ជួយ​គាំទ្រ​ម្នាក់​មួយ​យួរ​ពីរ Ronaldo ​បើក​ជំនួញ​ថ្មី លក់​ទឹក​បរិសុទ្ធ​តម្លៃ ២ ៨០០ រៀល/ដប

​ក្រោយ​ចប់​ដំណើរ​ទៅ​ចូលរួម​ការងារ​សប្បុរសធម៌​ជាមួយ​ក្មេងៗ​នៅ​ឯ​ប្រទេស​សិង្ហបុរី រំលង​ទៅ​ថ្ងៃ​បន្ទាប់ Cristiano Ronaldo ក៏​បាន​ហោះ​មក​កាន់​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ ហើយ​ការ​មក​ដល់​សារ​នេះ គឺ​មក​បើក​សម្ភោធ​ប្រកាស​ដំណើរការ​មុខ​ជំនួញ​ថ្មី លើ​អាជីវកម្ម​លក់​ទឹក​បរិសុទ្ធ​យីហោ “URSU”។

រំឭក​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​បន្តិច បងប្អូន​ចាំ​បាន​ទេ កាល​ខែ​មិថុនា ឆ្នាំ ២០២១ កំឡុង​ព្រឹត្តិការណ៍ EURO នៅ​សន្និសីទ​សារព័ត៌មាន​មួយ CR7 បាន​រុញ​ដប Coca-Cola ចេញ​ពី​លើ​តុ ហើយ​ទាញ​ដប​ទឹក​បរិសុទ្ធ​ចូល ជាមួយ​ឃ្លា​លើក​ឡើង ថា​ការ​ទទួល​ទាន​ទឹក​គឺ​ល្អ​បំផុត​ចំពោះ​សុខភាព។

ដល់​តែ​ថ្ងៃ​នេះ ពិត​ជា​ភ្ញាក់ផ្អើល គឺ​លោក​ស្រាប់​តែ​បើក​ជំនួញ​លក់​ទឹក​បរិសុទ្ធ​ដោយ​ខ្លួន​ឯង​តែ​ម្តង បញ្ជាក់​មិន​មែន​លោក​ដើរ​តួ​ជា Brand Ambassador ឬ BA ឲ្យ​ក្រុមហ៊ុន​មួយ​នោះ​ទេ ផ្ទុយទៅវិញ វា​គឺ​ជា​ជំនួញ​ផ្ទាល់​ខ្លួន ដូច​ការ​លក់​វ៉ែនតា, ខោ​ទ្រនាប់, ទឹក​អប់ និង​ស្បែក​ជើង​ជា​យីហោ​របស់ “CR7” យ៉ាង​ដូច្នោះ​ដែរ។

URSU ជា​ទឹក​រ៉ែ​ធម្មជាតិ​អាល់កាឡាំង និង​ប្រឆាំង​អុកស៊ីតកម្ម ដែល​ល្អ​ចំពោះ​សុខភាព​មនុស្ស​ទូទៅ។ ផលិតផល​នេះ លោក​ផ្តោត​លើ​ចំណុច​ធំ ២ ទី ១) គឺ​គុណភាព និង​ទី ២) គឺ​ភាព​ស៊ីវិល័យ​នៃ​ការ​រស់នៅ។ ទឹក​ពិសា​នេះ​ធានា​ជូន មិន​មាន​ការ​បន្ថែម​ចូល​នូវ​សារធាតុ​គីមី ផ្ទុយ​ទៅ​វិញ​វា​ជា​ទឹក​រ៉ែ​ដែល​ហូរ​ចុះ​ពី​លើ​ភ្នំ​សុទ្ធ​សាធ ហើយ​បាន​ស្រូប​យក​សារធាតុ​រ៉ែ​អាល់កាឡាំង​ពី​ក្នុង​ដី និង​ថ្ម ជា​ការ​ជះ​ឥទ្ធិពល​ដល់​កម្រិត pH របស់​ទឹក។

