៦ ខែ​ដំបូង ២០២៣ តារា​ឆ្នើម ៥ រូប សម្រក់​ទឹក​ភ្នែក​រែក​ការ​ចងចាំ ប្រកាសចូល​និវត្ត​ពី​បាល់ទាត់

ឆ្លង​កាត់​ពី​មួយ​ខែ​ទៅ​មួយ​ខែ រឿងរ៉ាវ​ថ្មីៗ​ជា​ច្រើន​ក្នុង​ពិភព​បាល់ទាត់​បាន​កើត​ឡើង​បន្ត​កន្ទុយ​គ្នា ហើយ​សរុប​រយៈ​ពេល​កន្លះ​ឆ្នាំ ២០២៣ វិថី​បាល់ទាត់​ក៏​ដើរ​ដល់​ផ្លូវ​បំបែក សម្រាប់​តារា​ឆ្នើម​ចាស់​វស្សា​ជា​ច្រើន​ នៅ​ទូទាំង​លីគ​កំពូល​អឺរ៉ុប៖

៥) Gerard Pique

បន្ទាប់​មាន​រឿង​បែកបាក់ ប្រេះស្រាំ​ចំណង​ស្នេហ៍​រវាង​ដៃ​គូ​កាន់​ឆ្នាំ Shakira ក៏​កីឡាករ​អេស្ប៉ាញ​សម្រេច​ចិត្ត​ជ្រើស​យក​ផ្លូវ​បែក ដក​ខ្លួន​ចេញ​ពី​អាជីព​បាល់ទាត់​នៅ​ល្បាក់​ពេលវេលា​តែ​មួយ​នោះ​ដែរ។ ចាប់​តាំង​ខែ​មករា ឆ្នាំ ២០២៣ ក៏​លែង​មាន​វត្តមាន​អតីត​ខ្សែ​ការពារ​កណ្ដាល​ដ៏​ប៉ិនប្រសព្វ​ខាង​លើ ចូលរួម​ជួយ​អ្នក​មាន​បុណ្យ​ត​ទៅ​ទៀត ក៏​ចំ​ពេល​ដែល​ក្លឹប​បាន​ឈ្នះ​ជើង​ឯក La Liga ក្រោយ​ខកខាន ៣ រដូវ​កាល។

ទោះជាយ៉ាងណា បុរសវ័យ ៣៥ ឆ្នាំ បានបង្ហើបការត្រលប់មក Barcelona ជាថ្មី តែមិនក្នុងតំណែងជាកីឡាករ ពោលអាចជាជំនួយការ ជាអ្នកចាត់ការ ឬសមាជិកនៅតំណែងដទៃណាមួយ។

៤) Gareth Bale

ជា​ចំណែក​មួយ​ក្នុង​ Trio រជ្ជកាល​មាស BBC ឲ្យ​អធិរាជ​ស ហើយ​ក៏​បាន​ប្រកាស​ចូល​និវត្ត​ពី​អាជីព​បាល់ទាត់ នៅ​ថ្ងៃ​ទី ៩ ​មករា​កាល​ពី​ដើម​ឆ្នាំ បន្ទាប់​ចូលរួម​ជួយ​ក្លឹប​នៅ​អាមេរិក​បាន​ជាង ៦ ខែ។ ទន្ទឹម​ការ​បន្សល់​ទុក​សមិទ្ធផល កំណត់ត្រា​ជា​ហូរហែ តែ​បន្ត​ពេល​ទៅ​មុខ Bale ហាក់​មិន​សូវ​ផ្សារភ្ជាប់​ខ្លួន មក​កាន់​ពិភព​បាល់ទាត់​ឡើយ ផ្ទុយ​ទៅ​វិញ​ផ្តោត​លើ​កីឡា​ទី​ពីរ​ដែល​ខ្លួន​ស្រលាញ់ គឺ​វាយ​កូន​ហ្គោល។

