តារាឆ្នើម Al-Nassr និងព័រទុយហ្គាល់ Cristiano Ronaldo បានបង្ហើបពីអ្វីដែលគាត់គ្រោងនឹងធ្វើ បន្ទាប់ពីព្យួរស្បែកជើងពីបាល់ទាត់។Ronaldo បានបង្កើតខ្លួនគាត់ក្លាយជាកីឡាករដ៏អស្ចារ្យបំផុតម្នាក់ បន្ទាប់ពីបានលេចមុខនៅក្នុងដើមទសវត្សរ៍ឆ្នាំ២០០០។ គាត់បានឈ្នះស្ទើរតែគ្រប់ពានរង្វាន់ដែលមានសម្រាប់គាត់ជាមួយក្លឹប និងប្រទេស។ ខ្សែប្រយុទ្ធរូបនេះក៏បានឈ្នះពានរង្វាន់ជាច្រើនរួមទាំង Ballons d’Or ចំនួនប្រាំផងដែរ។
ទោះជាយ៉ាងណានៅអាយុ ៣៨ឆ្នាំ Ronaldo ជិតបញ្ចប់អាជីពដ៏អស្ចារ្យរបស់គាត់ទៅហើយ។ ថ្មីៗនេះ តារាឆ្នើមរូបនេះបានផ្លាស់ចេញពីភាពលេចធ្លោ នៃបាល់ទាត់អឺរ៉ុប ដោយចូលរួមជាមួយក្លឹប Al-Nassr របស់ Saudi Pro League កាលពីខែធ្នូឆ្នាំមុន។ ទោះបីជាវីរបុរសព័រទុយហ្គាល់នៅតែមានរាងកាយ ល្អក៏ដោយ ប៉ុន្តែមនុស្សជាច្រើនយល់ស្របថាសមត្ថភាពរបស់គាត់លែងដូចមុនទៀតហើយ។អតីតខ្សែប្រយុទ្ធរបស់ Real Madrid នឹងមានអាយុ ៤០ឆ្នាំ នៅពេលដែលកិច្ចសន្យារបស់គាត់ជាមួយ Al-Nassr ផុតកំណត់ក្នុងខែមិថុនា ឆ្នាំ២០២៥។ វាពិបាកណាស់ក្នុងការឃើញគាត់បន្តលេងប្រកបដោយវិជ្ជាជីវៈរហូតដល់អាយុ ៤០ឆ្នាំ។ នៅពេលសួរថាតើគាត់ចង់ធ្វើអ្វីបន្ទាប់ពីព្យួរស្បែកជើងរបស់គាត់ Ronaldo បានប្រាប់ Binance ថា៖
“រឿងច្រើនណាស់ ដែលខ្ញុំចង់យកចិត្តទុកដាក់ ជាការពិតណាស់ តំបន់អាជីវកម្មរបស់ខ្ញុំ ដែលមានច្រើនវិស័យ ប៉ុន្តែខ្ញុំក៏ចង់ធ្វើអ្វីមួយ ប្រហែលជាទាក់ទងនឹងបាល់ទាត់ ហើយខ្ញុំមានរឿងពីរ ឬបីទៀតដែលខ្ញុំមានក្នុងចិត្ត ប៉ុន្តែខ្ញុំមិនចង់និយាយពេលនេះទេ”៕