ការ​ចែកចាយ​ផ្តាច់​មុខ​លក់​ចេញ​ដំណាក់​កាល​ដំបូង គឺ​កំពុង​រាយប៉ាយ​ទៅ​ក្នុង​បណ្តា​ផ្សារ​ទំនើប​នានា​ទូទាំង​ប្រទេស​អេស្ប៉ាញ ជា​ពិសេស​គឺ​ក្នុង​ទីក្រុង Madrid ធ្លាប់​ជា​អតីត​កន្លែង​លោក​ឈរ​ជើង​កាល​ជា​កីឡាករ ចន្លោះ​ឆ្នាំ ២០០៩ ដល់ ២០១៨ ពោល​ឲ្យ​ក្លឹប​អធិរាជ​ស​នោះ​ឯង។ ទឹក​រ៉ែ​ធម្មជាតិ URSU វា​មាន​ ២ ប្រភេទ​ក្នុង​ការ​ជ្រើសរើស៖

ប្រភេទ​ចំណុះ ៥០០ ម.ល តម្លៃ ០,៦៤ អឺរ៉ូ ឬ​ប្រហែល ២ ៨០០ រៀល​លុយ​ខ្មែរ

ប្រភេទ​ចំណុះ ១,៥ ល តម្លៃ ០,៧៤ អឺរ៉ូ ឬ​ប្រហែល ៣ ៣០០ រៀល​លុយ​ខ្មែរ

CTS Sports ​បន្ត​ចែករំលែក​ជ្រុង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ផ្សេង​ទៀត ដោយ​បងប្អូន​សូម​ក្រឡេក​មើល​ឲ្យ​ចំ​ទៅ​លើ Logo នៃ​យីហោ URSU ដោយ​ពាក្យ​នេះ បើ​បក​ចេញ​ពី​ភាសា​រ៉ូម៉ានី មាន​ន័យ​ថា៖ “ខ្លា​ឃ្មុំ”។

បើ​តាម​ការ​បកស្រាយ​ពី​ប្រភព​មួយ​ចំនួន​លើ Twitter និយាយ​សម​ហេតុ​សម​ផល ដោយ​សម្គាល់​ថា ត្រង់​លេខ​ ៩ លើ​យីហោ​នោះ គឺ​តំណាង​ឲ្យ​អាវ​លេខ ៩ លោក​ធ្លាប់​ប្រើប្រាស់ ពេល​មក​ចូលរួម​លើក​ដំបូង​នៅ​ឆ្នាំ ២០០៩ ជាមួយ​ក្លឹប Real Madid មុន​ប្តូរ​មក​ប្រើ​លេខ ៧។

រី​ឯ​ចង្កូម​ទាំង ៤ ​របស់​ខ្លា​ឃ្មុំ គឺ​សំដៅ​ទៅ​ពាន​រង្វាន់ UEFA Champions League ៤ សម័យ​កាល លោក​ធ្លាប់​បាន​ឈ្នះ​នៅ Real Madrid ពោល​ក្នុង​ឆ្នាំ ២០១៣, ១៥,១៦ និង ២០១៧ មុន​ការ​ចាកចេញ។

នៅ​សន្និសីទ​សារព័ត៌មាន​សម្ភោធ​មុខ​ជំនួញ​ថ្មី​នោះ Ronaldo ក៏​បាន​ផ្សារភ្ជាប់​ខ្លួន​ទៅ​ក្នុង​ផែនការណ៍អនាគត​ផង​ដែរ ដោយ​សង្កត់​ធ្ងន់​ថា៖ “ថ្ងៃ​ទៅ​មុខ ខ្ញុំ​ចាប់​អារម្មណ៍​ចង់​ក្លាយ​ជា​ម្ចាស់​ក្លឹប​បាល់ទាត់​ណា​មួយ នេះ​ខ្ញុំ​មិនមែន​ចេះ​តែ​និយាយ​ទេ”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT