ក្លឹបអាល្លឺម៉ង់ Bayern Munich នៅរដូវកាល ២០២២/២៣ ទើបតែបញ្ចប់ ហាក់ធ្វើមិនជាបានល្អនោះទេ ពោលនាពាក់កណ្តាលរដូវកាល ផ្តើមធ្លាក់ទម្រង់ បូកផ្សំការដកគ្រូចាស់ផ្លាស់ចូលគ្រូថ្មី ក៏នាំឲ្យបែកចន្លោះ ប៊ិះតែនឹងអត់ពាន Bundesliga ក្រោយប្រជែងដល់ជុំចុងក្រោយជាមួយ Dortmund។ រីឯពាន DFB-Pokal និង UEFA Champions League ធ្លាក់ត្រឹមវគ្គ ៨ ក្រុម ហើយពានមួយជើងយកចាញ់ឈ្នះ DFL-Supercup ឆ្លាក់ឈ្មោះជើងឯក តាំងបើករដូវកាល។
ស្ថានភាពផ្ទៃក្នុងរបស់ក្លឹប Bayern នាពេលចុងក្រោយ ហាក់មានភាពស្មុគស្មាញ ជាពិសេសក្រោយការចាកចេញជាបន្តបន្ទាប់ នូវតំណាងនាយកជាន់ខ្ពស់ផ្នែកកីឡាលោក Hasan Salihamidzic និងនាយកប្រតិបត្តិឬ CEO ក្លឹបលោក Oliver Kahn។ មកទល់ពេលចុងក្រោយ ទើបតែបានរៀបចំស្រួលបួលឡើងវិញបន្តិច ហើយក៏ដល់ពេលសមល្មមនឹងគ្រូថ្មី Thomas Tuchel គិតគូរដល់ផែនការណ៍លើទីផ្សារដោះដូររដូវក្តៅ។
ឥតខុសពីរាល់ឆ្នាំ ដំណើរការទីផ្សារដោះដូរ Summer Transfer Windows នឹងបើកពីថ្ងៃទី ០១ កក្កដា ដល់ថ្ងៃទី ០១ កញ្ញា ដោយឡែកយើងងាកមកស្ថានការណ៍ក្លឹបស្ថិតក្នុងទីក្រុង Munich បានកំណត់គោលដៅ អ្នកត្រូវចេញ និងអ្នកត្រូវចូល ជាបណ្តើរៗហើយ។
ឈ្មោះកីឡាករចំនួន ៧ រូប បានស្ថិតក្នុងបញ្ជីអ្នកដែលត្រូវចែកផ្លូវ ក្រោមការចាត់ចែងរបស់ Tuchel ក្នុងនោះរួមមាន ខ្សែប្រយុទ្ធ Sadio Mane, Leroy Sane និង Serge Gnabry ហើយតំបន់បម្រើ Marcel Sabitzerតំបន់ការពារ Benjamin Pavard, Bouna Sarr និងអ្នកចាំទី Alexander Nubel។
ក្នុងចំណោមអ្នកទាំងអស់នោះ ភ្ញាក់ផ្អើលបំផុតគឺឈ្មោះ Mane និង Sane ដ្បិតអីពួកគេសុទ្ធសឹងជាកីឡាករសកម្មលើទីលាន ចូលរួមចំណែករកបានគ្រាប់បាល់ជាច្រើននៅរដូវកាលកន្លងទៅ។ គ្រាន់ថាតាមដឹង ច្បាស់បំផុត រវាងទំនាក់ទំនងស្លាបប្រយុទ្ធសេណេហ្គាល់ហាក់មិនជាល្អឡើយ ជាមួយគ្រូសញ្ជាតិអាល្លឺម៉ង់។ បូកចូលត្រួសៗទៅ ខ្ទង់ចំណូលទទួលបានមកវិញ បើលក់ដាច់អ្នកទាំង ៧ ក្លឹប Bayern រំពឹងកើបប្រាក់ល្បាក់ ២០០ លានអឺរ៉ូឯណោះ។
ជាលទ្ធផលប្រាក់ដែលទទួលបាន ក៏នឹងបង្វែរទៅប៉ះប៉ូវនាំចូលអ្នកថ្មី ជាផែនការណ៍គូរវាសដោយអ្នកចាត់ការវ័យ ៤៩ ឆ្នាំ។ នៅតំណែងអ្នកចាំទី មិនមានអ្វីត្រូវយកចូលបន្ថែម ក៏ដោយសារក្លឹបទើបតែថ្ពក់បានដៃស្អិត សញ្ជាតិស្វីស Yann Sommer កាលខែមករា រួចបើក្រឡេកទៅតំបន់ការពារ ក្លឹបដាក់ក្រសែភ្នែកលើរ៉ាដាចាស់ដដែល គឺកីឡាករវ័យ ២៥ ឆ្នាំ សញ្ជាតិម៉ូណាកូ Axel Disasi អាចមានតម្លៃល្បាក់ ៣៥ ទៅ ៤៥ លានអឺរ៉ូ។
ចូលដល់តំបន់បម្រើ Bayern នឹងប្រជែងជាមួយ Arsenal, Man Utd លើការចង់បាន Declan Rice ជាកីឡាករដែលក្លឹបញញួរធំ West Ham ប្រកាសរួចស្រេច ថាគេនឹងចាកចេញនាពេលខាងមុខ។ ក្រឡេកទៅចុងក្រោយ គឺតំបន់ប្រយុទ្ធ ប៉ះប៉ូវតំណែងស្លាបមុតស្រួចបំផុត Tuchel ចង់បានជើងញាក់សញ្ជាតិប្រេស៊ីល របស់ក្លឹប Barcelona គឺ Raphinha ជឿថាអ្នកមានបុណ្យអាចនឹងគិតគូរលក់ទាំងខាត ហើយប្រយុទ្ធប្រអប់សម្លឹងមើលរវាង Victor Osimhen ឬ Harry Kane ព្រោះអីតាំងពី Robert Lewandowski ចាកចេញទៅ ក្លឹបមិនទាន់រកបានអ្នកបញ្ចប់ទីច្បាស់លាស់នៅឡើយ៕
ប្រភព៖ បរទេស