ពេលវេលា​នៅ Manchester City ក៏​ចំ​ពេល​ក្លឹប​អង់គ្លេស​ជោគជ័យ​ធំ​ថែមទៀត នេះ​មិន​ថា Premier League, Champions League, FA Cup សុទ្ធ​តែ​មាន​ឈ្មោះ​របស់​គេ ដល់​វេរ​ទៅ​ជម្រើស​ជាតិ​អាហ្សង់ទីន មាន World Cup, Copa America និង Finalissima គឺ​អាច​គូស​គ្រីស​ជោគជ័យ Full Set។

ដើរ​ចេញ​ទៅ​ជីវិត​ក្រៅ​ទីលាន​បន្តិច Alvarez ​ក៏​មិន​បាន​នៅ​កំលោះ ​ជា​បុរស​ទំនេរ​នោះ​ដែរ នេះ​គេ​ស្ថិត​ក្នុង​ទំនាក់ទំនង​ជីវិត​គូ ៤ ឆ្នាំ​មក​ហើយ ជាមួយ​មិត្ត​ស្រី Maria Emilia Ferrero។ នាង​មាន Follower លើ Instagram ដល់​ទៅ​ជាង​កន្លះ​លាន រួច​បើ​មើល​រូប​សម្រស់​គឺ​មិន​ចាញ់​តារា​ម៉ូដែល លំដាប់​ទ្វីប​នៅ​ប៉ែក​អាមេរិក​ឡាទីន​ឡើយ។

២) Phil Foden

រាប់​ជា​អ្នក​ចាប់ផ្តើម​យូរ​ជាង​គេ​បង្អស់​ជាមួយ City ក្នុង​ចំណោម​កីឡាករ​ទាំង ៣ រួច​បើ​និយាយ​ពី​ជោគជ័យ ក៏​ទៅ​រាង​ឆ្ងាយ​បន្តិច​ដែរ ជា​ពិសេស​ពាន​ជាមួយ​ក្លឹប។ បុរស​ដែល​ទើប​ហៀរ​ចូល​អាយុ ២៣ ឆ្នាំ​ថ្មីថ្មោង តើ​អ្នក​ដឹង​ទេថា គេ​មាន​កូន​ហៅ​ប៉ា​ដល់​ទៅ ២ រូប​បាត់​ហើយជាមួយមិត្តស្រី Rebecca Cooke រួច​ក៏​បាន​នាំ​មក​អបអរ​ទាំង​កាល​ឈ្នះ​ពាន​លីគ​កំពូល​អង់គ្លេស និង​អឺរ៉ុប​នៅ​ពេល​ចុង​ក្រោយ។

រំឭក​បន្តិច Foden បាន​មក​ចូលរួម​នៅ City តាំង​អាយុ ៤ ឆ្នាំ ហើយ​ហ្វឹកហាត់​ឆ្លង​ពី​ដំណាក់​កាល​មួយ​ទៅ​ដំណាក់​កាល​មួយ រហូត​ដល់​អាយុ ១៨ ឆ្នាំ មាន​លទ្ធភាព​ចាយ​លុយ ២ លាន​ផោន​សង់​ផ្ទះ​ជូន​ម្តាយឪពុក​។ បង្វែរ​ទៅ​សមិទ្ធផល​ធំៗ​របស់​គេ​បន្តិច មាន​ដូច​ពាន UCL ១ លើក ពាន Premier League ៥ លើក ក្នុងចំណោម ១៤ ពាន​រង្វាន់​នៅ City។

១) Erling Haaland

មនុស្ស​យន្ត​សញ្ជាតិ​ន័រវេស ជា​កីឡាករ​ក្មេង​បង្អស់​ហើយ​ក្នុង​ចំណោម​អ្នក​ទាំង​បី តែ​បើ​និយាយ​អំពី​ជីវិត​ទាំង​ក្នុង​និង​ក្រៅ​ទីលាន គឺ​ប្រហាក់ប្រហែល​គ្នា។ ធំ​បំផុត​ត្រង់​ Haaland ជា​អ្នក​ចូលរួម​ចំណែក​ធំ នៅ​រដូវ​កាល​នេះ ក្រៅ​តែ​ឈ្នះ​ពាន ៣ ងាក​ទៅ​ពាន​ឯកត្តជន មាន​តាំង​ពី​ពាន​ស្បែក​ជើង​មាស​នៅ PL និង UCL ហើយ​ក៏​ជាប់​ឈ្មោះ​ជា​កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត និង​ជា​កីឡាករ​ល្អ​បំផុត ប្រចាំ Premier League ថាមិនត្រូវអាចថែម Ballon d’Or មួយទៀត។

នៅ​ថ្ងៃ​កាន់​ពាន​អឺរ៉ុប Isable Johansen ជា​មិត្ត​ស្រី បាន​រំលេច​វត្តមាន ហើយ​ក៏​ប្រទះ​ឃើញ​មាន​បង្ហាញ​ភាព​ផ្អែមល្ហែម​នឹង​គ្នា ក្នុង​នាម​ជា​ជន​រួម​ជាតិ ក៏​ជា​អ្នក​ដែល​មាន​ចិត្ត​ស្រលាញ់​បាល់ទាត់​ដូច​គ្នា។ ចុះ​សម្រាប់​អ្នក​កំពុង​ស្តាប់​ស្ថិត​នៅ​អាយុ ២២ ឬ ២៣ ឆ្នាំ តើ​អ្នក​កំពុង​ធ្វើ​អ្វី​ដែរ?

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT