Eden Hazard មានជម្រើសមួយក្នុងការបន្តអាជីពបាល់ទាត់ បន្ទាប់ពីកិច្ចសន្យារបស់គាត់ត្រូវបានបញ្ចប់ដោយមានការព្រមព្រៀងគ្នារវាងក្លឹប Real Madrid ជាមួយកីឡាករ។ Hazard បានបំបែកកំណត់ត្រា Gareth Bale ដែលជាកំណត់ត្រារបស់ក្លឹបអធិរាជស នៅពេលដែលគាត់បានចុះហត្ថលេខាពី Chelsea ក្នុងតម្លៃដំបូង ៨៨.៣លានផោនក្នុងឆ្នាំ២០១៩។
ការស្នាក់នៅរបស់គាត់ក្នុងទីក្រុងម៉ាឌ្រីដមានភាពលំបាកវេទនា ដោយសារបញ្ហារបួស ក៏ដូចជាទម្រង់លេង ហើយគាត់មិនអាចបង្ហាញទម្រង់លេងដ៏ល្អរបស់គាត់ កាលនៅ Chelsea បានឡើយ។
ខ្សែប្រយុទ្ធរូបនេះបានបង្ហាញខ្លួនត្រឹមតែ ៧៦ប្រកួតឲ្យ Madrid ដោយស៊ុតបញ្ចូលទីបាន ៧គ្រាប់និងបញ្ជូនបាល់បាន ១២ដង។
ខ្សែប្រយុទ្ធរូបនេះមិនបានបញ្ចប់ការប្រកួត ៩០នាទីពេញក្នុងរដូវកាលនេះទេ ហើយបានបង្ហាញខ្លួនត្រឹមតែ ៦ដងប៉ុណ្ណោះក្នុងលីគ។
ហើយយោងទៅតាម Marca កីឡាករសញ្ជាតិបែលហ្ស៊ិកមានក្លឹបតែមួយគត់ដែលចាប់អារម្មណ៍លើគាត់ នោះគឺក្លឹប Vancouver Whitecaps ក្នុង MLS។
សារព័ត៌មានបានរាយការណ៍ថា គាត់កំពុងថ្លឹងថ្លែងអំពីការផ្លាស់ប្តូរប្រឆាំងនឹងការចូលនិវត្តន៍ពីបាល់ទាត់នៅអាយុ ៣២ឆ្នាំ៕