៣) Mesut Ozil

ស្ថិត​នៅ​អាយុ ៣៤ ឆ្នាំ អតីត​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់ ក៏​ប្រកាស​ចូល​និវត្ត​ជាមួយ​ក្លឹប​ឈរ​ជើង​ចុង​ក្រោយ នៅ​ទឹកដី​ទួរគី Basaksehir។ គួរ​ឲ្យ​ដឹង​ដែរ​ថា Ozil ត្រូវ​បាន​អ្នក​គាំទ្រ​ទទួល​ស្គាល់ ជា​ខ្សែ​បម្រើ​និង​ស្លាប​ប្រយុទ្ធ ពោរពេញ​ដោយ​បច្ចេកទេស ភាព​ច្នៃប្រឌិត​លើ​ទីលាន ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​គ្រា​ឈរ​ជើង​ឲ្យ​ក្លឹប Real Madrid និង Arsenal។

២) Zlatan Ibrahimovic

វា​ហាក់​ជា​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​បំផុត​នៅ​រដូវ​ក្តៅ​សារ​នេះ ក៏​ដោយសារ​តែ​មុន​ប៉ុន្មាន​ខែ​សារ​ថយ​ក្រោយ យើង​ពុំ​ទទួល​បាន​ចចាមអារ៉ាម ឬ​តម្រុយ​អ្វី អំពី​ការ​ព្យួរ​ស្បែក​ជើង​របស់​អតីត​កីឡាករ​សញ្ជាតិ​ស៊ុយអែត​នោះ​ឡើយ។

លុះ​មក​ទល់​ដើម​ខែ​មិថុនា បែរ​បុរស​វ័យ ៤១ ឆ្នាំ ប្រកាស​លា​អ្នក​គាំទ្រ នៅ​កីឡដ្ឋាន San Siro ជាមួយ​ការ​ស្ពាយ​អនុស្សាវរីយ៍​ដ៏​គួរ​ឲ្យ​ចងចាំ​ជា​ច្រើន បូក​រួម​ទាំង ៥៦១ គ្រាប់ នៅ​កំឡុង​ឈរ​ជើង​រយៈ​ពេល ២៤ ឆ្នាំ​ក្នុង​អាជីព។ យ៉ាង​ណា​សោកស្តាយ​សម្រាប់ Zlatan ជ័យជម្នះ​ធំ គេ​មិន​អាច​សម្រេច​គឺ ពាន​រង្វាន់ UEFA Champions League បើ​ទោះ​បី​មាន​ឱកាស​ធ្លាប់​ឈរ​ជើង​នៅ​ក្របខ័ណ្ឌ​អឺរ៉ុប ជាមួយ​បណ្តា​ក្លឹប​ទាំង ៧ ដូច Ajax, Juventus, Inter, Barcelona, PSG, Man United និង AC Milan។

១) Joaquin

បើ​ទោះ​បី​បុរស​ម្នាក់​នេះ មិន​សូវ​មាន​អ្នក​ស្គាល់​ច្រើន តែ​ប្រធានបទ​នៃ​ការ​ព្យួរ​ស្បែក​ជើង​របស់​គេ គឺ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍ ជា​ពិសេស​សម្រាប់​អ្នក​គាំទ្រ​ក្លឹប Real Betis។

អតីត​កីឡាករ​លេង​តំណែង​ប្រយុទ្ធ វ័យ ៤១ ឆ្នាំ ​បាន​មក​ចូលរួម​ជាមួយ Betis ដល់​ទៅ ២ លើក ពោល​លើក​ដំបូង​ចន្លោះ​ឆ្នាំ ២០០០ ដល់ ២០០៦ មុន​ចុះចូល​ជា​ថ្មី​នៅ​ឆ្នាំ ២០១៥ ដល់ ២០២៣។ សរុប​ការ​ឈរ​ជើង​ក្នុង​អាជីព​ជាមួយ​ក្លឹប​នៅ​អេស្ប៉ាញ​និង​អ៊ីតាលី ចូល ៨៤៧ ប្រកួត ក៏​រក​បាន ១១២ គ្រាប់​និង Assist ១០៣ លើក។ យ៉ាង​ណា​ចូល​ទៅ​រដូវ​កាល​បន្ទាប់ យើង​លែង​បាន​លឺ​អ្នក​អធិប្បាយ​ហៅ​ឈ្មោះ Joaquin ត​ទៅ​ទៀត​ហើយ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT