ធ្មេចបើកៗ ២ ឆ្នាំបាត់! ដំណើរផ្សងព្រេងរបស់ Lionel Messi នៅទឹកដីក្នុងទីក្រុងប៉ារីស ជាមួយក្លឹប Paris Saint-Germain ក៏សន្មតថាចប់ដោយបរិបូរណ៍ ហើយនេះក៏ដល់វេលាអ្នកគាំទ្រ Barcelona ទន្ទឹងរង់ចាំអ៊ុតមើលជាថ្មី ចង់ឃើញវត្តមានតារាឆ្នើមអាហ្សង់ទីន ត្រលប់មកផ្ទះចាស់ នៅទឹកដីកាតាឡូញ៉ាជាលើកទីពីរ។
CTS Sports សូមធ្វើការសរុបព័ត៌មានទាក់ទិននឹងការសម្រេចចិត្ត កម្លាំងចលករជំរុញ របស់កីឡាករវ័យ ៣៥ ឆ្នាំ ក៏ដូចជាបញ្ហានានាដែល Barcelona ត្រូវដោះស្រាយជាមុន៖
៣) តើ Messi សម្រេចចិត្តបែបណា?
តាមការប្រមែប្រមូលព័ត៌មានពីប្រភពគួរឲ្យទុកចិត្តជាច្រើន យើងអាចទាញចម្លើយរួម៖ “គឺ Messi យល់ព្រមហើយក្នុងការវិលត្រលប់”។ នេះមានន័យថា អតីតម្ចាស់អាវលេខ ១០ នៅ Camp Nou បានបដិសេធសំណើប្រាក់វាល់លានពីបណ្តាក្លឹបដទៃ ធំបំផុតគឺសំណើរបស់ក្លឹបយក្សក្នុងប្រទេសអ្នកមានអារ៉ាប៊ីសាអូឌីត។
បើតាមការចុះផ្សាយពីសារព័ត៌មានក្រៅស្រុក កីឡាករជំនាញជើងឆ្វេង សុខចិត្តបោះចោលការផ្តល់ជូននូវទឹកប្រាក់ជិត ១,៣ ពាន់លានដុល្លារ បើយើងរាប់បញ្ចូលនូវទំហំប្រាក់ឈ្នួលនិងកិច្ចព្រមព្រៀងផ្សេងៗ ពីក្លឹប Al-Hilal ហើយដើរតាមបេះដូង ពោលដាក់ឈ្មោះ Barcelona ជាគោលដៅអាទិភាពតែមួយគត់។
ជាការពិត Barcelona ក៏មិនអាចយក Messi ក្នុងលក្ខខណ្ឌឥតតម្លៃខ្លួន ហើយមិនផ្តល់ប្រាក់ឈ្នួលសូម្បីមួយកាក់មួយសេន្តនោះដែរ ជារួមតាមច្បាប់អនុញ្ញាតរបស់ La Liga គឺព្រមបន្ទាបដល់ ១/៤ នៃប្រាក់ឈ្នួលចាស់ មុនចាកចេញផ្លាស់ទៅ PSG។ មានន័យថា ទាបបំផុតក្លឹបត្រូវចាយលុយ ២៥ លានអឺរ៉ូ/រដូវកាលសម្រាប់កីឡាករ ដ្បិតប្រាក់ឈ្នួលចាស់កាលមុនរដូវក្តៅ ២០២១ គឺ ១០០ លានអឺរ៉ូ។ យ៉ាងណាវាជាទំហំទាបជាងសំណើផ្តល់ចេញពី Al Hilal ដល់ទៅ ២៥ ដង។
២) កត្តាធំនៅពីក្រោយការសម្រេចចិត្ត
កីឡាករមកដល់វ័យប៉ុណ្ណេះហើយ ក្រៅតែពីចិត្តមួយដើរតាមក្តីស្រមៃ ចិត្តមួយទៀតក៏ត្រូវគិតគូរដល់ក្រុមគ្រួសារ ឬអនាគតទៅមុខផងដែរ។ ទោះយ៉ាងណាងាកមក Messi បែរជាត្រូវបានភរិយា អ្នកស្រី Antonella Rocuzzo គាំទ្រយ៉ាងពេញទំហឹងទៅវិញ ជាក់ស្តែងដូចថ្មីថ្មោងកន្លងទៅ បានបង្ហោះរូបភាព Messi ពាក់ឈុតអ្នកមានបុណ្យ រួចសរសេរ Caption ថា៖ “ត្រលប់មកផ្ទះរបស់យើងវិញ, Leo”។
ជាការពិត តាំងពីដើមមកពួកគេហាក់ដកចិត្តមិនរួចឡើយ នឹងជីវិតរស់នៅក្នុងតំបន់កាតាឡូញ៉ា ប្រទេសអេស្ប៉ាញ ដោយវាជាផ្ទះដ៏កក់ក្តៅ ជាកន្លែងពួកគេចាយពេលរស់នៅសឹងយូរជាងដីកំណើតអាហ្សង់ទីនទៅទៀត។
១) តើ Barcelona អាចនាំចូល Messi បានទេ?
ចំណុចនេះ គឺសំខាន់បំផុត ហើយក៏ជាអ្វីដែលអ្នកគាំទ្ររាល់គ្នាត្រូវយល់ឲ្យបានច្បាស់។ ជាឧទាហរណ៍៖ បើភាគីទាំងសងខាងព្រមព្រៀង តែមានច្បាប់ ឬលក្ខខណ្ឌផ្សេងៗត្រូវបានរាំងស្ទះ ម្ល៉េះរឿងដែលរំពឹងនឹងកើត ក៏វាមិនអាចកើតឡើងបានដែរ។
បញ្ហាគឺត្រង់ច្បាប់ហិរញ្ញវត្ថុ ឬ Finiancial Fair Play នោះដដែល បើទោះបីស្ថានភាព Barcelona ពេលចុងក្រោយ ហាក់ល្អប្រសើរច្រើនធៀបនឹងពីរឆ្នាំមុន។ តាមការបញ្ជាក់ពីប្រធានក្របខ័ណ្ឌ La Liga លោក Javier Tebas សង្កត់ធ្ងន់ថា ស្ថានភាពពេលឥឡូវនេះ គឺពិតជាស្មុគស្មាញ ហើយ Barcelona អាចមានលទ្ធភាពធ្វើទៅបាន លុះត្រាតែលក់ចេញកីឡាករមួយចំនួន ដូចគ្នាទាមទារឲ្យមានការកាត់បន្ថយទំហំចំណាយលើប្រាក់ឈ្នួល។
គួរឲ្យដឹង ក្លឹបបានព្យាយាម ហើយក៏អរគុណដល់ទឹកចិត្តកីឡាករ ដូច Jordi Alba មុនចាកចេញទៅ បានប្រកាសកាត់ប្រាក់ឈ្នួល ៦០ ភាគរយ ពោលសុំទទួលយកការទូទាត់តែ ៤០ ភាគរយប៉ុណ្ណោះពីក្លឹប។ យ៉ាងណាចំណងរវាងភាគីទាំងពីរ អាចកើតឡើងទៅរួច ឬអត់ យើងប្រហែលនឹងបានឃើញចម្លើយកាន់តែច្បាស់ទាំងអស់គ្នា ត្រឹមថ្ងៃទី ៩ ឬ ១០ មិថុនាខាងមុខ៕
ប្រភព៖ បរទេស