Messi បានលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្រុម Parisians នៅថ្ងៃសៅរ៍ ទី៣ ខែមិថុនា។ គាត់នឹងចាកចេញពីក្លឹបក្នុងនាមជាកីឡាករមិនមាន តម្លៃខ្លួនជាមួយនឹងកិច្ចសន្យាដែលនឹងផុតកំណត់នៅចុងខែនេះ។
មិត្តជាទីស្រឡាញ់របស់ Messi និងជាអតីតមិត្តរួមក្រុម Barcelona គឺ Neymar ក៏បានសរសេរសារដ៏ស្មោះស្ម័គ្រសម្រាប់គាត់ផងដែរ។គាត់បានសរសេរនៅលើបណ្តាញសង្គមថា៖
“បងប្រុស… វាមិនបានសម្រេចដូចការគិតទេ ប៉ុន្តែពួកយើងបានព្យាយាមគ្រប់យ៉ាង។ រីករាយដែលបានចែករំលែកការលេងនៅលើទីលាន ២ឆ្នាំទៀតជាមួយអ្នក។ សំណាងល្អ និងរីករាយក្នុងដំណើរជិវិតថ្មីរបស់អ្នក។ ខ្ញុំស្រលាញ់អ្នក។”
មិត្តភាពរបស់ Messi និង Neymar កាលនៅ Barcelona ពូកគេបានចាប់ដៃគូគ្នាជាលើកដំបូងក្នុងឆ្នាំ២០១៣ បន្ទាប់ពីការផ្ទេររបស់កីឡាករប្រេស៊ីលពី Santos។
រយៈពេលបួនឆ្នាំបន្ទាប់ អ្នកទាំងពីររួមជាមួយនឹង Luis Suarez បានបង្កើតភាពជាដៃគូវាយប្រហារដ៏សាហាវបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ Messi និង Neymar បានលេង ១៦១ប្រកួតជាមួយគ្នាសម្រាប់ក្រុម Barcelona ដោយរកបាន ៥៦គ្រាប់រួមគ្នា។ ពួកគេបានដឹកនាំក្លឹបអេស្ប៉ាញឱ្យឈ្នះពានជាច្រើន រួមទាំងពានបីក្នុងឆ្នាំ២០១៥។
ប៉ុន្តែនៅ PSG វេទមន្តរបស់ពួកគេមិនដំណើរការទេ ដោយ Neymar បានរងរបួសជាច្រើនដង ហើយ Messi ព្យាយាមសម្របខ្លួនក្នុងឆ្នាំដំបូងរបស់គាត់ ជាមួយក្រុមបារាំង។ ពួកគេរកបាន១១គ្រាប់ក្នុងការប្រកួត៤៥លើក៕