ការប្រកួតដ៏ស្វិតស្វាញទើបតែបញ្ចប់នៅមុននេះបន្តិច ក្នុងកីឡដ្ឋាន Ataturk Olympic Stadium ប្រទេសទួរគី សម្រេចដោយម្ចាស់ជើងឯក Manchester City យកឈ្នះទៅលើក្លឹបមកពីអ៊ីតាលី Inter Milan ដោយលទ្ធផល ១-០។
វាជាការភ្លក់រសជាតិឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ លើកទី ២ សម្រាប់ក្លឹបសំពៅមាស មុនអាចឈោងបានជោគជ័យ ចារកំណត់ប្រវត្តិសាស្រ្តកាន់ពានអឺរ៉ុប UEFA Champions League ជាលើកដំបូង រាប់ចាប់តាំងការបង្កើតក្លឹបអង់គ្លេសនេះឡើង នៅឆ្នាំ ១៨៨០ ពោលមានអាយុកាល ១៤៣ ឆ្នាំមកហើយ។
នេះគួរតែអរគុណជាពិសេសដល់កិច្ចខិតខំប្រឹងប្រែង របស់អ្នកចាត់ការលោក Pep Guardiola ដែលបានឆ្លងកាត់ទាំងជោគជ័យ ទាំងបរាជ័យរាប់ភ្លេច ចាប់តាំងការមកដឹកនាំនៅឆ្នាំ ២០១៦។ យ៉ាងណារដូវកាលនេះ ក្រៅតែពីកម្លាំងតស៊ូជារួម ក៏រាប់ថាមានចំណែកធំ ចេញពីមនុស្សយន្តម៉ាស៊ីនថ្មី Erling Haaland ដែល City ចាយត្រូវ ថ្ពក់ចេញពីក្លឹបអាល្លឺម៉ង់ Dortmund កាលរដូវក្តៅ ឆ្នាំទៅ ហើយមើលចុះសមិទ្ធផលត្រឹមរដូវកាលដំបូង ពិតជាមិនគួរឲ្យជឿ។
ជារួម ក្លឹបម្ចាស់ដី Etihad បានកាន់ពាន ៣ នៅរដូវកាលទោល តួយ៉ាងគឺនាមម្ចាស់ជើងឯក Premier League, FA Cup និងចុងក្រោយនេះ គឺ Champions League វាជាជោគជ័យខកខានធ្វើបានតាំងឆ្នាំ ១៩៩៩ ជាលើកដំបូងធ្វើបានដោយក្លឹប Manchester United តាំងជំនាន់លោក Sir Alex Ferguson នៅដឹកនាំ។
ចុងក្រោយអំពីប្រាក់រង្វាន់ទទួលបាន ជាមួយពានទាំង ៣ សម្រាប់ City សរុបកើបលុយ ២៧៩ លានផោន ឬប្រហែល ៣៥០ លានដុល្លារឯណោះ នេះជាមួយ Premier League ទទួលបាន ១៨០ លានផោន Champions League បាន ៩៥ លានផោន និង FA Cup បានជិត ៤ លានផោនផ្សេងទៀត៕
ប្រភព៖ បរទេស