អតីតកីឡាករជើងចាស់ Miroslav Klose ត្រូវរង់ចាំដល់អាយុ ៣៦ ឆ្នាំ ទម្រាំបានស្គាល់ជាតិឈ្នះពាន FIFA World Cup ដូចគ្នានឹង Javier Zanetti រត់ជាមួយក្លឹប Inter Milan ដល់ល្បាក់អាយុស្រករនោះ ទើបមានឱកាសកាន់ពានអឺរ៉ុប Champions League។
ចម្លែកអីតែយុវជនជំនាន់ក្រោយ អាចថាការខិតខំមួយផ្នែក បូកផ្សំនឹងសំណាងដែលពួកគេមាន ខ្លះផុត ២៥ មិនទាន់ទេ ក្បែរអាចឆ្លាក់ឈ្មោះនៅគ្រប់ពានរង្វាន់ទាំងអស់បាត់ទៅហើយ។ នេះយើងលើកសមិទ្ធផលកីឡាករវ័យក្មេងអាហ្សង់ទីន Julian Alvarez មកចែករំលែកជូនបងប្អូនឲ្យបានដឹង ដោយស្ថិតក្នុងអាយុ ២៣ ឆ្នាំ ជាការពិត គេបានកៀកនឹងឈានដល់ការសម្រេច កាន់គ្រប់ពានរង្វាន់ទាំងអស់នោះ។
ខ្សែប្រយុទ្ធប្រអប់ខាងលើ មានអាយុប្អូន Kylian Mbappe ចំនួនមួយឆ្នាំ តែរាប់ថា ហាក់បានបក់បោកជោគជ័យនៅរលកក្រោយ មិនចាញ់តារាឆ្នើមសញ្ជាតិបារាំងឡើយ។ អ្វីដែលសំខាន់បន្តទៅពាក់កណ្តាលខែមិថុនាខាងមុខ Alvarez ក៏ទំនងអាចកាន់ពានក្នុងក្តីស្រមៃ ដែល Mbappe បានត្រឹមដេកគិត មិនអាចឈោងដល់ ទោះចាយពេលសាកល្បងអស់រាប់ឆ្នាំ។
នោះគឺ Champions League ដែលសំពៅមាស កំណត់ត្រូវកាត់សេចក្តីនាមម្ចាស់ជើងឯក ឬជើងឯករង ទល់ក្លឹបអ៊ីតាលី Inter Milan នៅវេលាទាបភ្លឺ ឈានចូលថ្ងៃទី ១១ មិថុនា។ ជាការពិត បើកីឡាករជំនាញជើងស្តាំ អាចកាន់ពាន UCL មួយបន្ថែម ក៏សម្រេចមានន័យថា ត្រឹមអាយុ ២៣ ឆ្នាំ គេអាចកាន់គ្រប់ពានរង្វាន់ទាំងអស់ក្នុងអាជីព ផ្តោតពានធំបំផុតមានដូច៖
Champions League រំពឹងធ្វើបានក្នុងឆ្នាំ ២០២៣
World Cup ធ្វើបាននៅឆ្នាំ ២០២២
Copa America ធ្វើបាននៅឆ្នាំ ២០២១
Copa Libertadores ធ្វើបាននៅឆ្នាំ ២០១៨
និងគ្រប់ពានផ្សេងៗទៀតក្នុងក្របខ័ណ្ឌដែលបានឈរជើង។
បើជាការពិត ដូចបានរៀបរាប់ នោះ Alvarez នឹងក្លាយជាកីឡាករអាហ្សង់ទីនដំបូងបង្អស់ហើយ ក៏ជាកីឡាករទី ៤ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ អាចឈ្នះពានរង្វាន់ទាំងអស់នោះ ដ្បិតកន្លងមក ធ្លាប់ធ្វើបានដោយ Dida, Cafu និង Ronaldinho សុទ្ធសឹងជាអតីតជើងចាស់ប្រេស៊ីល។
កំណត់ត្រាមួយផ្សេងទៀត កំពុងរង់ចាំយុវជនកើតក្នុងឆ្នាំ ២០០០ នោះគឺគេអាចមានឱកាសក្លាយជាកីឡាករដំបូងក្នុងពិភពបាល់ទាត់ សម្រេចឈ្នះពាន World Cup និងពាន ៣ ជាមួយក្លឹបនៅរដូវកាលទោល ក្នុងករណីដែលឈ្នះ UCL បន្ថែមនៅថ្ងៃខាងមុខ បន្ទាប់ការលើកពាន FA Cup ទល់ United កាលពីយប់ថ្ងៃសៅរ៍។
គួរឲ្យដឹងដែរថា តម្រុយវិជ្ជមានគិតតាមភាពចៃដន្យ ជាមួយកូនពីងពាងតូច Alvarez នោះគឺត្រង់ ឲ្យតែគ្រប់ពានរង្វាន់ខ្នាតធំ ដែលគេបង្ហាញខ្លួនលើកដំបូង សុទ្ធសឹងតែបានឈ្នះ តួយ៉ាងដូចពាន Libertadores នៅឆ្នាំ ២០១៨ និង Recopa Sudamericana នៅឆ្នាំ ២០១៩ ជាមួយក្លឹបចាស់ River Plate ហើយនៅជម្រើសជាតិអាហ្សង់ទីន Copa America 2021 និង World Cup 2022 ក៏គេបានឈ្នះ នេះមកដល់ Champions League រដូវកាល ២០២២/២៣ ក៏ជាពេលវេលាលើកដំបូង អ៊ីចឹងលទ្ធផលទំនងអាចកើតឡើងដូចការគ្រោងទុកក៏ទៅរួច៕
ប្រភព៖ បរទេស