បន្ទាប់សម្រេចលទ្ធផលយកឈ្នះទៅមក នៅលីគទាំងពីរជើង ពោល ៦-៣ និង ១-២ រវាងក្លឹបត្រកូល Manchester ទាំងពីរ ក្នុងក្របខ័ណ្ឌ Premier League ឥឡូវឈានមកដល់កៀកបញ្ចប់រដូវកាល គឺសេសសល់ជំនួបសំខាន់មួយផ្សេងទៀត តែសារនេះ មួយជើងយកឈ្នះចាញ់ ឆ្លាក់ឈ្មោះក្លឹបឈ្នះជើងឯកនៅពានរង្វាន់ FA Cup។
ការប្រកួតនឹងធ្វើឡើងនៅទឹកដីកណ្តាល នៃកីឡដ្ឋាន Wembley ក៏នឹងមានផ្សាយបន្តផ្ទាល់លើទំព័រ CTS SPORTS នាវេលាម៉ោង ០៩:០០ នាទីយប់ថ្ងៃសៅរ៍នេះ ម្ល៉េះបើដឹងលឺហើយ ក៏ចុច Follow ឬ Save ផេកនេះទុក ដើម្បីទទួលបានលីងទស្សនាការប្រកួតដ៏ឆាប់រហ័សបំផុត។
យ៉ាងណាមុនសង្រ្គាមក្រហមខៀវចូលមកដល់ ក៏យើងសូមច្បិចនូវសម្រង់សម្តីគួរឲ្យចាប់អារម្មណ៍របស់កំពូលខ្សែការពារឆ្នើម Raphael Varane ដែលបានលើកឡើង ហាក់ធ្វើឲ្យអ្នកគាំទ្របិសាចក្រហម មានការជឿជាក់ជាខ្លាំង អំពីលទ្ធផលរំពឹងយកឈ្នះនៅរាត្រីនេះ។
អតីតសមាជិក Real Madrid ដែលកំពុងសកម្ម ក៏ត្រៀមនឹងបង្ហាញខ្លួននៅឈុត ១១ នាក់ដំបូងឲ្យក្លឹបដឹកនាំដោយលោក Erik ten Hag បានសង្កត់ធ្ងន់ថា គេអត់ខ្លាច មនុស្សយន្ត Erling Haaland ទេ ផ្ទុយទៅវិញ មានតែដឹងច្បាស់អំពីផែនការណ៍ដើម្បីបញ្ចប់ ក៏ជាយុទ្ធសាស្រ្តផ្តល់មេរៀនបរាជ័យឲ្យក្លឹបលោក Pep Guardiola ដូចប្រកួតជើងមុន នៅដី Old Trafford ទៀតផង។
ខ្សែការពារសញ្ជាតិបារាំង និយាយអំពីខ្សែប្រយុទ្ធន័រវេសយ៉ាងដូច្នោះ៖ “ខ្លាច Haaland ហេតុអ្វីខ្ញុំត្រូវខ្លាច ទេអត់មានផ្លូវទេ ខ្ញុំចូលចិត្តការប្រកួតប្រជែងរបៀបហ្នឹង ចូលចិត្តការលេងទល់អ្នកខ្លាំង ឬទល់អ្វីដែលយើងគិតថាវាមិនអាចទៅរួច ទាំងអស់គឺជាការជំរុញទឹកចិត្តខ្ញុំបន្ថែមទៅវិញ”
“ខ្ញុំដឹងថា Haaland ជាកីឡាករដ៏ល្អម្នាក់ តែបើនិយាយការលេងទល់ City គឺពួកគេគ្រោះថ្នាក់គ្រប់តែកន្លែងហ្នឹង មិនថាបាល់ Set-plays បាល់គ្រប់គ្រង Possession ឬការបត់បែនផ្សេងៗ តែយ៉ាងណាយើងដឹងអំពីវិធីបញ្ឈប់ពួកគេ ក្នុងការលេងជាក្រុម”។
សង្កត់ធ្ងន់អំពីរបៀបផ្តល់ថ្នាំខ្លាំងដល់ City ដើម្បីឆ្ពោះទៅការលើកពាន FA Cup ក្រោយ United ខកខានឈ្នះ តាំងឆ្នាំ ២០១៦៖ “យើងត្រូវតែលេងឲ្យបានល្អ ដូចប្រកួតយកឈ្នះ ២-១ សំខាន់បំផុត ឲ្យតែឱកាសយើងមាន យើងត្រូវតែប្រាកដថានឹងបម្លែងវាឲ្យកើតជាគ្រាប់បាល់”។
លោកបន្ត៖ “ក្នុងនាមជាខ្សែការពារ អ្វីដែលត្រូវធ្វើ គឺផ្តាច់ចង្វាក់តភ្ជាប់ នោះគឺ Kevin de Bruyne ទើបជាអ្វីដែលយើងត្រូវផ្តោតបំផុត ត្រង់របៀបដែលគេបញ្ជូនបាល់ មើលទៅពិតជាគួរឲ្យស្មុគស្មាញ បែបនេះបើយើងអាចផ្តាច់ចង្វាក់បញ្ជូនអស់នោះ ហើយរក្សាលំនឹងពេញ ៩០ នាទី យើងប្រាកដនឹងអាចយកឈ្នះជាក់ជាមិនខាន”។
រំឭកដែរថា សម្រាប់ក្លឹបសំពៅមាស City ពួកគេកំពុងស្ថិតក្នុងដំណើរគាស់កំណត់ត្រា United ខកខានកើតមានតាំងឆ្នាំ ១៩៩៩ គ្រា Sir Alex Ferguson នៅដឹកនាំ នោះគឺជាក្លឹបអង់គ្លេសអាចឈ្នះពានរង្វាន់ ៣ នៅរដូវកាលទោល។
ចំពោះ City បានលើក Premier League មួយរួចរាល់ យប់នេះគឺជាឱកាសពានទីពីរ FA Cup មុនបន្តទៅការកាត់សេចក្តីទល់ Inter Milan នៅ Champions League ជាពានទី ៣។ ចុះការយល់ឃើញរបស់គ្នាយើង តើគិតថា United យប់នេះ នឹងអាចផ្តាច់ចង្វាក់ឆ្ពោះទៅការលើកពាន ៣ របស់ City បានដែរឬយ៉ាងណា?
ប្រភព៖ បរទេស